ទីក្រុងកៀវ៖ ប្រទេសចិននៅពេលដែលកំពុងប្រឡូកនៅក្នុងសង្គ្រាមពាណិជ្ជកម្មយ៉ាងពុះកញ្ជ្រោលជាមួយអាមេរិកដល់ថ្នាក់ដំឡើងពន្ធគ្នាលើសពី១០០%នោះ បើគេក្រឡេកទៅមើលសង្គ្រាមប្រដាប់អាវុធឯណោះវិញ គេឮថាទាហានចិនក៏បានប្រឡូកនៅក្នុងការប្រយុទ្ធគ្នាផងដែររហូតដល់អ៊ុយក្រែនចាប់បានទាហានចិនមួយចំនួនកាលពីពេលថ្មីៗនេះ។ លោកហ្សេឡិនស្គីថ្លែងថាអ៊ុយក្រែនទើបតែចាប់បានទាហានចិន២នាក់ដែលជួយច្បាំងខាងរុស្ស៊ីនៅប្រទេសអ៊ុយក្រែនភាគខាងកើត។
ព្រឹត្តិការណ៍ថ្មីនេះធ្វើឱ្យគេបារម្ភថាសង្គ្រាមអ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចកំពុងតែផ្ទុះឡើងស្មើដៃគ្នាល្អណាស់។ ពិភពលោកនិយាយស្ដាប់គ្នាលែងបានហើយ សូម្បីតែអង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិធំៗចាប់ផ្ដើមស្ងាត់មាត់ដូចគេចុក លែងហារស្ដីអ្វីទាំងអស់ព្រោះលែងសូវមានឥទ្ធិពល។ ពួកគាត់ក៏រស់ពឹងលើដង្ហើមគេដកដូចតែគ្នាទេ។ គ្រាន់តែអាមេរិកកាត់បន្ថយជំនួយ, អង្គការនានាចាប់ផ្ដើមបិទទ្វារជាបណ្ដើរ។ UN ក៏កាត់បន្ថយកម្មវិធីរបស់ខ្លួនយ៉ាងច្រើន។
តាមពិត ករណីយុទ្ធជនស្ម័គ្រចិត្តទៅជួយច្បាំងនៅប្រទេសដទៃ វាជារឿងធម្មតា។ សំខាន់កុំឱ្យតែជាគោលជំហរផ្លូវការរបស់រដ្ឋាភិបាលនៃសាមីប្រទេស។ ជាក់ស្ដែង ក្រុមយុទ្ធជនស្ម័គ្រចិត្តរបស់អឺរ៉ុប អាមេរិក និងប្រទេសដទៃទៀតក៏ទៅជួយខាងអ៊ុយក្រែនដូចតែគ្នាទេ។ សូម្បីតែបងប្អូនជីដូនមួយរបស់អនុប្រធាធិបតិអាមេរិកសព្វថ្ងៃនេះក៏ទៅជួយច្បាំងខាងក្រុមអ៊ុយក្រែនផងដែរ។
ករណីអ៊ុយក្រែនចាប់បានទាហានចិននេះ គេមិនទាន់ដឹងថាជាទាហានស្ម័គ្រចិត្តឬយ៉ាងណាទេ។ អ្នកខ្លះបារម្ភថាកិច្ចខិតខំប្រឹងប្រែងរបស់លោកត្រាំក្នុងការបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនពោរពេញដោយភាពផុយស្រួយ។ គ្មានសញ្ញាណា១ថារុស្ស៊ីនឹងបន្ធូរដៃទេ។ កាលពីយប់មិញ រុស្ស៊ី ដាក់១ប្រាវទៀតទៅលើទីក្រុងខាគីវ របួសយ៉ាងតិច៣នាក់។ ប្រទេសចិនជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី និងមិនដែលបានថ្កោលទោស ឬដាក់ការស្ដីបន្ទោសទៅលើរុស្ស៊ីនៅក្នុងការដុតបញ្ឆេះសង្គ្រាមនេះទេ។
លោកលោកហ្សេឡិនស្គីបានបង្ហោះសារនយោបាយនៅលើបណ្ដាញអ៊ិចថានៅក្នុងចំណោមទាហានចិនដែលចាប់បានទាំង២នាក់នោះ ម្នាក់ប្រាប់ថាខ្លួនមានព័ត៌មាននៅក្នុងដៃថាជនជាតិចិនជាច្រើននាក់កំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែន។ លោកមិនបានបញ្ជាក់ថាតើអ៊ុយក្រែនមានជំនឿថាអ្នកទាំងនោះទៅច្បាំងដោយស្ម័គ្រចិត្ត ឬក៏ទទួលបញ្ជាពីរដ្ឋាភិបាលចិននោះទេ។
លោកហ្សេឡិនស្គីសរសេររៀបរាប់បន្តទៀតថាករណីប្រទេសចិន និងប្រទេសដទៃទៀតភ្ជាប់ខ្លួនទៅខាងប្រទេសរុស្ស៊ីទោះបីដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី វាជាការឆ្លុះបញ្ចាំងច្បាស់ណាស់ថាលោកពូទីនគ្មានចិត្តចង់បញ្ចប់សង្គ្រាមនេះទេ។ នេះជាករណីដំបូងបំផុតដែលគេដឹងថាទាហានចិនប្រឡូកនៅក្នុងសង្គ្រាមអ៊ុយក្រែន។ កាលពីពេលកន្លងមក គេឮតែទាហានកូរ៉េខាងជើងជួយច្បាំងខាងរុស្ស៊ីនៅតំបន់ខឺស។
ប្រតិកម្មចំពោះបញ្ហានេះ ក្រសួងការបរទេសចិនសូមច្រានចោលទាំងស្រុង។ ចិនថាអ៊ុយក្រែនគួរសម្លឹងមើលចិននៅក្នុងផ្លូវល្អខ្លះផង។ ចិនខិតខំដើរតួនាទីបែបស្ថាបនាដើម្បីចូលរួមបញ្ចប់សង្គ្រាមអ៊ុយក្រែនតាមដំណោះស្រាយនយោបាយ។ អ្នកនាំពាក្យចិន លោកលីនចៀន (Lin Jian) ថ្លែងថារដ្ឋាភិបាលរបស់លោកកំពុងស៊ើបអង្កេតករណីនេះដើម្បីស្វែងរកការពិត។ លោកថារដ្ឋាភិបាលចិនតែងតែផ្ដាំផ្ញើទៅប្រជាជនរបស់ខ្លួនដើម្បីមិនឱ្យពួកគេជាប់ពាក់ព័ន្ធនៅក្នុងជម្លោះប្រដាប់អាវុធ។ ជាពិសេស ជួយច្បាំងនៅខាងភាគីណាមួយ៕
ចែករំលែកព័តមាននេះ