ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ប្រេង​ កំពុង​ត្រឡប់​ទៅ​រក​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​វិញ ជំរុញ​ដោយ​ការ​នាំ​ចេញពី​តំបន់​មជ្ឈិមបូព៌ា

3 ម៉ោង មុន

ទី​ក្រុងប៉ារីស ៖ យោង​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា បាន​ប្រកាស​ថា ទីផ្សារ​ប្រេង​ឆៅ​ពិភពលោក នឹង​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​វិញ នៅ​ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​នេះ ដោយសារ​ការ​នាំ​ចេញពី​តំបន់​មជ្ឈិមបូព៌ា​ស្ទុះ​ងើបឡើង​វិញ បើ​ទោះបីជា​មានការ​វាយប្រហារ​បន្តបន្ទាប់​លើ​ការ​ដឹក​ជញ្ជូន​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Reuters ។

ទីភ្នាក់ងារ​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស​ខាងលើ​បានឱ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ប្រចាំខែ​ថា ការ​ផ្គត់ផ្គង់​ប្រេង​នឹង​មាន​ជា​មធ្យម ១០៥ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ នៅ​ក្នុង​ត្រីមាស​ទី ៤ ដែល​ខ្ពស់​ជាង​តម្រូវការ​នៃ​ការ​ព្យាករ​ប្រមាណ ១,៧ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ដែល​ផ្ទុយ​ពី​ការ​ព្យាករណ៍​ពី​មុន​របស់​ខ្លួន​ដែល​ថា នឹង​មាន​ឱនភាព​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ត្រីមាស​ទី ៤ នៃ​ឆ្នាំ​នេះ​។ ទីភ្នាក់ងារ​នេះ បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថា ទីផ្សារ​ប្រេង​កំពុង​តែ​បង្ហាញ​សញ្ញា​បណ្តោះអាសន្ន​នៃ​ការ​មាន​តុល្យភាព​ឡើង​វិញ ដោយ​ការ​ផ្គត់ផ្គង់​ជាស​កល​មាន​លើស​ពី​តម្រូវការ​ជា​លើក​ដំបូង ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​។

តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ ក្រោយ​របាយការណ៍​នេះ ត្រូវ​បាន​ចេញផ្សាយ ដោយ​ប្រេង​ឆៅ​ប្រភេទ Brent នៅ​ក្នុង​ការ​ជួញដូរ​ចុង​ក្រោយ​នៃ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា បាន​ធ្លាក់​ចុះ ០,១% មក​នៅ​ត្រឹម ៩៥,៧១ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​។

ជាមួយ​គ្នា​នោះ​ដែរ IEA ក៏​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​បរិមាណ​នៅ​សល់ ដែល​នឹង​បាន​មក​ពី​ការ​បញ្ចេញ​ពី​ស្តុក​ប្រេង​បម្រុង​បន្ទាន់​របស់​សមាជិក​ខ្លួន ដែល​បាន​សន្យា​កាលពី​មីនា​កន្លង​ទៅ ដោយ​ថា ប្រេង​ចំនួន ៧១ លាន​បារ៉ែល នឹង​ត្រូវ​បាន​ផ្តល់​ជូន​នៅ​ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ​២០២៧ រួម​ទាំង​ប្រេងម៉ាស៊ូត ១៥ លាន​បារ៉ែល ដើម្បី​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ទីផ្សារ​សកល​។

របាយការណ៍​នេះ​បង្ហាញ​ថា ការ​នាំ​ចេញ​ប្រេង​ពី​តំបន់​ឈូង​សមុទ្រ​បាន​ស្ទុះ​ងើបឡើង​វិញ​ជា​ពិសេស​ដោយសារ​ការ​ជំរុញ​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ី​រ៉ា​ក់ បើ​ទោះជា​កប៉ាល់​ដឹក​ជញ្ជូន​មួយ​ចំនួន ត្រូវ​ប្រើប្រាស់​វិធីសាស្ត្រ​ឆ្លងកាត់​ដោយ​បិទ​ប្រព័ន្ធ​តាមដាន ឆ្លងកាត់​តាម​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដើម្បី​គេច​ចេញពី​ការ​វាយប្រហារ​យ៉ាងណា​ក៏​ដោយ​។​

លើស​ពី​នេះ ក្រុម OPEC+ ដែល​រួម​មាន​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​សម្ព័ន្ធមិត្ត ដូច​ជា​ប្រទេស​រុ​ស្ស៊ី​ជាដើម បាន​ផលិត​ប្រេង​ចំនួន ៤១,២៣​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ កាលពី​ខែតុលា​កន្លង​ទៅ ដែល​ជា​ការ​កើនឡើង​ប្រហែល ២,០៤​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ បើ​ធៀប​នឹង​ខែកញ្ញា ឬ​ស្មើនឹង ៩៧% នៃ​បរិមាណ កាលពី​ខែកុម្ភៈ មុន​ពេល​ផ្ទុះ​សង្គ្រាម​នៅ​អឺ​រ៉ុ​ង​។

សម្រាប់​ឆ្នាំ ២០២៧ IEA មើលឃើញ​ថា ទីផ្សារ​ប្រេង​អាច​នឹង​ជួប​ស្ថានភាព​លើស​តម្រូវការ​កាន់តែ​ខ្លាំង​ថែម​ទៀត ប្រហែល ៣,៨ លាន​បា​រែ​ល​ក្នុង​១​ថ្ងៃ ដោយ​បាន​ធ្លាក់​ចុះ​បន្តិច​ពី​ការ​ព្យាករ​របស់​ខ្លួន​ចំនួន ៣,៩៤ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ កាលពី​ខែ​មុន​៕