ទីក្រុងប៉េកាំង៖ នៅល្ងាចថ្ងៃសុក្រ ប្រទេសចិនប្រកាសដំឡើងពន្ធទំនិញអាមេរិករហូតដល់១២៥%ដើម្បីឱ្យស្មើដៃគ្នាចំពោះអាមេរិកដែលដំឡើងពន្ធចិន១២៥%ដែរកាលពីម្សិលមិញ។ ចិនថែមទាំងដាក់ផ្លែ និងនិយាយវាត់កន្ទុយមួយឆ្ងាញ់មាត់ឱ្យលោកត្រាំថាសិល្បៈនយោបាយដំឡើងពន្ធរបស់គាត់ជា «ឆាកកំប្លែង»។
ឥឡូវនេះ ក្រុមអ្នកវិនិយោគខាងទិញ-លក់ភាគហ៊ុននៅផ្សារមូលប័ត្រកំពុងរង់ចាំអ៊ុតថាតើទីក្រុងប៉េកាំងនឹងចាត់ការបែបណាទៀតនៅពេលគេឮដំណឹងល្ហៀងៗថាត្រាំត្រៀមដំឡើងពន្ធទំនិញចិនរហូតដល់១៤៥%នៅពេលឆាប់ៗនេះ។ ចំណែកប្រទេសដទៃទៀតដោយសារមើលឃើញថាពួកគេមិនសូវហ៊ានធ្វើខ្លាំងដាក់អាមេរិកទេ ហើយសុខចិត្តចរចាគ្នា លោកត្រាំព្យួរទុកការដំឡើងពន្ធរយៈពេល៩០ថ្ងៃសម្រាប់ពួកគេ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រាក់យ័ន្តរបស់ចិនធ្លាក់ថ្លៃបន្តិចបន្ទាប់ពីលោកត្រាំដំឡើងពន្ធ១២៥% ប៉ុន្តែនៅថ្ងៃសុក្រប្រាក់យ័ន្តឡើងថ្លៃបន្តិចវិញ។ ក្រសួងហិរញ្ញវត្ថុចិនប្រកាសថាការដែលអាមេរិកដំឡើងពន្ធកាន់តែច្រើនឡើងៗទៅលើទំនិញចិនបែបនេះជាការរំលោភធ្ងន់ធ្ងរណាស់ទៅលើវិធានសេដ្ឋកិច្ច-ពាណិជ្ជកម្មអន្តរជាតិផង, ធ្វើផ្ទុយពីគោលការណ៍សេដ្ឋកិច្ចដោយឥតហេតុផលផង និងជាការហួងហែងបង្ខិតបង្ខំផង។
ប្រទេសចិនប្រកាសថាការដំឡើងពន្ធរបស់ខ្លួនទៅលើទំនិញអាមេរិកកាលពីថ្ងៃសុក្រដើម្បីឱ្យស្មើភាគរយគ្នា។ ខ្លួនដំឡើងពន្ធអាមេរិកលើកនេះជាទឹកផ្ដាច់ព្រ័ត្រហើយ។ មានន័យថាបើទុកជាលោកត្រាំដំឡើងពន្ធឱ្យខ្ពស់ជាងនេះទៀតក៏ចិនឈប់លេងចូលជាមួយទៀតហើយ។ ក្រសួងហិរញ្ញវត្ថុចិនថ្លែងថាបើទុកជាអាមេរិកបន្តដំឡើងពន្ធកាន់តែខ្ពស់ៗទៅដល់កម្រិតណាក៏ដោយ ក៏គ្មានតម្លៃសម្រាប់វិស័យសេដ្ឋកិច្ចតទៅទៀតដែរ។ វាគ្រាន់តែជាព្រឹត្តិការណ៍លេងសើចនៅក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចពិភពលោកតែប៉ុណ្ណោះ។
ក្រសួងហិរញ្ញវត្ថុចិនថ្លែងបន្តទៀតថាទុកឱ្យអាមេរិកបន្តលេងហ្គេមដំឡើងពន្ធនេះតែម្នាក់ឯងចុះ ចិនឈប់លេងជាមួយហើយ។ ប៉ុន្តែមិនមែនមានន័យថាចិនចុះចាញ់ទេ។ ចិនបង្ហើបឱ្យដឹងថាខ្លួននឹងចាត់វិធានការវាយបកអាមេរិកវិញតាមវិធីផ្សេង។ ចិនថាខ្លួននឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ