ទីក្រុងញូដេលី៖ បាតុភូតរន្ទះបាញ់បានឆក់យកជីវិតមនុស្សយ៉ាងតិច៦៩នាក់នៅប្រទេសឥណ្ឌា និងនេប៉ាល់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលប្រទេសទាំង២ចេញផ្សាយនៅថ្ងៃសៅរ៍។ ជារៀងរាល់ឆ្នាំ បាតុភូតគ្រោះទឹកជំនន់ និងរន្ទះបាញ់តែងតែសម្លាប់មនុស្សមិនតិចនាក់ទេរហូតដល់រាប់ពាន់នាក់ឯណោះជារៀងរាល់ឆ្នាំទូទាំងពិភពលោក។
ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថាការកើនឡើងកម្ដៅនៅលើភពផែនដីរបស់យើងនេះធ្វើឱ្យបាតុភូតព្យុះ ភ្លៀង ផ្គរ រន្ទះ គ្រោះទឹកជំនន់។ល។ និង។ល។ កើតឡើងកាន់តែញឹកញាប់។ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយប្រចាំស្រុកប៊ីហា (Bihar) របស់ឥណ្ឌាប្រាប់ថាត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះគឺថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ មនុស្សយ៉ាងតិច៦១នាក់ស្លាប់នឹងរន្ទះបាញ់ និងខ្យល់កន្ត្រាក់។
ដោយឡែក ប្រទេសនេប៉ាល់ក៏មានមនុស្សស្លាប់ផងដែរ គ្រាន់តែថាស្លាប់តិចជាងឥណ្ឌា។ នេប៉ាល់ស្លាប់៨នាក់ដោយសារបាតុភូតដូចគ្នាកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ក្រសួងឧតុនិយមឥណ្ឌាព្យាករថានៅថ្ងៃសៅរ៍នឹងមានភ្លៀងធ្លាក់ខ្លាំងនៅស្រុកប៊ីហា។ កាលពីឆ្នាំមុន ក្រុមអ្នកជំនាញព្រមានថាអាកាសធាតុកាន់តែប្រែប្រួលទៅរកស្ថានភាពអាក្រក់ជាលំដាប់។ ជាពិសេស រន្ទះបាញ់កាន់តែសាហាវទៅៗ។ នៅឥណ្ឌា មនុស្សស្លាប់ដោយសាររន្ទះបាញ់មួយឆ្នាំជិត១៩០០នាក់៕
ចែករំលែកព័តមាននេះ