ប្រជាជនកម្ពុជាកំពុងតែត្រៀមសប្បាយបុណ្យចូលឆ្នាំថ្មីនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ប៉ុន្តែទន្ទឹមពេលជាមួយគ្នានោះវាក៏ទាមទារអោយយើងធ្វើការប្រយ័ត្នប្រយែងផងដែរ ចំពោះរឿងអគ្គិភ័យ ដើម្បីកុំអោយមានគ្រោះថ្នាក់ក្នុងឱកាសដ៏សំខាន់នេះ ។ ឧប្បត្តិហេតុគ្រោះអគ្គិភ័យជាគ្រោះដែលត្រូវយកចិត្តទុកដាក់ខ្ពស់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះនៅក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅសប្តាហ៍ក្រោយ សូមលើកកម្ពស់ការប្រុងប្រយ័ត្ន ដើម្បីកុំអោយវាចេះតែកើនឡើងរាល់ឆ្នាំពេក ។
រូបតំណាងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីឆ្នាំ២០២៣ នៅក្នុងអំឡុងនៃការរីករាយសប្បាយ ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី មានពលរដ្ឋរងគ្រោះនឹងគ្រោះអគ្គិភ័យនេះដល់ទៅ១៥ករណី ។ ហើយដល់៣ ថ្ងៃ នៅក្នុងអំឡុងពេលនៃពិធីបុណ្យដដែលតែនៅក្នុងឆ្នាំ២០២៤ គឺកើនឡើងដល់២០ករណី ។
តាមស្ថិតិគ្រោះមហន្តរាយដោយអគ្គិភ័យរវាងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក៏ធំជាងដែរ ។ ដូច្នេះនៅក្នុងឆ្នាំនេះ សូមប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីកុំអោយវាកើតមានគ្រោះចង្រៃនេះអោយសោះ ។ ពីព្រោះ តែវាកើតឡើងទ្រព្យសម្បត្តិទាំងអស់នឹងរលាយ ត្រឹមតែតែមួយស្របក់បុណ្ណោះ ។ គ្រោះអគ្គិភ័យនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី៣ថ្ងៃ ដែលគេសប្បាយពេញប្រទេស ប៉ុន្តែយើងកើតទុក្ខនេះ គឺជាបច្ច័យដែលយើងត្រូវតែយកចិត្តទុកដាក់ការពារ និងការបង្ការ ។

នៅ៣ថ្ងៃឆ្នាំចូលឆ្នាំ២០២៣ តាមការកត់ត្រាគ្រោះអគ្គិភ័យវាបានបំផ្លាញឲ្យខូចខាតផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត៤គ្រឿង ។ ដោយឡែកនៅក្នុងឆ្នាំ២០២៤ គឺគ្រោះអគ្គិភ័យនេះបានកើតឡើង២០ករណី កើន៥ករណី ហើយឆេះផ្ទះ១៥ខ្នងរថយន្ត៩គ្រឿង ម៉ូតូ៦គ្រឿង និងព្រៃដីចម្ការកសិកម្មចំនួន២១ហិចតា ។
ផ្អែកតាមបទពិសោធន៍ពីរឆ្នាំកន្លងទៅនេះ ឆ្លងចរន្តអគ្គិសនីជាមូលហេតុចម្បងនៃគ្រោះអគ្គិភ័យ ហើយបន្ទាប់មក គឺការប្រើប្រាស់ទៀនធូប និងគ្រឿងសក្ការៈ បូជានេះតែម្តង ។ សូមកុំប្រហែសហើយមើលស្រាល ពីព្រោះថា សូម្បីតែនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដែរ ចំពោះគ្រោះអគ្គិភ័យនេះផងដែរ ។
សម្តេចធិបតី កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងរដូវប្រាំងនេះទៅលើរឿងអគ្គិភ័យឆាបឆេះ ជាពិសេសនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិ ។ សម្តេចធិបតី បានដាស់តឿនសាធារណៈឲ្យបង្កើនការប្រុងប្រយ័ត្នឧបករណ៍ដែលអាចបង្កជាអគ្គិភ័យ មុនពេលចាកចេញពីផ្ទះទៅដើរលេងទីជិត និងទីឆ្ងាយនៅក្នុងអំឡុងពេលនៃការឈប់សម្រាកនៅសប្តាហ៍ក្រោយដ៏ខ្លីខាងមុខនេះ ។

សម្តេចធិបតី គូសបញ្ជាក់ថា រដូវចូលឆ្នាំបងប្អូនដែលធ្វើដំណើរទៅលេងស្រុកសូមឱ្យប្រយ័ត្នប្រយែងរឿងអគ្គិសនី គួរដកចោលទាំងអស់នូវឧប្បករតភ្ជាប់ចរន្តអគ្គិសនីនៅនឹងជញ្ជាំង ព្រោះការដោតឧបករណ៍ទាំងនោះចោលនេះ ហើយវាអាចឆេះ ជាពិសេសខ្សែសាកថ្មទូរស័ព្ទ ដែលគេដឹងថា វាជាប្រភពបង្កគ្រោះមហន្តរាយ នៅក្នុងសង្គមជាច្រើនករណីណាស់ទៅហើយ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យកងនរគបាលរាជធានីខេត្តផ្នែកសង្គ្រោះគ្រោះអគ្គិភ័យមានកងទ័ព សាលារាជធានី មានកងពល៧០ និងអង្គភាពផ្សេងៗដែលមានឡានទឹក សូមត្រៀមលក្ខណៈត្រៀមជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ ។
សរុបទៅយើងទាំងអស់គ្នាមិនថា ទីណា ឬទៅណាទេ គឺគួរតែយកចិត្តទុកដាក់នឹងការបង្ការ និងការពារគ្រោះអគ្គិភ័យ ។ ការបង្ការជាទូទៅ វាប្រសើរជាងការឆ្លើយតប ព្រោះថា នៅពេលមានបញ្ហាអគ្គិភ័យកើតឡើងហើយវាអាចបង្កផលប៉ះពាល់មិនត្រឹមខ្លួនឯងនោះទេ គឺប៉ះពាល់ដល់អ្នកដទៃទៀតផង ហើយមិនត្រឹមតែខាតបង់ទ្រព្យសម្បត្តិនោះទេអាចឈានដល់ការបាត់បង់ជីវិតថែមទៀតផងដែរ ។

មុនពេលចេញក្រៅផ្ទះ សូមកុំខ្ជិលនឹងស្វ័យត្រួតពិនិត្យ តាមកន្លែងដោតភ្លើង ហើយប្រសិនបើអាចគួរតែដកឌុយភ្លើងចេញឲ្យអស់ ។ ក្រៅពីនោះ មុនពេលធ្វើដំណើរទៅណា សូមពិនិត្យមើលភ្លើងទៀន ធូបឲ្យហ្មត់ចត់ ដើម្បីកុំអោយនាំគ្នាទៅសប្បាយ ពេលវិលមកផ្ទះវិញ គឺសល់តែគំនរផេះ និងសំណល់ពីការខូចខាត ៕
ចែករំលែកព័តមាននេះ