រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំថ្នាក់ដឹកនាំខេត្តត្រូវយកចិត្តទុកដាក់លើសន្តិសុខ ជាពិសេស ទប់ស្កាត់បទល្មើសបច្ចេកវិទ្យាក្នុងខេត្តភាគឦសានទាំង៤ នៃប្រទេសកម្ពុជា រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចបវ រធិបតី ហ៊ុន ម៉ាណែត បានណែនាំខេត្តទាំង៤ នៅភាគឦសាន ត្រូវគិតគូរឱ្យច្បាស់តំបន់ណា ត្រូវធ្វើតំបន់ឧស្សាហកម្ម តំបន់ណាជាតំបន់ទេសចរណ៍។
សម្តេចបវរធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«សូមខេត្តទាំងបួនយកចិត្តទុកដាក់រឿង សន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវធ្វើម៉េចទប់ស្ដាប់នូវសកម្មភាពទាំងឡាយដែលបង្ក អសន្ដិសុខ ជាពិសេសរឿងបទល្មើសបច្ចេកវិទ្យា ។ កិច្ចការងារនេះ ត្រូវប្រយ័ត្ន ហើយខេត្តយើងទាំងបួនតាំងពី១៩៩៩ មក យើងអភិវឌ្ឍប៉ុណ្ណឹងអត់មានពឹងលើបទល្មើសបច្ចេកវិទ្យាទេ អីញ្ចឹងយើងរស់បន្ដទៀត»។
លើសពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំខេត្តភាគឦសានទាំង៤នេះ ត្រូវធ្វើយ៉ាងណា ត្រូវជំរុញការវិនិយោគពិត ទៅលើវិស័យពិត គឺមិនពាក់ព័ន្ធជាមួយនឹងការខុសច្បាប់ ហើយក៏មិនពាក់ព័ន្ធជាមួយបញ្ហាសន្ដិសុខ ។
ជាមួយគ្នានោះដែរ សម្ដេចបវរធិបតីបានបន្ថែមថា បើសិនជាពឹងផ្អែកទៅលើវត្តមាននៃការឆបោកតាម
បច្ចេកវិទ្យានេះថា «ការចិញ្ចឹមទីផ្សារ កុំឱ្យសោះ» ខេត្តនីមួយៗ ធ្លាប់រស់ ហើយតាម បែបទេសចរណ៍ តាមបែបធម្មជាតិ គឺត្រូវបន្ដធ្វើជាបន្ដទៀត។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តការវិនិយោគនៅខេត្តទាំង៤ នៅភូមិភាគឦសាន ជាការវិនិយោគពិត ទៅលើវិស័យពិត ហើយមិនពាក់ព័ន្ធការអនុវត្តខុសច្បាប់ និងគោរពតា មអធិបតេយ្យភាពរបស់កម្ពុជា។
សម្ដេចបវរធីបតីនាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាព នៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែង ការពារ សន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជា ការខិតខំពង្រីក និងចែក ចាយផលលាភពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋានប្រជាជនខ្មែរ៕
ចែករំលែកព័តមាននេះ