ខេត្តស្ទឹងត្រែង ៖ បុរសចំណាស់២នាក់បានត្រូវនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជា មួយស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនខណៈជនទាំង២នាក់ដឹកជញ្ជូនសារធាតុញៀនជិត៥០គីឡូក្រាម ឆ្លងដែនពីឡាវចូលមកក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានបង្ហោះនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា កាលពីថ្ងៃ២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១២និង៤៨នាទីរំលងអធ្រាត្រ កម្លាំងជំនាញ «ក៧» និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀននៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ៖ ១-ឈ្មោះ ធុជ វណ្ណៈ ភេទប្រុស អាយុ៥៥ឆ្នាំ ។ ២-ឈ្មោះ យូ គ្រី ភេទប្រុស អាយុ៥៥ឆ្នាំ ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចរឹបអូសបានសារធាតុញៀនជាប្រភេទជ័រអាភៀនទម្ងន់៤៧គីឡូក្រាម និង២៣២ក្រាម ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ