ខេត្តមណ្ឌលគិរី ៖ ភ្លៀងបានបន្តធ្លាក់បួនទៅប្រាំសប្តាហ៍ហើយក្នុងខេត្តមណ្ឌលគិរី ហើយក៏បាននាំមកនូវបញ្ហាមួយចំនួនដល់ការធ្វើដំណើរចេញចូលតាមភូមិឋានានា ដែលស្ថានភាពផ្លូវធ្វើដំណើរខ្លះរអិលខ្លាំង លិចទឹក ដុំថ្មរអិលធ្លាក់ពីចំណោតភ្នំ និងបញ្ហាអ័ព្ទក្រាស់ ជាដើម។
លោក រស់ គីមធន់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយសារតំបន់ភ្នំមានព្រៃឈើច្រើន ហើយអាកាសធាតុនៅទីនេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ។ ដើម្បីបង្ការគ្រោះថ្នាក់តាមដងផ្លូវ ជាយថាហេតុណាកើតឡើង លើការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរណ៍ ក្នុងមានមន្ទីរជំនាញលោកបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសម្អាតកាប់ឆ្ការព្រៃតាមដងផ្លូវ កាយកំណកដីតាមប្រឡាយរំដោះទឹកសងខាងផ្លូវ និងចាក់បំពេញជង្ហុកផងដែរ។
លោកប្រធានមន្ទីរសាធារណៈការខេត្តបានបន្តថា ចំនុចភ្នំបាយឆៅ ដែលតែងកើតមានបញ្ហា ដុំថ្មតូចធំជ្រុះធ្លាក់នៅរដូវភ្លៀងរាល់ឆ្នាំ តាមបណ្តោយផ្លូវជាតិលេខ៧៦ ក្នុងភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ លោកបានដាក់កម្លាំងចុះសម្អាតរើកកាយយកដុំថ្មចេញ និងស្តារប្រឡាយរំដោះទឹក ដើម្បីកាត់បន្ថយការខូចខាតតួផ្លូវកៅស៊ូ។ ភ្នំបាយឆៅនេះគឺជាចំនុចមួយដែលតែងមានថ្មតូចធំជ្រុះធ្លាក់ ដ្បិតទីតាំងនេះផ្លូវត្រូវបានកាយភ្នំថ្មដ៏ខ្ពស់ដើម្បីសាងសង់ ដូច្នេះហើយសម្រាប់បងប្អូនដែលត្រូវធ្វើដំណើរឆ្លងកាត់សូមបង្កើនការប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ផ្សេងៗ៕
ចែករំលែកព័តមាននេះ