ខេត្តសៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តពុំមែនត្រឹមតែជាឱកាសនៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេថែមទាំងបានក្លាយជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង់រួមមាន ៖ ទេសចរណ៍វប្បធម៌ប្រពៃណី, ទេសចរណ៍ព្រឹត្តិការណ៍សង្គម, ទេសចរណ៍ធម្មជាតិ និងទេសចរណ៍បុរាណស្ថាន ។

ទន្ទឹមនឹងការរៀបចំសង្ក្រាន្តនៅលើទឹកដីអង្គរដ៏បវរនៃយើង, សង្ក្រាន្តនៅគ្រប់រាជធានី-ខេត្ត ក្រុង ស្រុក និងតាមវិទ្យាល័យនានាទូទាំងប្រទេសបាន និងកំពុងរៀបចំដូចគ្នា ។ នេះក៏ជាពេលវេលាដែលយើងបានបង្ហាញនូវវប្បធម៌ ប្រពៃណីរបស់យើងសម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្ស សម្រាប់ផ្នែកសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង ។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី បានរំលេចអំពីគោលបំណងធំ៣ របស់អង្គរសង្ក្រាន្ត គឺបំផុសស្មារតីស្នេហាជាតិ, លើកស្ទួយវិស័យទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ច ។ ការបំផុសស្មារតីស្នេហាជាតិ គឺប្រមូលផ្ដុំសាមគ្គីជាតិពីគ្រប់សមាសភាពក្នុងសង្គម ដើម្បីរៀបចំព្រឹត្តិការណ៍នេះដែលធ្វើឱ្យខេត្តសៀមរាបក្លាយជាទីតាំងទាក់ទាញភ្លៀវទេសចរ និងលើកតម្កើងតម្លៃវប្បធម៌របស់ជាតិយើង និងជាព្រឹត្តិការណ៍ដែលមានការចូលរួមពីប្រជាលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនាឡើយ ។

ការលើកស្ទួយវិស័យទេសចរណ៍ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាប និយាយដោយឡែក និងបានស្គាល់ និងមកកម្សាន្តនៅប្រទេសកម្ពុជានិយាយជារួម ។ ការលើកស្ទួយសេដ្ឋកិច្ចសំដៅដល់ការលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ដូចជា ការរៀបចំសង្ក្រាន្តនៅតាមតំបន់ផ្សេងៗទៀតដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋានចូលរួមលក់ដូរ ដោយផ្ទាល់នៅក្នុងទីតាំងសមរម្យនៅក្នុងព្រឹត្តិការណ៍តែម្ដង ។

បន្ថែមពីនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្ហាញនូវព្រឹត្តិការណ៍ជាច្រើននៅក្នុងខេត្តសៀមរាប បានរៀបចំក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលប្រៀបបានជាជំនួបត្រីកោណរវាងមនុស្ស, វប្បធម៌រូបី និងអរូបី ដោយមនុស្សបាននាំមកនូវសិល្បៈ និងទំនៀមទម្លាប់គ្រប់ទម្រង់ដែលជាសិល្បៈ វប្បធម៌អរូបី មកកាន់ទីតាំងតំបន់ប្រវត្តិសាស្ត្រនៃវប្បធម៌រូបី ។ ការណ៍នេះបានបង្ហាញពីគំនិតច្នៃប្រឌិត និងតម្រូវការរបស់យុវជនជំនាន់នេះ ដើម្បីបន្តកសាង សម្រាប់បន្សល់ទុកដល់មនុស្សជំនាន់ក្រោយៗទៀត ។
ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ យើងអាចមើលឃើញច្បាស់ថា យុវជនពិតជាទទួលបាននូវផលប្រយោជន៍យ៉ាងធំធេង ពីសុខសន្តិភាព និងការអភិវឌ្ឍជាតិ ។ ដូច្នេះសូមការគាំទ្ររាល់សកម្មភាពទាំងឡាយរបស់យុវជនក្នុងការចូលរួមទ្រទ្រង់នូវគ្រប់ទម្រង់នៃវប្បធម៌ប្រពៃណីជាតិយើងនោះឡើយ ។

មុននឹងបញ្ចប់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា មានកត្តា៣ ដែលធ្វើឱ្យប្រជាជនសប្បាយរីករាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៖ ទី១. កត្តាសុខសន្តិភាព និងសុវត្ថិភាព ដែលប្រជាពលរដ្ឋមានលទ្ធភាពធ្វើដំណើរ ដោយគ្មានការភ័យខ្លាច ទី២. ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើងកាន់តែប្រសើរ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង ហើយប្រើពេលតិច ទី៣. មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ៕









ចែករំលែកព័តមាននេះ