ខេត្តកណ្តាល ៖ ចេញពីផ្ទះ បំណងទៅលេងឪពុកម្តាយ បុរសម្នាក់បានបើករថយន្តម៉ាកព្រូស (Prius) មួយគ្រឿង ចុះកំពង់ដស្វាយតានី ដើម្បីឆ្លងទូកដទៅត្រើយម្ខាងទៀត ប៉ុន្តែខណៈកំពុងបើកចុះដល់លើទូកដ ក៏បានជាន់ហ្គែរជ្រុលធ្លាក់ចូលទឹកទន្លេតែម្តង ភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយអ្នកនៅក្នុងរថយន្តចំនួន០៣នាក់ (ស្រី០១នាក់) ទាន់ពេលវេលា ចំណែកឯ រថយន្តបានលិចចូលទឹកទន្លេបាត់ ។
ហេតុការណ៍៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅត្រើយខាងកើត កំពង់ចម្លងស្វាយតានី ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមប្រភពព័ត៌មានពីគ្រួសាររងគ្រោះ បានប្រាប់អោយដឹងថា មុនកើតហេតុ ពួកគាត់មានគោលបំណងបើកបររថយន្ត ទៅលេងឪពុកម្តាយ នៅភូមិព្រែកសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ខណៈមកដល់ចំណុចកំពង់ចម្លងស្វាយតានី ត្រើយខាងកើត ហើយបើកចុះដល់លើទូកដ ក៏ស្រាប់តែជ្រុលហ្គែរ បណ្តាលអោយធ្លាក់ចូលទឹកទន្លេបាសាក់ ប៉ុន្តែជាសំណាងល្អ មនុស្សដែលនៅក្នុងរថយន្ត មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
ក្រោយកើតហេតុភ្លាមៗ លោក សេង វុធ និងលោក អេង វណ្ណឌី អភិបាលរង នៃគណៈអភិបាលស្រុកស្អាង បានដឹកនាំកម្លាំងអាវុធហត្ថស្រុក កម្លាំងអធិការស្រុក ក្រុមប្រឹក្សាឃុំត្រើយស្លា កម្លាំងប៉ុស្តិ៍នគរបាលឃុំ លោកមេភូមិពោធិ៍កណ្តាល ម្ចាស់អាជីវកម្មកំពង់ចម្លងស្វាយតានី ចុះជួយសង្គ្រោះមនុស្សក្នុងរថយន្តព្រូសដែលបានធ្លាក់ចូលក្នុងទឹកទន្លេ ស្រង់យកឡើងមកលើគោកវិញ ដោយសុវត្ថិភាព ។
ក្រោយជួយអូសរថយន្តមកលើគោកវិញ ក្រុមការងាររដ្ឋបាលខេត្តកណ្តាល ក៏បានប្រគល់ជូនដល់ម្ចាស់រថយន្ត យកទៅជួសជុលខ្លួនឯង ៕








ចែករំលែកព័តមាននេះ