ខេត្តកំពង់ចាម ៖ អាចចាត់ទុកជាប្រវត្តិសាស្ត្រមួយពុំដែលមាន ទាល់តែសោះ កាលពីអតីតកាល ក្រោមការដឹកនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានបង្កើតព្រឹត្តិការណ៍ដ៏សប្បាយរីករាយគួរឱ្យចាប់អារម្មណ៍បំផុត ។

នោះ គឺលៀសហាល ទម្ងន់បីតោន ប្រវែង១០០០ម៉ែត្រ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី១៥ មេសា ឆ្នាំ២០២៥ ដោយធ្វើឡើងនៅដងផ្លូវមុខសាលាខេត្ត រហូតដល់ទីលានវេទិកាប្រណាំងទូក.ងមាត់ទន្លេទ្រុងកំពង់ចាម គេសង្កេតឃើញមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ដោយភ្លក្សលៀសហាលកំពង់ចាមថែមទាំងសសើរថា មានរសជាតិឆ្ងាញ់ និងចង់ឱ្យមានសកម្មភាពបែបនេះតទៅទៀត ។

អ្នកស្រី ពេជ្រ យឿ អាយុ៧៣ឆ្នាំ មកពីភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើមានប្រសាសន៍ឲ្យដឹងថា កូនៗបើកមើលទូរស័ព្ទដៃឃើញគេបង្ហោះពីព្រឹត្តិការណ៍លៀសហាល ទម្ងន់បីតោន ដោយធ្វើឡើងនៅមុខសាលាខេត្តកំពង់ចាម ចំថ្ងៃឱកាសបុណ្យចូលឆ្នាំខ្មែរទី២ ដោយទទួលបាននូវដំណឹងនេះ គាត់មានភាពសប្បាយរីករាយ នៅក្នុងចិត្តជាខ្លាំង លុះមកដល់ព្រឹកថ្ងៃទី១៥ មេសា កូនប្រុសបានបើករថយន្តដឹកសមាជិកក្រុមគ្រួសារដែលមានគ្នាជាង១០នាក់ ដើម្បីមកភ្លក្សរសជាតិលៀសហាល ក្រុងកំពង់ចាម ។

អ្នកស្រី បានរៀបរាប់បន្តឲ្យដឹងទៀតថា នៅវេលាម៉ោងជាង១១ព្រឹក គាត់បានដើរតម្រង់ទៅកាន់តុ ដែលគេតម្រាបគ្នាជាជួរ នៅចំណុចក្បែរផ្សាររាត្រី ក្រុងកំពង់ចាម ជាមួយនឹងកូនៗដោយបានប្រមូលលៀសដាក់ក្នុងថង់ក្រដាសអនាម័យបានប្រហែល៥ទៅ៦កំប៉ុង រួចក៏បាននាំគ្នាដើរមកអង្គុយនៅក្រោមម្លប់ឈើត្រជាក់ជាប់របងធនាគារជាតិខេត្តកំពង់ចាម ។ ហើយគាត់បានពិសាលៀសហាលដែលមិនមានរសជាតិហិរ ឃើញថា ពិតជាឆ្ងាញ់មែន ដោយពិសាជាមួយនឹងបាយអស់មួយប្រអប់ឆ្អែតល្មម អង្គុយជាមួយនឹងកូនព្រមទាំងចៅៗដោយបាយជុំគ្នាក្នុងទឹកមុខស្រស់ញញឹម អ្នកស្រីលើកឡើងថា ចំពោះព្រឹត្តិការណ៍លៀសហាលបីតោននេះ គឺមិនដែលឮ និងជួបប្រទះតាំងពីក្មេងរហូតមកដល់អាយុ៧៣ឆ្នាំទើបតែជួបម្ដង ក្រោមអាណត្តិដឹកនាំរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានបង្កើតឲ្យមានសកម្មភាពសប្បាយរីករាយ ដើម្បីទាក់ទាញបងប្អូនប្រជាពលរដ្ឋឲ្យមកលេងក្រុងកំពង់ចាម កាន់តែច្រើនឡើង ។

ក្រោយពិសាលៀសហាលរួច អង្គុយស្រកពោះពួកគាត់នឹងនាំគ្នាដើរលេងតាមផ្លូវមុខសាលាខេត្តកំពង់ចាម ដោយមានគេបាញ់ទឹកមកលើហ្វូងមនុស្ស គឺមានភាពត្រជាក់ត្រជុំ ។ ហើយពេលល្ងាចពួកគាត់នឹងនាំគ្នាត្រឡប់ទៅផ្ទះវិញ ។ មានប្រសាសន៍បណ្ដើរក្នុងទឹកមុខស្រស់ញញឹមអ្នកស្រីបានលើកឡើងទៀតថា ព្រឹត្តិការណ៍នេះហើយនេះ គឺពិតជាមានការចាប់អារម្មណ៍ខ្លាំងជាមួយនោះស្នើសូមឲ្យឯកឧត្តមអភិបាលខេត្តបង្កើតឲ្យមាននៅឆ្នាំ២០២៦ខាងមុខទៀត ។
គាត់ថា អ្នកលក់លៀសហាលដឹកតាម៉ូតូទីក្រុងកំពង់ចាមយកទៅលក់ដល់ភូមិសាមគ្គីរបស់គាត់រស់នៅសព្វថ្ងៃមួយកំប៉ុងតម្លៃ៣០០០ រៀល លុះពេលទទួលដំណឹងថា ពិសាលៀសហាលបីតោនដោយឥតគិតថ្លៃរឿងអីមិនចាប់អារម្មណ៍ត្រូវតែនាំកូនៗមកហូបម្ដងទើបដឹងថា លៀសហាលកំពង់ចាម ពិតជាមានរសជាតិឆ្ងាញ់មែន ។

លោកស្រី សុភ័ក្រ អ្នកនាំពាក្យសាលាខេត្តកំពង់ចាម មានប្រសាសន៍ឲ្យដឹងដែរថា ក្រោមការរៀបចំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរៀបចំព្រឹត្តិការណ៍លៀសហាលទម្ងន់បីតោន ប្រវែង១០០០ម៉ែត្រ ដែលគ្រោងធ្វើឡើងនៅម៉ោង១២ថ្ងៃត្រង់ ទី១៥ មេសា ឆ្នាំ២០២៥ គឺអាចឱ្យប្រជាពលរដ្ឋពិសាដោយឥតគិតថ្លៃ ។
តែអ្វីដែលចាប់អារម្មណ៍នោះ គឺបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីក្នុងនោះមាននៅខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ស្ពឺ រាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងទៀត ។ អ្នកខ្លះមកដល់ហើយខំដាក់បាយមកជាមួយដើម្បីហូបជាមួយលៀសហាលតែពួកគាត់មកដល់អស់បាត់ទៅហើយនេះដោយសារពួកគាត់មកច្រើនកុះករហួសពីការរំពឹងទុកព្រោះថាប្រជាពលរដ្ឋបាននាំគ្នាភ្លក្សលៀសមុនម៉ោង១២ថ្ងៃត្រង់ ម្នាក់បន្តិចៗ គឺអស់រលីងតែម្ដង ៕



ចែករំលែកព័តមាននេះ