ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម្បីតែបរទេសក៏ចាប់អារម្មណ៍ និងរសជាតិនំបញ្ចុកខ្មែរថ្ងៃបុណ្យចូលឆ្នាំនៅវត្តប្រាសាទនគរបាជ័យក្រៅសរសើររសជាតិឆ្ងាញ់

11 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​ជនជាតិ​បារាំង​ម្នាក់ ឈ្មោះ​គេ​ថា ឲ្យ​វ៉ាំ​ង សង់ អាយុ​១៩​ឆ្នាំ បាន​ភ្លក្ស​រសជាតិ​នំ​បញ្ចុក​ខ្មែរ ដោយ​ឥត​គិតថ្លៃ ហើយ​មាន​អារម្មណ៍…

ខេត្តកំពង់ចាម ៖ បុរស​ជនជាតិ​បារាំង​ម្នាក់ ឈ្មោះ​គេ​ថា ឲ្យ​វ៉ាំ​ង សង់ អាយុ​១៩​ឆ្នាំ បាន​ភ្លក្ស​រសជាតិ​នំ​បញ្ចុក​ខ្មែរ ដោយ​ឥត​គិតថ្លៃ ហើយ​មាន​អារម្មណ៍ និង​ទឹកមុខ​ស្រស់ញញឹម​ថែម​ទាំង​លើក​ឡើង​ថា មាន​រសជាតិ​ឆ្ងាញ់ ។ ដោយ​គាត់​បាន​ចូលរួម​ក្នុង​កម្មវិធី​ទទួលទាន​នំ​បញ្ចុក​ដោយ​ឥត​គិតថ្លៃ​ធ្វើ​ឡើង នា​រសៀល​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០២៥ នៅ​វត្ត​ប្រាសាទ​នគរ​បា​ជ័យ​ក្រៅ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ។ សម្រាប់​ទិដ្ឋភាព​នេះ​ឃើញ​ថា មាន​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​បាន​ចូលរួម​ច្រើន​កុះករ​ទៀត​ផង ។

អ្នកស្រី​សាយ ណៃ​អ៊ី​ម អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ជង្ហុក ដែល​មាន​ទីលំនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​បាន​លើក​ឡើង​ថា​: ក្រោម​ការ​រៀបចំ​របស់​ព្រះ​គ្រូ​សេង រ​ដ្ឋា ព្រះ​ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ ដោយ​ចលនា​តាម​រយៈ​បងប្អូន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ គឺ​មានការ​ចូលរួម​ផល​ផុស​ដោយ​ម្នាក់​ៗ​បាន​នាំ​គ្នា​ចូល​បច្ច័យ ដើម្បី​ទិញ​នំ​បញ្ចុក​សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ដែល​មក​កម្សាន្ត​លេង​នៅ​វត្ត​នគរ​បា​ជ័យ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នា​រសៀល​ថ្ងៃ​ទី​១៤ មេ​សា ដែល​មាន​ទម្ងន់​ប្រមាណ​ជិត​២០០​គីឡូក្រាម ដោយ​ឥត​គិតថ្លៃ ។

អ្នកស្រី​ណៃ​អ៊ី​ម បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាក់ស្ដែង​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ទី​មួយ​នេះ គាត់​រួម​ជាមួយនឹង​មិត្ត​ស្រី ជា​ច្រើន​នាក់ ព្រមទាំង​បងប្អូន​អ្នក​ភូមិ​បាន​នាំ​គ្នា​មក​ចូលរួម​លេងល្បែង​ប្រជាប្រិយ​បុរាណ​របស់​ខ្មែរ​យើង​ដែល​បន្សល់​ទុក​តាំងពី​បុរាណកាល​មក​ដល់​សព្វថ្ងៃ​ក្នុង​នោះ​រួម​មាន​ដូច​ជា ៖ លាក់កន្សែង ចោល​ឈូង ទាញ​ព្រាត់ និង​ល្បែង​ហ្គេ​ម​កម្សាន្ត​ជា​ច្រើន​ទៀត ដើម្បី​បង្កើត​ភាព​សប្បាយ​ហើយ​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ដឹកនាំ​ដោយ​ព្រះ​ចៅអធិការ​វត្ត​ព្រមទាំង​គណៈកម្មការ​អាចារ្យវត្ត ។

ហើយ​ការ​ទទួលទាន​ភ្នំ​បញ្ចុក​ដោយ​ឥត​គិតថ្លៃ​នេះ គឺ​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤ និង​១៥ មេ​សា លុះ​ថ្ងៃ​ទី​១៦ មេ​សា ថ្ងៃ​បង្ហើយ គឺ​រៀបចំ​ការ​ទទួលទាន​បង្អែម​ដោយ​ឥត​គិតថ្លៃ​បន្ថែម​ទៀត ។ សម្រាប់​ទិដ្ឋភាព​ដែល​អ្នកស្រី​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក​ឃើញ​ថា មាន​បងប្អូន​ជា​ច្រើន​មក​ចូលរួម​លេង​សប្បាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ជាមួយ​នោះ​សង្ឃឹមថា នៅ​ឆ្នាំ​២០២៦ ព្រះ​គ្រូ​ចៅអធិការ​វត្ត​និង​បង្កើត​ឲ្យ​មាន​ប្រតិការ​ណ៍​សប្បាយ​ជាង​នេះ​បន្ថែម​ទៀត ។

លោក ឃួ​ន ឃុន អាយុ​៤៦​ឆ្នាំ អ្នក​នៅ​ក្រុង​កំពង់ចាម បាន​រៀបរាប់​ថា ដំបូង​គាត់​បាន​មក​ចូលរួម​កម្មវិធី​ដើរ​កម្សាន្ត​លេង​មុខ​សាលាខេត្ត​កំពង់ចាម នា​រសៀល​ថ្ងៃ​ទី​១៤ មេ​សា ជាមួយនឹង​ប្រពន្ធ​បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​បន្តដំណើរ​តាម​មធ្យោបាយ​យានជំនិះ​មក​កាន់​វត្ត​ប្រាសាទ​នគរ​បា​ជ័យ​ក្រៅ ។ ដោយ​ជា​រៀង​រាល់​ឆ្នាំ​គាត់​តែងតែ​មក​លេង​នៅ​តំបន់​រមណីយដ្ឋាន​មួយ​នេះ​មិន​ដែល​អាក់ខាន​ម្ដងណា​ឡើយ ។

ចំណែក​លោក អ៊ុ​ន សុផល អនុប្រធាន​ប​ន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ដោយ​មានការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​រដ្ឋបាល​ខេត្ត​នីមួយ​ៗ​ដឹកនាំ​បង្កើត​នៅ​ភាព​សប្បាយ​រីករាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។

ជាក់ស្ដែង នៅ​មុខ​សាលាខេត្ត​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង​ទី​១៤ មេ​សា ច្រើន​កុះករ​មក​លេង​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត ឱ្យ​ស្រុក​-​ក្រុង​ក្នុង​ខេត្តកំពង់ចាម បង្កើត​នៅ​ព្រឹត្តិការណ៍​សង្ក្រាន្ត​គ្រប់​ទីកន្លែង ។

ជាមួយ​នោះ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រូប​លោក​តែងតែ​នាំ​ប្រពន្ធ​កូន​មក​លេង​នៅ​វត្ត​ប្រាសាទ​នគរ​បា​ជ័យ​ក្រៅ ឃើញ​ថា បងប្អូន​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​ទាញ​ព្រាត់ ចោល​ឈូង នេះ​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ប្រពៃណី​របស់​ខ្មែរ​យើង​មិន​ឲ្យ​បាត់បង់ ។

ជាក់ស្ដែង ការ​ទទួលទាន​នំ​បញ្ចុក​ដែល​ឥត​គិតថ្លៃ​នេះ កើត​ចេញពី​ចិត្ត​ជ្រះថ្លា​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ​ហើយពី​វត្ត​អារាម​ក៏​ជា​មជ្ឈមណ្ឌល​មួយ​សម្រាប់​ផ្ទុក​នៅ​វប្បធម៌​ប្រពៃណី​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ