ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកប្រកាសព្យួរការអនុវត្តពន្ធគយគ្រប់ប្រទេសដែលស្នើសុំចរចាមកត្រឹម១០% រយៈពេល៩០ថ្ងៃក្នុងនោះក៏មានកម្ពុជា

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​បាន​ប្រកាស​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់ ដែល​បាន​ស្នើ​សុំ​ចរចា​ក្នុង​ការ​ព្យួរ​ការ​អនុវត្ត​ពន្ធគយ​មក​ត្រឹម​អត្រា​១០% ក្នុង​រយៈពេល​៩០​ថ្ងៃ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​បាន​ប្រកាស​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់ ដែល​បាន​ស្នើ​សុំ​ចរចា​ក្នុង​ការ​ព្យួរ​ការ​អនុវត្ត​ពន្ធគយ​មក​ត្រឹម​អត្រា​១០% ក្នុង​រយៈពេល​៩០​ថ្ងៃ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា សូម​ជម្រាប​ជូន​សាធារណជន​ធុរជន និង​អ្នក​នាំ​ចេញ​ទាំងអស់ មេត្តា​ជ្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សេនាធិការ បាន និង​កំពុង​បន្ត​ផ្តល់​ការ​យកចិត្តទុកដាក់​យ៉ាង​គត់មត់ តាមដាន​កា​រវិ​វត្ត​នៃ​ការ​អនុវត្ត​ពន្ធគយ​បដិការ (Reciprocal Tariffs) របស់​សហរដ្ឋ​-​អាម៉េរិក និង​ត្រៀម​រៀបចំ​យន្តការ​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​ជាមួយ​សហរដ្ឋ​អាម៉េរិក ។

ក្រសួងពាណិជ្ជកម្ម សូម​ជម្រាប​ជូន​អំពី​វឌ្ឍនភាព​ចុង​ក្រោយ​លើ​ការ​អនុ​វ​ត្ព​ន្ធ​គយ​បដិការ​ថា យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សេត​វិមាន កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៥ (​ម៉ោង​នៅ​សហរដ្ឋ​អាម៉េរិក​) ឯកឧត្តម​ប្រធានាធិបតី Donald J. Trump បាន​ប្រកាស​ព្យួរ​ការ​អនុវត្ត​ពន្ធគយ​បដិការ​របស់​ខ្លួន​មក​ត្រឹម​អត្រា​១០% ក្នុង​រយៈពេល​៩០​ថ្ងៃ សម្រាប់​គ្រប់​ប្រទេស​ទាំងអស់ ដែល​បាន​ស្នើ​សុំ​ចរចា​ស្វែងរក​ដំណោះស្រាយ ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​នោះ​រួម​មាន​កម្ពុជា​ផង​ដែរ ។

ដូចនេះ អត្រាពន្ធគយ​បដិការ​៤៩% សម្រាប់​កម្ពុជា នឹង​អនុវត្ត​មក​ត្រឹម​អត្រា​១០% តែ​ប៉ុណ្ណោះ ។ រាជរដ្ឋាភិបាល​ទទួល​បាន​ចម្លើយ​ជា​វិជ្ជមាន​ពី​ភាគី​សហរដ្ឋ​អាមេរិក​លើ​សំណើ​សុំ​បើក​ការ​ចរចា​ស្វែងរក​ដំណោះ ស្រាយ​រួម បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ការ​ឆ្លើយ​តប​ភ្លាម​ៗ តាម​រយៈ​លិខិត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៥ និង​លិខិត​របស់​លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចុះ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៥ ដោយ​បង្ហាញ​សុច្ឆន្ទៈ​ស្នើ​សុំ​បើក​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​រួម និង​បញ្ចុះ​ពន្ធគយ​ពី​អត្រា​៣៥% មក​ត្រឹម ៥% លើ​១៩ ក្រុម​មុខទំនិញ​របស់​សហរដ្ឋ​អាមេរិក​នាំ​ចូល​មក​កម្ពុជា​។

ក្រសួង​ថា​ក្រុមការងារ​អន្តរក្រសួង​-​ស្ថាប័ន​ចំពោះ​កិច្ច​ដឹកនាំ​ដោយ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ភាគី​សហរដ្ឋ​អាមេរិក​នឹង​បើក​ការ​ចរចា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

រាជរដ្ឋាភិបាល​នឹង​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ ដោយ​យកចិត្តទុកដាក់​បំផុត​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា​យើង ។ សូម​ជម្រាប​ថា ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​ការ​ប្រកាស​នូវ​អត្រាពន្ធគយ​បដិការ (Reciprocal Tariffs) ដែល​ឯកឧត្តម​ប្រធានាធិបតី Donald J.Trump បាន​កំណត់​កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៥ (​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​) កន្លង​ទៅ​តាម​រយ​:​ការ​បង្កើន​អត្រាពន្ធគយ​បដិការ​លើ​បណ្តា​ប្រទេស​ជា​ច្រើន ក្នុង​នោះ​មាន​កម្ពុជា​រហូត​ដល់​៤៩% ។

សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​សិក្សា​វាយតម្លៃ និង​រៀបចំ​នីតិវិធី ព្រមទាំង​យន្តការ​ផ្សេង​ៗ​ជា​បន្ទាន់​ក្នុង​គោលដៅ​ធ្វើការ​ចរចា​ផ្ទាល់​ជាមួយនឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដើម្បី​ទម្លាក់​ចំនួន​អត្រាពន្ធ​វិញ ។ សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ផ្ញើ​លិខិត​ជូន​ដល់​ឯកឧត្តម​ប្រធានាធិបតី Donald J.Trump កាលពី​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៥ បាន​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ចរចា​បញ្ហា​ពន្ធគយ​បដិការ​របស់​កម្ពុជា ដោយ​ធ្វើការ​បន្ថយ​អត្រាពន្ធ​លើ​ក្រុម​មុខទំនិញ​នាំ​ចូល​ពី​សហរដ្ឋ​អាមេរិក​ចំនួន​១៩​ក្រុម​មុខទំនិញ​ពី​អត្រា​៣៥% មក​នៅ​ត្រឹម​៥% ។

ជា​លទ្ធផល​វិជ្ជមាន ឆ្លើយ​តប​នឹង​សំណើសុំ​បើក​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា សេត​វិមាន បាន​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​អត្រាពន្ធគយ​បដិការ​ថ្មី នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៥​នេះ (​ម៉ោង​នៅ​សហរដ្ឋ​អាម៉េរិក​) គឺ​បាន​បញ្ចុះ​អត្រាពន្ធគយ​បដិការ (Reciprocal Tariffs) របស់​កម្ពុជា​ពី​អត្រា​៤៩% មក​នៅ​ត្រឹម​១០% ក្នុង​រយៈពេល​៩០​ថ្ងៃ ។

បន្ថែម​ពី​នេះ សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ប្រគល់​ភារកិច្ច​ដល់​ក្រុមការងារ​អន្តរក្រសួង​-​ស្ថាប័ន​ចំពោះ​កិច្ច​ដឹកនាំ​ដោយ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​នឹង​ធ្វើការ​ចរចា​ផ្ទាល់​ជាមួយ​ភាគី​សហរដ្ឋអាមេរិក​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​តាមដាន និង​យកចិត្ត​ទុក​ខ្ពស់​បំផុត​ក្នុង​ការ​ស្វែងរក និង​រក្សា​ឧត្តម​ប្រយោជន៍​ជូន​ដល់​ប្រជាជាតិ ព្រមទាំង​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ