រីករាយឆ្នាំថ្មីគឺជាក្តីរំពឹងរបស់ប្រជាជនកម្ពុជាគ្រប់រូប ខណ:ដែលកម្ពុជានឹងធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា។ ប៉ុន្តែ តើយើងបានធ្វើអំពើបុណ្យអ្វីខ្លះ ហើយតើយើងបានធ្វើអំពើបាបអ្វីខ្លះកាលពីមួយឆ្នាំកន្លង? វាជា សំនួរ…
រីករាយឆ្នាំថ្មីគឺជាក្តីរំពឹងរបស់ប្រជាជនកម្ពុជាគ្រប់រូប ខណ:ដែលកម្ពុជានឹងធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា។
ប៉ុន្តែ តើយើងបានធ្វើអំពើបុណ្យអ្វីខ្លះ ហើយតើយើងបានធ្វើអំពើបាបអ្វីខ្លះកាលពីមួយឆ្នាំកន្លង? វាជា សំនួរ ដែលនឹង អាចធ្វើអោយយើងឆ្លុះបញ្ចាំងខ្លួនឯងដើម្បីអោយឃើញរូបភាពដ៏ពិតប្រាកដបំផុត របស់យើងម្នាក់ៗ និងដើម្បីដឹងថាតើយើងមានចំណុចខ្វះខាតអ្វីខ្លះដែលត្រូវកែលម្អនៅក្នុងឆ្នាំថ្មី។
យើងបាននាំគ្នាឈានចូលឆ្នាំថ្មីជាមួយការរំពឹងទុកអ្វីៗថ្មីនិងល្អប្រសើរសម្រាប់យើង ប៉ុន្តែភាពល្អប្រសើរទាំង ឡាយគឺជាលទ្ឋផលនៃទង្វើរបស់យើងម្នាក់ៗ ដែលគប្បីត្រូវតែធ្វើអ្វីៗ ដែលល្អ សម្រាប់ ខ្លួនឯង សម្រាប់មិត្តភក្តិ សម្រាប់គ្រួសារនិងសម្រាប់ប្រទេសជាតិ។
ទន្ទឹមនោះវាក៏ជាពេលវាលាដ៌ល្អមួយដើម្បីឆ្លុះបញ្ចាំងអ្វីដែលជាការខ្វះខាតឬជាកំហុសឆ្គងដែលយើងបានធ្វើដោយចេតនាឬអចេតនានាពេលមួយឆ្នាំកន្លងមកហើយយើងចៀសវាងចេញឆ្ងាយពីវាទាំងអស់នោះ។
ករយល់ដឹងច្បាស់អំពីខ្លួនឯងនឹងអាចអោយយើងកែលម្អខ្លួនឯងអោយកាន់តែប្រសើនៅឆ្នាំថ្មី។ យើងត្រូវលាងជម្រះខ្លួនយើងចេញពីភាពខ្ជិលច្រអូស ចេញពីភាពលោភលន់ ចេញពីភាពប្រមឹក ចេញពីការឈ្នានីស ចេញពីការប្រព្រឹត្តអំពើពុករលួយ ចេញពីការប្រព្រឹត្តភាពអយុត្តិធម៌ ចេញពី ការប្រព្រឹត្តិអំពើហិង្សា ចេញពីការប្រើគ្រឿងញៀន និងចេញពីអំពើអាក្រក់ឬបាបទាំងឡាយ។
យើងត្រូវនាំគ្នាចាប់យកអំពើល្អដែលជួយដល់ខ្លួនឯង ជួយដល់មិត្តភក្តិ ជួយដលកូនចៅនិងឪពុកម្តាយ ជួយដល់ក្រុមគ្រួសារទាំងអស់ និងជួយដល់សង្គមជាតិទាំងមូល។
យើងនាំគ្នាបណ្តុះបេះដូងប្រកបដោយមេត្តា បេះដូងពោរពេញដោយក្តីស្រឡាញ់ បេះដូងយុត្តិធម៌ បេះដូងសប្បុរស បេះដូងដែលពោរពេញដោយតែអំពើល្អហើយជម្រះចោលអំពើអាក្រក់និងបាបទាំងឡាយ។
ការនាំគ្នាប្រព្រឹត្តតែអំពើល្អជាអ្វីដែលយើងម្នាក់ៗអាចធ្វើបាន។ នៅពេលយើងគ្រប់គ្នាក្លាយជាមនុស្សល្អ សង្គមកម្ពុជាទាំងមូលនឹងល្អផូរផង់ជាស្វ័យប្រវត្តិ។ ដូច្នេះយើងមិនគួរចំណាយពេលអត់ប្រយោជន៍បន្ទោសសង្គមជាតិ ដោយខ្លួនយើផ្ទាល់មិនបានធ្វើខ្លួនក្លាយជាមនុស្សកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំនោះឡើយ។
សម្រាប់កោះសន្តិភាព យើងនឹងធ្វើសេចក្តីរាយការណ៍ក្នុងទិសដៅដ៏ប្រាកដប្រជាដោយធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលនឹងលើកទឹកចិត្តដល់អំពើល្អទាំងឡាយក្នុងសង្គមហើយផ្ទុយមកវិញជីកកកាយអំពើអាក្រក់ខុសច្បាប់ទាំងឡាយក្នុងសង្គមដើម្បីអោយមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គមជាតិ។
កោះសន្តិភាពនឹងរួមចំណែកតាមការទទួលខុសត្រូវរបស់ខ្លួននៅក្នុងការសាបព្រួសអំពើល្អហើយកំចាត់ចោលរាល់អំពើអសកម្មក្នុងសង្គមដើម្បីបំពេញបេសកកម្មរបស់ខ្លួនជាអ្នកបម្រើសាធារណជនជាធំ។
ឆ្នាំថ្មីនឹងក្លាយជាឆ្នាំដែលកាន់តែប្រសើរសម្រាប់ពលរដ្ធកម្ពុជាគ្រប់រូបដែលនឹងជម្រុះចោលរាល់អំពើបាបហើយធ្វើអោយចម្រើនដល់អំពើបុណ្យ។
កោះសន្តិភាពប្រសិទ្ឋិពរជ័យដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអោយមានសុខភាពល្អ សម្រស់ផូរផង់ សុខកាយ សប្បាយចិត្ត សមិទ្ឋិផលថ្មីៗ សុភមង្គល ស័ម្ពន្ឋភាពស្នេហារឹងមាំ សក្តិយសឡើងធំ និង សម្បត្តិសម្បូររុងរឿង។
អ្នកអានទាំងអស់អាចរួមជាមួយកោះសន្តិភាពនៅក្នុងការចម្រើនបុណ្យនិងជម្រុះបាបតាមរយះការចែករំលែកអត្ថបទនេះទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារនិងមនុស្សទាំងអស់៕
ចែករំលែកព័តមាននេះ