ខេត្តស្ទឹងត្រែង ៖ សង្ក្រាន្តឆ្នាំថ្មីនាដែនដីភូមិភាគឦសានខេត្តស្ទឹងត្រែង បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមកម្សាន្តសប្បាយរាប់សែននាក់ រយៈពេលបីថ្ងៃជាប់គ្នា នាឆ្នាំ២០២៥ ក្រោមការដឹកនាំរៀបចំដោយលោកអភិបាលខេត្តស្ទឹងត្រែង ។

មុនពេលសង្ក្រាន្តឆ្នាំថ្មី ឈានចូលមកដល់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមការផ្តួចផ្ដើមឡើងដោយអភិបាលខេត្ត លោកបានណែនាំទៅគណៈកម្មការបែងចែកផែនរៀបចំកម្មវិធីជាច្រើនមុខផ្សេងៗពីគ្នាអមដោយក្បួរក្បាច់រចនាយ៉ាងទាក់ទាញ ។ រួមមានទាំងការប្រគំ តន្ត្រីកន្ត្រាក់អារម្មណ៍ កីឡាប្រដាល់គុណខ្មែរ បាញ់ទឹក បាញ់ពពុះសាប៊ូ ល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទទៀត ពិសេសល្បែងប្រជាប្រិយទាញ ព្រ័ត្រ មហិមា ដែលមានប្រវែង២២២ ម៉ែត្រ និងមានទម្ងន់ជាង៣០០គីឡូ ។

បើតាមប្រសាសន៍របស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រយៈ ពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៥ មានអ្នកចូលរួមលេងកម្សាន្ត សរុបប្រមាណជាជិត៣០ម៉ឺននាក់ ។

ជាការសង្កេតឃើញក្នុងពិធីសង្ក្រាន្តស្ទឹងត្រែង ឆ្នាំ២០២៥ក្រៅពីការរៀបចំកម្មវិធីជាច្រើនប្រភេទពោរពេញដោយការទាក់ទាញ គេក៏បានឃើញវត្តមានលោកអភិបាលខេត្តចូលរួមកម្សាន្តជាមួយប្រជាពលរដ្ឋរយៈពេលបីថ្ងៃជាប់គ្នា ដោយមានការសាទរគោរពស្រឡាញ់ពីប្រជាពលរដ្ឋយ៉ាងកក់ក្តៅផងដែរ ។
ពាក់ព័ន្ធទៅនឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជាការកត់សម្គាល់ក្នុងសង្ក្រាន្តស្ទឹងត្រែង ឆ្នាំ២០២៥នេះមានសន្តិសុខយ៉ាងល្អប្រសើរបំផុត ។ ពុំមានករណីក្មេងទំនើ.ងពុំមានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ពុំមានករណីអសន្តិសុខណាមួយកើតឡើងនោះឡើយ ក្នុងរង្វង់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះឡើយ ពោល គឺពោរពេញទៅដោយសុខសុវត្ថិ ភាពចាប់តាំងពីថ្ងៃចាប់ផ្ដើមនៃសង្ក្រាន្តដំបូងរហូតដល់ថ្ងៃបញ្ចប់ ៕







ចែករំលែកព័តមាននេះ