ខេត្តបាត់ដំបង ៖ រយៈពេលត្រឹម០២ថ្ងៃ កម្លាំងនគរបាលសេដ្ឋកិច្ចនៃស្នងការខេត្តបាត់ដំបងបានស្ទាក់ចាប់រថយន្តដឹកត្រីចំនួន១២គ្រឿង ហើយបានរឹបអូសត្រីក្លាស្សេទាំងនៅមានគុណភាព និងខូចគុណភាពសរុបចំនួនជាង៣៤តោនដែលឈ្មួញទុច្ចរិតបន្លំនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញ ។

យោងតាមរបាយការណ៍មន្ត្រីជំនាញបានឲ្យដឹងថា រថយន្តដឹកត្រីទាំងនោះ បានបន្លំដឹកលើសចំនួនពីច្បាប់អនុញ្ញាតប្រភេទត្រីដែលច្បាប់ហាមឃាត់ និងត្រីក្លាស្សេខូចគុណភាព ដែលពួកគេនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ«ដូង» ក្នុងស្រុកកំរៀង។

រថយន្តទាំង១២គ្រឿង និងត្រីក្លាស្សេជាង៣៤តោននោះ ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តស្ទាក់ចាប់បានក្នុងរយៈពេល០២ថ្ងៃជាបន្តបន្ទាប់ ។
ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក យី យក់សាន បានប្រាប់ថា លើកទី១ មន្ត្រីរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការផង បានស្ទាក់បង្ក្រាបរថយន្តដឹកត្រីល្មើសច្បាប់ចំនួន០៨គ្រឿង នៅរសៀលថ្ងៃទី១១ មិថុនា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រងចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ពេលដែលរថយន្តដឹកបទល្មើសទាំងហ្វូងនេះ កំពុងធ្វើដំណើរ ។

លោកបានបញ្ជាក់ថា ក្រៅពីឃាត់រថយន្តប្រភេទសាំយ៉ុងចំនួន០៨គ្រឿង មន្ត្រីជំនាញ បានត្រួតពិនិត្យឆែករកឃើញប្រភេទត្រីពោ និងត្រីកាបក្លាស្សេនៅរថយន្តទាំងអស់នេះចំនួន២៤តោន ។ លោក យី យក់សាន បានប្រាប់ថា ចំនួនត្រីដែលមន្ត្រីជំនាញឆែករកឃើញសរុប២៤តោននេះ គឺជាចំនួនដែលពួកឈ្មួញ បានដឹកលើសពីច្បាប់អនុញ្ញាត ។

លោកបានបន្ថែមថា នៅក្នុងលិខិតអនុញ្ញាត ដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានអនុញ្ញាតឲ្យដឹកត្រឹមតែ១០តោនប៉ុណ្ណោះ ។ ប៉ុន្តែក្រុមឈ្មួញនេះ ដឹករហូតដល់ទៅ២៤តោនលើសពីច្បាប់អនុញ្ញាតរហូតដល់ទៅ១៤តោន ទើបលោកស្នងការ និងលោកព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ ដើម្បីសួរនាំតែម្ដង ។

ដោយឡែក ការបង្ក្រាបលើកទី២ ធ្វើឡើងនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ មិថុនា ត្រង់ចំណុចប៉ុស្ដ៏នគរបាលតាត្រី ស្ថិតក្នុងឃុំតាក្រី ស្រុកកំរៀង ។ លោក យី យក់សាន បាននិយាយថា លើកទី២នេះ កម្លាំងរបស់លោកបានឃាត់រថយន្តចំនួន០៤គ្រឿង រកឃើញត្រីប្រាក្លាស្សេចំនួនជាង១០តោន ក្នុងនោះ មាន០១តោនខូចគុណភាព (ស្អុយ) ។

ក្រៅពីត្រីប្រាក្លាស្សេ និងត្រីស្អុយ ក៏មានពោះត្រីប្រាចំនួន១៥០គីឡូក្រាម ពងត្រីកាបចំនួន៥០០គីឡូក្រាម និងត្រីឆ្ដោរចំនួន៥០គីឡូក្រាមផងដែរ ដែលសុទ្ធសឹងជាបទល្មើសទាំងអស់ ។ បើតាមលោក យី យក់សាន បានប្រាប់ថា រថយន្តដឹកត្រីល្មើសច្បាប់ទាំង០៤គ្រឿងនេះ ដឹកនាំដោយឈ្មួញម្នាក់ ឈ្មោះ លី មុត ភេទស្រី អាយុ៣៥ឆ្នាំ នៅខេត្តតាកែវ ។ ឈ្មួញត្រីរូបនេះបានបន្លំដឹកប្រភេទត្រីចូលពីប្រទេសថៃដែលច្បាប់បានហាមឃាត់។

លោកបានបន្ថែមថា បើពិនិត្យលើលិខិតអនុញ្ញាតដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានអនុញ្ញាតឲ្យឈ្មួញនាំចូលតែប្រភេទត្រីពោ ត្រីកាប និងត្រីទីឡាព្យាតែប៉ុណ្ណោះ តែឈ្មួញរូបនេះ បែរជាបន្លំនាំចូលសុទ្ធតែជាប្រភេទត្រីប្រា រហូតដល់ទៅជាង១០តោន ថែមទាំងមានខូចគុណភាពទៀតផង ។

ត្រីក្លាស្សេទាំងជាង៣៤តោនដែលបង្ក្រាបបាន០២ករណីខាងលើនេះ សុទ្ធតែនាំចូលពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិ«ដូង»ស្រុកកំរៀង ។ ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ច លោក យី យក់សាន បានបញ្ជាក់ដែរថា ក្រោយពីបាននាំដល់ស្នងការខេត្ត និងបន្ទាប់ពីបញ្ចប់ការសួរនាំ លោកស្នងការ និងលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យការិយាល័យជំនាញបញ្ជូនរថយន្តទាំង១២គ្រឿង ត្រីក្លាស្សេជាង៣៤តោន និង ជនពាក់ព័ន្ធក្នុងបទល្មើសនេះទៅកាន់រដ្ឋបាលជលផលហើយ ដើម្បីចាត់ការបន្តតាមនីតិវីធី ៕
ចែករំលែកព័តមាននេះ