ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ក់ច្រាំងទន្លេ ប៉ះពាល់ផ្ទះពលរដ្ឋ៥គ្រួសារធ្លា.ក់ចូលទឹក

17 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ ដែល​សង់​នៅ​តាម​បណ្តោយ​ដង​ទន្លេតូច ក្នុង​ឃុំ​ពាម​កោះ ស្រុក​ពាម​រក៍ បាន​រង​ការ​ខូចខាត​ដោយសារ​តែ​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ ហើយ​ទ្រព្យសម្បត្តិ​ជា​ច្រើន​ក៏​បាន​បាត់បង់​ដោយសារ​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ផង​ដែរ ។ លោកយាយ…

ខេត្តព្រៃវែង ៖ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ ដែល​សង់​នៅ​តាម​បណ្តោយ​ដង​ទន្លេតូច ក្នុង​ឃុំ​ពាម​កោះ ស្រុក​ពាម​រក៍ បាន​រង​ការ​ខូចខាត​ដោយសារ​តែ​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ ហើយ​ទ្រព្យសម្បត្តិ​ជា​ច្រើន​ក៏​បាន​បាត់បង់​ដោយសារ​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ផង​ដែរ ។

លោកយាយ សុខ កង អាយុ​៧៧​ឆ្នាំ ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ បានឱ្យ​ដឹង​ថា ដី​ច្រាំង​ទន្លេ​ក្រោយ​ផ្ទះ​របស់​គាត់​បាន​ចាប់ផ្តើម​ស្រុត​តាំងពី​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​មុន​មក​ម្ល៉េះ ប៉ុន្តែ​ដំបូង​វា​គ្រាន់តែ​បាក់​ដី​នៅ​ខាងក្រោម​តិច​ៗ​មិន​ទាន់​ដល់​ផ្ទះ​ទេ ទើប​ពួក​គាត់​មិន​ចាប់អារម្មណ៍ ។

លុះ​មក​ដល់​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ ពេល​កំពុង​ដេក​លង់លក់ ស្រាប់តែ​ឮ​សំឡេង​បាក់ស្រិ​ប​ៗ​និង​ញ័រ​រង្គើ​ពេញ​ផ្ទះ ហើយ​ពេល​ចេញ​មក​មើល ក៏​ឃើញ​ផ្ទះបាយ បង្គន់ រលំ​បាក់​ចូល​ទឹក​អស់​ទៅ​ហើយ ។

សមត្ថកិច្ច​និយាយ​ថា គ្រោះ​បាក់​ស្រុត​ដី​នេះធ្វើ​ឱ្យ​ខូចខាត​ផ្ទះបាយ​ចំនួន​៥ បង្គន់​ចំនួន​៥ និង​ផ្ទះ​១​ខ្នង​ប្រេះ​ហែក​ពាក់កណ្តាល​ផ្ទះ ។ ក្រោយ​កើតហេតុ ម្ចាស់ផ្ទះ​ចំនួន​៣​គ្រួ​សារបាន​រុះរើ​ផ្ទះ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព និង​នៅ​សល់​ផ្ទះ​២ម្ចាស់​កំពុង​ជួសជុល​រស់នៅ​បន្ត​កន្លែង​ដដែល ព្រោះ​គ្មាន​ដី​កន្លែង​ផ្សេង​ដើម្បី​រស់នៅ ។

មុន​នេះ កាលពី​ថ្ងៃ​១ ខែមិថុនា លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បន្លិច​ប្រាសាទ​ត្រើយ​ខាងកើត ក្នុង​ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាម​រក៍​ចំនួន​៣​ខ្នង ក៏​បាន​បាក់​ស្រុត​ចូល​ក្នុង​ទន្លេ​ដែរ ។ ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​ការ​បាក់​ស្រុត​ផ្ទះ​នេះ ក៏​មិន​មាន​លទ្ធភាព​ទៅ​រក​ទី​សុវត្ថិភាព ដើម្បី​សង់ផ្ទះ​ស្នាក់​នៅ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ