បរទេស ៖ តម្លៃមាសអន្តរជាតិ ក៏ដូចជាទីផ្សារភាគហ៊ុនសំខាន់ៗនៅអាស៊ីបានស្ទុះងើបឡើងវិញដូចគ្នា ខណៈដែលតម្លៃប្រេងឆៅបានធ្លាក់ចុះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានប្រកាសលេងសង្គ្រាមពាណិជ្ជកម្មពេញទំហឹងជាមួយចិន។
តម្លៃមាសអន្តរជាតិបានហក់ឡើងក្នុងកម្រិតខ្ពស់សាជាថ្មី ៣,១២៥ដុល្លារក្នុង១អោន ឬ ៣,៧៦៥ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង១០:៣០នាទីព្រឹកថ្ងៃទី១០ ខែមេសា ក្រោយធ្លាក់ចុះអស់ជាច្រើនថ្ងៃ ខណៈដែលតម្លៃខ្ពស់បំផុតជាប្រវត្តិសាស្ត្រគឺ ៣,១៦៧ដុល្លារក្នុង១អោន ឬ ៣,៨១៥ដុល្លារក្នុង១តម្លឹង កាលពីថ្ងៃ៣ មេសា ឆ្នាំ២០២៥។
បណ្តាអ្នកវិនិយោគបានងាកទៅរកលោហធាតុដ៏មានតម្លៃនេះកាន់តែខ្លាំង ដែលត្រូវបានចាត់ទុកជាការវិនិយោគដ៏មានសុវត្ថិភាព បន្ទាប់ពីលោក ត្រាំ បានប្រកាសដំឡើងពន្ធលើចិនដែលជាប្រទេសប្រើប្រាស់មាសកំពូលរបស់ពិភពលោក នូវអត្រាខ្ពស់បំផុតរហូតដល់ ១២៥% បើទោះបីជាលោកបានសម្រេចចិត្តផ្អាករយៈពេល៩០ថ្ងៃដើម្បីទុកពេលចរចា សម្រាប់ប្រទេសរងផលប៉ះពាល់ពន្ធខ្ពស់របស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។
ក្រឡេកទៅទីផ្សារភាគហ៊ុនសំខាន់ៗនៅអាស៊ី ក៏បានស្ទុះងើបឡើងវិញយ៉ាងខ្លាំងផងដែរក្នុងការជួញដូរដំបូងនៅថ្ងៃទី១០ ខែមេសា បន្ទាប់ពីការបានប្រកាសផ្អាករយៈពេល៩០ថ្ងៃលើពន្ធសកលសម្រាប់គ្រប់ប្រទេសទាំងអស់ លើកលែងតែប្រទេសចិន។ សន្ទស្សន៍ភាគហ៊ុន Nikkei របស់ជប៉ុនកើនឡើង ៨.៦% រីឯសន្ទស្សន៍ភាគហ៊ុន Kospi របស់កូរ៉េខាងត្បូងកើនឡើង ៥% ចំណែកសន្ទស្សន៍ភាគហ៊ុន ASX 200 របស់អូស្ត្រាលីក៏បានកើនឡើង ៦% ផងដែរ។ ទីផ្សារភាគហ៊ុនរបស់ចិនបានបើកនៅលើកំណត់ត្រាដ៏រឹងមាំមួយជាមួយសន្ទស្សន៍ CSI300 កើនឡើង ១.៦% ខណៈសន្ទស្សន៍ Hang Seng របស់ហុងកុងបានកើនឡើង ៣.៣% ។
ដោយឡែក តម្លៃប្រេងឆៅអន្តរជាតិឯណោះវិញ បានធ្លាក់ចុះប្រហែល ១% នៅថ្ងៃទី១០ ខែមេសា។ អនាគតប្រេងឆៅ Brent សកលបានធ្លាក់ចុះ ៧៣សេន ស្មើនឹង ១.១% មកនៅត្រឹម ៦៤.៧៤ដុល្លារក្នុង១បារ៉ែល ខណៈដែលអនាគតប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ ៤៩ សេន ឬ ០.៨% មកនៅត្រឹម ៦១.៨៦ដុល្លារក្នុង១បារ៉ែល។ សន្ទស្សន៍នៃការជួញដូរបានទូទាត់ខ្ពស់ជាង ៤% បន្ទាប់ពីបានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ៧% កាលពីថ្ងៃពុធ។
លោក ត្រាំ បានដំឡើងអត្រាពន្ធលើប្រទេសចិន ១២៥% ដែលមានប្រសិទ្ធភាពភ្លាមៗ ពីពន្ធ ១០៤% ដែលចូលជាធរមានកាលពីថ្ងៃពុធ។ ជាការឆ្លើយតបប្រទេសចិនក៏បានប្រកាសដំឡើងពន្ធបន្ថែមថ្មី ៨៤% លើការនាំចូលទំនិញរបស់អាមេរិក ចាប់ពីថ្ងៃទី១០ ខែមេសា តទៅ។ អ្នកយុទ្ធសាស្ត្រទំនិញនៅក្រុមហ៊ុន ING បានលើកឡើងក្នុងកំណត់ត្រាស្រាវជ្រាវមួយថា ពន្ធខ្ពស់របស់អាមេរិកលើប្រទេសចិនបានធ្វើឱ្យមានភាពមិនច្បាស់លាស់ជាច្រើននៅក្នុងទីផ្សារពិភពលោក៕ ប្រភព ៖ Reuters, Bloomberg និង The Economic Times



ចែករំលែកព័តមាននេះ