បរទេស ៖ តម្លៃមាសអន្តរជាតិបានស្ទុះងើបឡើងវិញជាង ២% នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខណៈប្រាក់ដុល្លារធ្លាក់ចុះ ចំពេលដែលតម្លៃប្រេងឆៅបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមាន ដោយប្រទេសចិនប៉ះទង្គិចពន្ធខ្ពស់ជាងគេបំផុតពោល ១០៤%។
តម្លៃមាសអន្តរជាតិបានកើនឡើង ២.១% នៅក្នុងតម្លៃ ៣,០៤៥ដុល្លារក្នុង១អោន ឬ ៣,៦៦៨ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង៣:៣០នាទីរសៀល ថ្ងៃទី៩ ខែមេសា ខណៈតម្លៃខ្ពស់បំផុតជាប្រវត្តិសាស្ត្រគឺ ៣,១៦៧ដុល្លារក្នុង១អោន ឬ ៣,៨១៥ដុល្លារក្នុង១តម្លឹង កាលពីថ្ងៃ៣ មេសា ឆ្នាំ២០២៥។ ចំពេលប្រាក់ដុល្លារមេរិកបានធ្លាក់ចុះ ០.៤៥% ដោយ១ដុល្លារអាមេរិកស្មើនឹង ៣,៩៨២រៀលកម្ពុជា។ បណ្តាពាណិជ្ជករភាគច្រើនបានសម្រុកផ្តោតលើលោហធាតុមាសដែលជាការវិនិយោគដ៏មានសុវត្ថិភាពបំផុត អំឡុងពេលកើតមានសង្គ្រាមពាណិជ្ជកម្មសកល ព្រមទាំងវិបត្តិសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកកាន់តែខ្លាំងឡើង។
ដោយឡែក តម្លៃប្រេងឆៅបានធ្លាក់ចុះរយៈពេលប្រាំថ្ងៃជាប់គ្នាដល់កម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដោយសារការព្រួយបារម្ភអំពីតម្រូវការដែលបណ្តាលមកពីសង្គ្រាមពន្ធរវាងសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ព្រមទាំងការកើនឡើងការផ្គត់ផ្គង់ផងដែរ។
អនាគតប្រេងឆៅ Brent សកលបានធ្លាក់ចុះ ១.៣៩ដុល្លារ ឬ ២.២១% មកត្រឹមតម្លៃ ៦១.៤៣ដុល្លារក្នុង១បារ៉ែល។ ចំណែកឯអនាគតប្រេងឆៅរបស់អាមេរិក West Texas Intermediate ធ្លាក់ចុះ ១.៥០ដុល្លារ ឬ ២.៥២% ត្រឹម ៥៨.០៨ដុល្លារក្នុង១បារ៉ែល។ ទាំងប្រេងឆៅសកល និងប្រេងឆៅអាមេរិកបានធ្លាក់ចុះចាប់តាំងពីលោក ត្រាំ ប្រកាសពន្ធលើការនាំចូលភាគច្រើនដែលបង្កឱ្យមានការព្រួយបារម្ភថា សង្គ្រាមពាណិជ្ជកម្មពិភពលោកនឹងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក និងប៉ះពាល់ដល់តម្រូវការប្រេងឥន្ធនៈ៕ ប្រភព ៖ Reuters



ចែករំលែកព័តមាននេះ