រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៤៨ម៉ឺននាក់សម្រុកទៅលេងបាញ់ទឹក លាបម្ស៉ៅ នៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្ដវត្តភ្នំ» ២០២៥ នារមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្រោយចាប់ផ្ដើមដំណើរការក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៤៨ម៉ឺននាក់ ក្នុងនោះនៅវត្តភ្នំប្រមាណ៤៣ម៉ឺននាក់ ហើយនៅផ្លូវថ្មើរជើង (Walk Street)ចំនួន៥ម៉ឺននាក់ ។ នេះជាការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យ សាលារាជធានីភ្នំពេញ នាយប់ថ្ងៃទី១៤ មេសា ២០២៥ ។

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវអញ្ជើញប្រកាសបើកជាផ្លូវការ អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ ។«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអបអរសាទរទទួលអំណរសាទរឆ្នាំថ្មី ។

នៅរសៀលថ្ងៃ១៤ មេសានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវបានចូលរួមលេងកម្សាន្ត «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករនេះដែរយ៉ាងសប្បាយរីករាយ ។ ទោះបីនៅរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៣ និងទី១៤ មេសាត្រជាក់ជុំណាស់ ភ្លៀងជាប់គ្នា២ថ្ងៃ ហើយតែប្រជាពលរដ្ឋនៅបន្តកម្សាន្តដដែល ។
គួរបញ្ជាក់ដែរថា ៖ ២ថ្ងៃមុនបើកដំណើរការសង្ក្រាន្ដ«វត្តភ្នំ ឆ្នាំ២០២៥» នៅថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់បាននាំគ្នាសម្រុកទៅលេងបាញ់ទឹក លាបម្ស៉ៅ នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ៕




ចែករំលែកព័តមាននេះ