នៅត្រីមាសដំបូងនៃឆ្នាំ២០២៥នេះ វៀតណាមដែលជាប្រទេសក្បែរខាងកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង៦លាននាក់ នៅក្នុងនោះក៏មានកម្ពុជាមួយភាគផងដែរ ជាមួយនឹងកំណើនកើនឡើងខ្លាំង ពោល គឺដល់ទៅជាង ២០០ភាគរយ ។ តាមសេចក្តីត្រូវការរបស់កាសែត វៀតណាម…
នៅត្រីមាសដំបូងនៃឆ្នាំ២០២៥នេះ វៀតណាមដែលជាប្រទេសក្បែរខាងកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង៦លាននាក់ នៅក្នុងនោះក៏មានកម្ពុជាមួយភាគផងដែរ ជាមួយនឹងកំណើនកើនឡើងខ្លាំង ពោល គឺដល់ទៅជាង ២០០ភាគរយ ។
តាមសេចក្តីត្រូវការរបស់កាសែត វៀតណាម ញូវ (Vietnam News) បានឲ្យដឹងថា កំណើននេះត្រូវបានសន្មតថា មកពីគោលនយោបាយទិដ្ឋាការអំណោយផល យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កាន់តែខ្លាំង និងការកើនឡើងការទទួលស្គាល់របស់វៀតណាមនៅក្នុងពានរង្វាន់ទេសចរណ៍អន្តរជាតិដ៏មានកិត្យានុភាព ជាច្រើន ។
ប្រភពដដែលបានឲ្យដឹងថា ឧស្សាហកម្មទេសចរណ៍របស់វៀតណាម បន្តការងើបឡើងវិញដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន បន្ទាប់ពីជំងឺរាតត្បាតដោយស្វាគមន៍ភ្ញៀវអន្តរជាតិកើនឡើងជិត៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលធ្វើឱ្យវាក្លាយជាចំនួនដ៏សំខាន់បំផុត នៃការមកដល់ប្រទេសក្នុងត្រីមាសតែមួយ ក្នុងប្រវត្តិសាស្ត្រ ។
ប្រភពដដែលបានឲ្យដឹងថា អាស៊ីនៅតែជាប្រភពលេចធ្លោនៃការមកដល់អន្តរជាតិ ដោយមានអ្នកទេសចរចំនួន៤,៧១លាននាក់ស្មើនឹងជាង៧៨% នៃចំនួនសរុប ។ ទីផ្សារសំខាន់ៗដូចជា កូរ៉េខាងត្បូង ចិន តៃវ៉ាន់ និងជប៉ុននៅតែបន្តរីកចម្រើន គាំទ្រដោយការបន្ត និងការពង្រីកជើងហោះហើរត្រង់ និងគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការ ។
សម្រាប់កម្ពុជាគេមិនបានបញ្ជាក់ថា មានប៉ុន្មាននាក់ពិតប្រាកដ ដែលបានទៅលេងនៅវៀតណាមនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កំណើននៃអ្នកទេសចរកម្ពុជាទៅលេងវៀតណាមនៅត្រីមាសដំបូងនៃឆ្នាំ២០២៥ នេះ គឺឃើញមានកំណើនកើនឡើងប្រមាណជា២០៥ ភាគរយឯណោះ ខណៈដែលហ្វីលីពីនមានកំណើន១៩៥ភាគរយ និងចិនមានកំណើន១៧៨ ភាគរយ ។
ឧស្សាហកម្មទេសចរណ៍របស់វៀតណាម បានមើលឃើញថា ប្រាក់ចំណូលពីវិស័យទេសចរណ៍បានកើនឡើងដល់ជាង៨៣៣លានដុល្លារអាមេរិក មានការកើនឡើងប្រមាណជា១៨,៣% បើធៀបនឹងរយៈពេល១ត្រីមាសដំបូងនៃឆ្នាំ២០២៤ ។
តាមស្ថិតិដែលកត់ត្រាដោយក្រសួងទេសចរណ៍កម្ពុជា នៅក្នុងរយៈពេល២ខែនៃឆ្នាំ២០២៥ ពលរដ្ឋកម្ពុជា ដែលបានចេញទៅក្រៅប្រទេស គឺមានចំនួនសរុប ប្រមាណជា ជាង៣១ ម៉ឺននាក់ មានកំណើនកើនឡើង ប្រមាណជាជិត២០ ភាគរយ ។
ប្រភពដដែលនេះមិនបានបញ្ជាក់លំអិតថា ពលរដ្ឋកម្ពុជាចេញទៅណាខ្លះនោះទេ ប៉ុន្តែគេដឹងថា ភាគច្រើន គឺប្រហែជាទៅថៃ ទៅវៀតណាម ទៅសិង្ហបុរី ម៉ាឡេស៊ី ហើយហេតុផលចំបងនៃដំណើររបស់ពួកគេមួយចំនួនធំ គឺទៅកាន់ប្រទេសទាំងនោះ គឺទេសចរណ៍ ពិនិត្យនិងព្យាបាលជំងឺ និងកិច្ចការធុរកិច្ច ។
បុគ្គលិកក្រុមហ៊ុនទេសចរណ៍មួយរូបបានឲ្យដឹងថា ពលរដ្ឋកម្ពុជាមួយភាគធំដែលទៅវៀតណាមនៅពេលនេះ គឺពួកគេចាប់អារម្មណ៍នឹងដំណើរទេសចរណ៍ទៅកោះត្រល់ ដែលវៀតណាមគេហៅថា កោះភូគុក ហើយក្រៅពីនោះ គឺមានទៅដាឡាត់ ហូជីមិញ ជាដើម ។
លោកបានបន្តទៀតថា សម្រាប់អ្នកទេសចរសុខភាពពោល គឺទៅពិនិត្យជំងឺខាងក្រុមហ៊ុនទេសចរណ៍ មិនអាចគ្រប់គ្រង ឬដឹងច្បាស់ឡើយដោយសារតែភាគច្រើន បងប្អូនប្រជាពលរដ្ឋលោកបានទៅដោយខ្លួនឯងហើយក៏តែងតែឃើញពួកគេចាត់ចែងណាត់ជួបវេជ្ជបណ្ឌិតជាដើមដោយខ្លួនឯង មិនឆ្លងកាត់ក្រុមហ៊ុនទេសចរណ៍ឡើយ ៕
ចែករំលែកព័តមាននេះ