ខេត្តបាត់ដំបង ៖ ការធ្វើដំណើរកម្សាន្ត ដោយខ្វះការប្រុងប្រយ័ត្ន ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍រហូតមានស្លា.ប់មានរបួសយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃកន្លេងទៅនេះ ។ នេះជាការកត់សម្គាល់ និងយោងតាមរបាយការណ៍បឋមពីសមត្ថកិច្ច ។

ជាក់ស្ដែង នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៥ មេសា នៅលើកំណាត់ផ្លូវហាយវេ ត្រង់ចំណុចភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្ត និងអ្នកជិះម៉ូតូ បានបណ្ដាលឲ្យមនុស្សម្នាក់បានស្លា.ប់ និង០២នាក់ទៀតរងរបួសធ្ងន់ ដែលកើតឡើងដោយការបើកបរខ្វះការប្រុងប្រយ័ត្ន និង ប្រើប្រាស់ល្បឿនលឿនហូសហេតុ ។
របាយការណ៍មន្ត្រីចរាចរណ៍បានឲ្យដឹងថា អ្នកគ្រោះថ្នាក់មានស្លា.ប់ និងរបួសធ្ងន់នៅក្នុងករណីនេះ គឺភាគីជិះម៉ូតូមាន ១ឈ្មោះ សាន់ ពះ ស្រីង អាយុ៣២ឆ្នាំ (ប្រពន្ធស្លា.ប់) ២ឈ្មោះ អែល ភាស ប្រុស អាយុ៣៤ឆ្នាំ (ប្ដីរបួសធ្ងន់) ៣ឈ្មោះ ភាស យូសូវ ប្រុស អាយុ០៥ឆ្នាំ (កូន របួសធ្ងន់) រស់នៅភូមិស្រម៉ាមាស ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ។
គ្រួសារជនរងគ្រោះជិះម៉ូតូឌុបគ្នាពីទិសខាងកើតឆ្ពោះទៅលិច ។ ដោយឡែក រថយន្តដែលបុកអ្នកជិះម៉ូតូ០៣នាក់ឪពុកម្ដាយ និងកូនប្រុស ម៉ាក ហ្វ័ត ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2E-0606 បើកបរដោយឈ្មោះ វង្ស ភក្របូរី ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិប៉ោងសំរោង ឃុំតាពូង ស្រុកថ្មគោល ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ។
របាយការណ៍សមត្ថកិច្ច បានបញ្ជាក់ថា ពេលធ្វើដំណើរដល់ចំណុចគ្រោះថ្នាក់ ភាគីម៉ូតូដែលធ្វើដំណើរមកពីទិសខាងកើតបាន «បត់ឆ្វេង» ដោយពុំបានពិនិត្យមើលមុខក្រោយ ឆ្វេងស្ដាំ ក៏ត្រូវភាគីរថយន្តដែលធ្វើដំណើរគោលដៅផ្ទុយគ្នាបើកបរក្នុងល្បឿនលឿនគួរសមផងបុកពេញទំហឹងប៉ើងធ្លាក់ផ្លូវ បណ្ដាលឲ្យភាគីម៉ូតូស្លា.ប់ម្នាក់ របួសធ្ងន់០២នាក់យ៉ាងរន្ធត់ ។
យ៉ាងណាក្ដី មន្ត្រីចរាចរណ៍នៃស្នងការខេត្ត បានចុះវាស់វែងចំណុចកើតហេតុ និងបាននាំយកមធ្យោបាយនៃភាគីទាំង០២ មកការិយាល័យជំនាញ ដើម្បីដោះស្រាយតាមនីតិវិធីហើយ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្តក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងពេលនេះមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចៀសវាងករណីគ្រោះថ្នាក់ចរាចរណ៏ដែលអាចកើតឡើងដោយយថាហេតុ៕
ចែករំលែកព័តមាននេះ