ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី លើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងថៃកាន់កា.ប់ទឹកដីកម្ពជាដោយខុសច្បាប់ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ ដែល​កម្ពុជា​ម្ចាស់ផ្ទះ​យ៉ាង​ដូច្នេះ​ថា ទោះបីជា​មាន​បទ​ឈប់​បាញ់​យ៉ាងណា​ក្តី កងទ័ព​រាប់​ពាន់​នាក់​នៅ​តែ​ប្រឈម​មុខ​ដាក់​គ្នា ដែន​អធិបតេយ្យ​របស់​កម្ពុជា​ជា​ច្រើន​កន្លែង នៅ​តែ​ត្រូវ​បាន​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​កងទ័ព​ថៃ ។

ថ្លែង​សុន្ទរកថា ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ (CCEC ) ក្នុង​រាជធានី​ភ្នំពេញ ក្រោម​មូលបទ «​រួម​គ្នា​បន្ត​កសាង​សន្តិភាព ដើម្បី​វិបុលភាព​រួម និង​ស្ថិរភាព​យូរអង្វែង​» សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជម្រាប​ជូន​អង្គប្រជុំ​អំពី​ស្ថានភាព​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​កើត​មានការ​ប៉ះទង្គិច​ដោយ​អាវុធ​ចំនួន ២​លើក កាលពី​ឆ្នាំ​២០២៥ ដោយ​សម្តេច​បាន​បញ្ជាក់​ច្បាស់​ៗ​ថា កម្ពុជា​មិនមែន​ជា​អ្នក​ផ្ដើម​បាញ់​មុន​នោះ​ឡើយ ។

សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា ៖«​បើ​ទោះបីជា​មាន​បទ​ឈប់​បាញ់ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏​ដោយ ក៏​ស្ថានភាព​នៅ​តែ​មាន​ភាព​ស្មុគស្មាញ និង​ផុយ​ស្រួយ​នៅឡើយ ដោយ​កងទ័ព​រាប់​ពាន់​នាក់​នៅ​តែ​ប្រឈម​មុខ​ដាក់​គ្នា ដែន​អធិបតេយ្យ​របស់​កម្ពុជា​ជា​ច្រើន​កន្លែង នៅ​តែ​ត្រូវ​បាន​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​កងទ័ព​ថៃ និង​បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​២០.០០០​នាក់ នៅ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​បាន​» ។

ជុំវិញ​បញ្ហា​ព្រំដែន​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​កម្ពុជា ដោយ​អំពាវនាវ​ឱ្យ​មានការ​គោរព​កិច្ចព្រមព្រៀង​ជា​ធរមាន​ទាំងអស់ និង​ស្នើ​ឱ្យ​ចាប់ផ្តើម​ឡើង​វិញ​នូវ​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំ ដែន​គោក​ដែល​មាន​ស្រាប់​តាំងពី​ជាង​មួយ​សតវត្សរ៍​មុន ចំណែកឯ​នៅ​តំបន់​សមុទ្រ​វិញ កម្ពុជា​បាន​ជ្រើសរើស​យក​ផ្លូវច្បាប់​តាម​រយៈ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ដែល​ភាគី​ថៃ​ក៏​បាន​ចូលរួម​ក្នុង​នីតិវិធី​នេះ​ផង​ដែរ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​ទៅ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ថា «​គ្មាន​ព្រំដែន​ណាមួយ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​អាវុធ ឬ​ការ​បង្កើត​អង្គហេតុ​សម្រេច​លើ​ទីតាំង​នោះ​ឡើយ ។ ការ​គោរព​ច្បាប់​អន្តរជាតិ គឺជា​ការ​ធានា​បាន​នូវ​សន្តិសុខ​ដល់​គ្រប់​បណ្តា​រដ្ឋ​មិន​ថា ជា​រដ្ឋ​ធំ ឬ​តូច​ឡើយ​» ។

ជាមួយ​គ្នា​នេះ សម្តេច​មហា​បវរ​ធិ​បតី បាន​ថ្លែងអំណរគុណ​ចំពោះ​អាស៊ាន និង​បណ្តា​ប្រទេស​ជា​មិត្ត​នៃ​សហគមន៍​អន្តរជាតិ ដែល​បាន​គាំទ្រ​បទ​ឈប់​បាញ់ និង​ដំណោះស្រាយ​តាម​រយៈ​កិច្ច​សន្ទនា និង​ច្បាប់​អន្តរជាតិ ។

លើក​ពី​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​តម្លៃ​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​រួម​គ្នា​ថា «​ការ​កសាង​សន្តិភាព ត្រូវការ​ពេលវេលា​ច្រើន​ជំនាន់ ប៉ុន្តែ​ការ​បាត់បង់​សន្តិភាព អាច​កើតឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។ សន្តិភាព​បង្កើត​ឱ្យ​មាន​ទំនុកចិត្ត ។ ទំនុកចិត្ត​ទាក់ទាញ​ការ​វិនិយោគ ហើយ​វិបុលភាព​រួម គឺជា​កត្តា​ការពារ​សន្តិភាព​»៕