រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស សូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង ។ នេះបើតាមបណ្តាញសង្គមរបស់សម្តេចនៅថ្ងៃទី១៣ ខែមិថុនា នេះ ។

សម្តេចតេជោ បានលើកឡើងថា ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះ កកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ ។

ជាមួយគ្នានោះដែរ សម្តេចបានស្នើ សូមបងប្អូនកសិករថៃដែលកំពុងប្រម៉ូលផល ទៅតវ៉ាជាមួយយោធាថៃ ដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញ តែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ ។
សម្តេចតេជោ បញ្ជាក់ថា៖ « យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ៣ប៉ុណ្ណោះ គឺទី១ ឈប់ទិញអ៊ីធើណែត , ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និងទី៣ បិទច្រកដូង ដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ»។ សម្តេចតេជោ បានគូសបញ្ជាក់ថា ៖ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា៕

ចែករំលែកព័តមាននេះ