ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ​កីឡាការិនី ក្បាច់គុន​ល្បុក្កតោ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត

2 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នៅ រសៀល​ថ្ងៃ​ទី ១៣ ខែ មេ​សា ឆ្នាំ​២០២៥ មុន​បុណ្យចូលឆ្នាំ​ថ្មី​មក ដល់​នា​ថ្ងៃ​ទី​១៤…

ខេត្ត​សៀម​រា​ប ៖ នៅ រសៀល​ថ្ងៃ​ទី ១៣ ខែ មេ​សា ឆ្នាំ​២០២៥ មុន​បុណ្យចូលឆ្នាំ​ថ្មី​មក ដល់​នា​ថ្ងៃ​ទី​១៤ មេ​សា ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួងមហាផ្ទៃ និង លោក​ជំទាវ បាន​ជួប​ធ្វើការ​សំណេះ សំ​ណា​ល​ជាមួយ​ក្រុម​កីឡាករ​កីឡាការិនី ក្បាច់គុន​ល្បុ​ក្ក តោ​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ ២០២៥ ចូល​មក​ដល់ នៅ​មុខ​ប្រាសាទ អង្គរវត្ត ។

ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក គ្រូ​ព្រឹទ្ធាចារ្យ ដែល​បាន​ធ្វើការ​ស្រាវជ្រាវ សង្គ្រោះ​នូវ​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ ដែល​សឹង​បាត់​សាបសូន្យ​ទៅ​ហើយ ឱ្យ​បាន​រស់​ឡើង​វិញ រហូត​ក្បាច់គុន​ល្បុក្កតោ របស់​ខ្មែរ​យើង ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ កាល ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​ទៀត​ផង ដែរ​។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​គូសបញ្ជាក់​ថា ល្បុក្កតោ​ជា​ក្បាច់គុន​បុរាណ​ខ្មែរ​ដែល​ចាក់​ឫស​ចាក់​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​ជា​ច្រើន​សតវត្សរ៍​មក​ហើយ និង បន្ត​រស់រាន​ក្នុង​សង្គម​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ម្យ៉ាងទៀត​ក៏​មាន​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​សម័យ​អង្គរ​ជា​ភស្តុ​តាង​បង្ហាញ​ច្បាស់ អំពី​ការ​ហាត់​សម​ក្បាច់គុន​នេះ​ដែរ ។​ 

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​លើក​ឡើង​ទៀត​ថា ក្បាច់គុន​ល្បុក្កតោ ជា​កីឡា​បែប​ប្រពៃណី ការ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​របស់​យូ​ណេ​ស្កូ​នេះ នឹង​ជួយ​លើក តម្កើង​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​សម្រាប់​ការ​សន្ទនា​អន្តរ​វប្បធម៌ សណ្តាប់ធ្នាប់​និង​ការ​អធ្យាស្រ័យ​ក្នុង​សង្គម ដែល​នេះ​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។ ក្បាច់គុន​ខ្មែរ​មានកំណើត​តាំងពី​ពេល​ណា​មក ប៉ុន្តែ​តាម​រយៈ​ចម្លាក់​ឯ​ប្រាង្គ​ប្រាសាទបុរាណ​នានា ទូ​ទាំង​ព្រះរាជា​ណា ចក្រ​កម្ពុជា បាន​បង្ហាញ​ឱ្យ​ដឹង​ថា ក្បាច់ គុន​ខ្មែរ​នេះ​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ នៅ​សម័យ​បុរាណ រាប់​តាំងពី ព្រះមហាក្សត្រ កងទ័ព​រហូត​ដល់​រាស្ត្រ​សាមញ្ញ តែងតែ​សង្វាត​យកចិត្តទុកដាក់ ហាត់​ក្បាច់គុន ដើម្បី​ការពារ​ខ្លួន និង​ការពារ​ប្រទេស​ជាតិ​ពេល​មាន​សត្រូវ​មក​ឈ្លានពាន ។ ដោយសារ​មូលហេតុ​ទាំង នេះ​ហើយ​ទើប មរតក​ ​អរូបី​មួយ​នេះ បាន​វិវត្តន៍​ខ្លួន​អស់​រយៈកាល​រាប់​ពាន់​ឆ្នាំ និង ត្រូវ​បាន​ផ្ទេរ​បន្ត​ពី​១​ជំនាន់​ទៅ​មួយ​ជំនាន់ រហូត​ដល់​សម័យ​បច្ចុប្បន្នកាល​នេះ ។

គុន​ល្បុក្កតោ ដែល​មាន​អាយុកាល​តាំងពី​សតវត្ស​ទី​១ នៃ​គ្រឹ​ស្ត​សករាជ​មក ជា​សិល្បៈ​ក្បាច់គុន​ដែល​ជួយ​ពង្រឹងស្មារតី កម្លាំងកាយ និង វិន័យ របស់​អ្នក​ហាត់ តាម​រយៈ​បច្ចេកទេស​នៃ​ការ​ការពារ​ខ្លួន និង​ទស្សនវិជ្ជា​អហិង្សា​។​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​កីឡា ករ កីឡាការិនី គុន​ល្បុក្កតោ ទាំងអស់ បន្ត​ហ្វឹកហាត់ និង ធ្វើការ បង្ហាត់បង្រៀន​ដល់​ប្អូន​ៗ ជំនាន់​ក្រោយ ដើម្បី​លើកតម្កើង​បេតិកភណ្ឌ​វប្បធម៌ ថែរក្សា​ឱ្យ​បាន​គង់វង្ស និង សូម​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ថែរក្សា​ឱ្យ​ជួប​តែ​សេចក្តីសុខ ក្នុង​ការ​បំពេញការងារ​នៅ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ និង សូម​ឱ្យ​ប្អូន​ៗ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន បង​តូច​បងធំ និង ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ