ទីក្រុងម៉ូស្គូ៖ ផែនការដែលប្រេសិតពិសេសរបស់អាមេរិកបានប្រគល់ជូនលោកពូទីននៅពេលជួបគ្នានោះហាក់ដូចជាបានផ្ដល់សញ្ញាភ្លើងខៀវឱ្យរុស្ស៊ីកាន់កាប់ដោយស្របច្បាប់នូវទឹកដីអ៊ុយក្រែនបួនទីតាំងដែលរុស្ស៊ីបានដាក់បញ្ចូលជាទឹកដីរបស់ខ្លួនរួចហើយ។ នោះគឺហ្សាប៉ូរីហ្សៀ ខឺសុន ដូញែត និងលូហាន សរុបស្មើនឹង២០% នៃប្រទេសអ៊ុយក្រែនទាំងមូល។ នេះបើយោងតាមប្រភពពីអង្គការមនុស្សធម៌បង្ហើបប្រាប់អ្នកសារព័ត៌មាន។
លោកយូរី បូយេឆ្កូ (Yuriy Boyechko) ជានាយកប្រតិបត្តិអង្គការហូប (Hope) ធ្វើការនៅអ៊ុយក្រែនប្រាប់ថាវាជារឿងដែលមិនអាចទទួលយកបានទាល់តែសោះដែលប្រេសិតពិសេសរបស់អាមេរិករូបនេះយល់ស្របទៅតាមការទាមទាររបស់រុស្ស៊ីនៅក្នុងបញ្ហាទាមទារតំបន់ទាំង៤។ រហូតមកដល់ពេលនេះ រុស្ស៊ីមិនទាន់វាយដណ្ដើមយកតំបន់ទាំងនោះបានទាំងស្រុងទេ។
រុស្ស៊ីបានដាក់បញ្ចូលតំបន់ទាំងនេះជាទឹកដីរបស់ខ្លួនតាំងពីខែកញ្ញា ឆ្នាំ២០២២។ ប្រេសិតពិសេសអាមេរិក លោកស្ទីវវីតខូស (Steve Witkoff) ធ្លាប់ត្រូវគេរិះគន់ម្ដងហើយកាលពីខែមីនានៅពេលលោកថ្លែងថាអ្នករស់នៅតំបន់ទាំង៤នោះចង់ភ្ជាប់ខ្លួនទៅខាងប្រទេសរុស្ស៊ីដោយយោងតាមការបោះឆ្នោតប្រជាមតិ។ ក្រសួងការបរទេសអាមេរិកកាលពីជំនាន់លោកបៃដិនធ្លាប់រិះគន់ថាជារឿងគួរឱ្យខ្មាសអៀនដែលរុស្ស៊ីរៀបចំការបោះឆ្នោតប្រជាមតិក្លែងក្លាយ ហើយយកទឹកដីអ៊ុយក្រែនជារបស់ខ្លួន។
ព័ត៌មានដែលថាប្រេសិតអាមេរិករូបនេះយល់ព្រមប្រគល់ទឹកដីអ៊ុយក្រែនទៅឱ្យរុស្ស៊ីនោះអាចមានន័យថាលោកត្រាំផ្ដោតសំខាន់ទៅលការបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបានឆាប់។ ដូច្នេះ ទោះបីដោយវិធីកាត់ទឹកដីអ៊ុយក្រែន និងធ្វើទៅតាមការទាមទាររបស់លោកពូទីនយ៉ាងណាក៏លោកធ្វើដែរ។ កាលពីថ្ងៃសុក្រ លោកវីតខូស និងលោកពូទីនជួបគ្នានៅទីក្រុងសេនភីតថឺបួក (St. Petersburg) ដើម្បីពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន។ កាលពីដើមខែមេសា លោកវីតខូសបានជួបប្រេសិតរបស់រុស្ស៊ី លោកគីរីល ឌីមីទ្រីវ (Kirill Dmitriev) នៅវ៉ាស៊ីនតោន និងបានផ្ញើសំណើរបស់លោកត្រាំតាមរយៈនេះជូនលោកពូទីន។
កាលនោះ លោកវីតខូសអះអាងថាបើចង់ឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានលុះត្រាតែអ៊ុយក្រែនប្រគល់ទឹកដីទាំងបួនកន្លែងនោះឱ្យរុស្ស៊ី។ នាយកប្រតិបត្តិអង្គការសប្បុរសធម៌ហូប (Hope) លោកបូយេឆ្កូ (Boyechko) ថ្លែងថា «លោកស្ទីតវីតខូសនិយាយដូច្នេះមានន័យថាលោកកំពុងប្រាប់ទៅប្រជាជននៅតំបន់ទាំងនោះថាពួកគេត្រៀមនិរទេសខ្លួនឱ្យហើយទៅ និងប្រាប់រដ្ឋាភិបាលអ៊ុយក្រែនថាគួរបើកដៃឱ្យរុស្ស៊ីគ្រប់គ្រងតំបន់ទាំងនោះដោយស្របច្បាប់តែម្ដងទៅដើម្បីឱ្យឆាប់ចប់រឿង»។
ទោះជាយ៉ាងណាក្ដី សូម្បីតែមន្ត្រីរដ្ឋាភិបាលលោកត្រាំក៏កំពុងមានទស្សនៈមិនស្របគ្នានៅឡើយទេពាក់ព័ន្ធនឹងផែនការរបស់ប្រេសិតអាមេរិករូបនេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិកមកចុះផ្សាយថាប្រេសិតរបស់លោកត្រាំម្នាក់ទៀតគឺលោកខេតខេឡក់ (Keith Kellogg) ដែលទទួលបន្ទុកខាងបញ្ហាអ៊ុយក្រែនដែរបានច្រានចោលសំណើរបស់លោកវីតខូស។ លោកខេតខេឡក់យល់ថាបើទុកជាអាមេរិកយល់ព្រមក៏អ៊ុយក្រែនមិនយល់ព្រមដែរ។
ប្រតិកម្មចំពោះសំណើរបស់លោកស្ទីវវីតខូសនេះ អ្នករៀនសូត្រចេះដឹងមួយចំនួនបញ្ចេញប្រតិកម្មតបភ្លាមៗ។ លោកស្រីអូឡេណា ហាលូសស្កា (Olena Halushka) ជាសកម្មជននយោបាយអ៊ុយក្រែនបង្ហោះសារនៅលើបណ្ដាញអ៊ិចថាសំណើរបស់លោកវីតខូសមានន័យស្មើនឹង «ផ្ដល់ពានរង្វាន់ឱ្យអ្នកឈ្លានពានខុសច្បាប់»។ អ្នកប្រើប្រាស់បណ្ដាញសង្គមរស់នៅតំបន់ខាគីវយល់ថាបើធ្វើរបៀបលោកវីតខូសមានន័យថាលោកពូទីនចង់បានអីប្រគល់ហ្នឹងឱ្យគាត់ទៅ ជាពិសេសប្រគល់ទឹកដីដែលគាត់មិនទាន់បានគ្រប់គ្រងទាំងស្រុងនៅឡើយផង។
តាមពិត គំនិតរបស់លោកវីតខូសសូម្បីតែមន្ត្រីរដ្ឋាភិបាលអាមេរិកដែលធ្វើការនៅក្នុងផ្នែកសន្តិសុខជាតិក៏ភ្ញាក់ផ្អើលមិនតិចដែរ។ នាយកអង្គការហូប លោកយូរី បូយេឆ្កូ (Yuriy Boyechko) យល់ថាលោកស្ទីតវីតខូសមិនមែនជាអ្នកមានសមត្ថភាពពេញលេញក្នុងការចរចាសន្តិភាពនេះទេព្រោះគាត់ប្រើយុទ្ធវិធីផ្គាប់ចិត្តទៅតាមការចង់បានរបស់រុស្ស៊ីគ្រប់ជំហានទាំងអស់ដើម្បីជាថ្នូរនឹងសន្តិភាព។ លោកស្រីហេឡេណា (អ្នកនយោបាយអ៊ុយក្រែន) សរសេរនៅលើបណ្ដាញអ៊ិចថាសិល្បៈនយោបាយក្នុងការចរចារបស់លោកវីតខូសគឺប្រគល់ទឹកដីឱ្យគេតែម្ដងទាំងដែលគេមិនទាន់កាន់កាប់បានទាំងស្រុងនៅឡើយផង។
ក្រោយការជួបគ្នារវាងលោកវីតខូស និងលោកពូទីននៅសេនភីតថឺបួក វិមានក្រឹមឡាំងថ្លែងថាលោកទាំង២បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការដោះស្រាយបញ្ហាអ៊ុយក្រែន។ ប៉ុន្តែវិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយលម្អិតទេ។ ចំណែកអ្នកនាំពាក្យសេតវិមានថ្លែងថាដោយសារដំណើរការចរចាហាក់ដូចជាមិនសូវរីកចម្រើនទៅមុខដូចការរំពឹងទុកធ្វើឱ្យលោកត្រាំមានកំហឹងយ៉ាងខ្លាំងទាំងចំពោះអ៊ុយក្រែន និងរុស្ស៊ី។ នេះបើយោងតាមប្រភពពីទស្សនាវដ្ដីញូស្វីក និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ