កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយប្រទេសសមាជិកហ្វ្រង់កូហ្វូនី តាមរយៈការផ្លាស់ប្តូរឯកសារសំខាន់ៗចំនួន ៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា និងលិខិតសម្តែងបំណងចំនួន ៣ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាងកម្ពុជា និងភាគីមិត្តដែលជាប្រទេសសមាជិកហ្វ្រង់កូហ្វូនី ។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្នុងវេទិកាវិនិយោគនៃព្រឹត្តិការណ៍ «ហ្វ្រង់កូតិច (FrancoTech)» ដែលជាពិព័រណ៍នវានុវត្តន៍នៃបណ្តាប្រទេសនិយាយភាសាបារាំង រៀបចំឡើងអមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ ក្រោមមូលបទ «កម្ពុជា នៅចំបេះដូងនៃកាលានុវត្តភាពថ្មីៗ» និងប្រធានបទ «កម្ពុជា ៖ គោលដៅនៃការវិនិយោគ» ។
បន្ទាប់ពីថ្លែងសុន្ទរកថាគន្លឹះ ដោយលើកបង្ហាញពីព័ត៌មាន និងកត្តាសំខាន់ៗដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអញ្ជើញជាអធិបតី និងជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួន ៣ រួមមាន ៖

ទី ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មាន រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃ ក.អ.ក. និងទីភ្នាក់ងារសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋកុងហ្គោ តំណាងដោយលោក Michel DJOMBO BALOMBELLY រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងការលើកកម្ពស់វិស័យឯកជនកុងហ្គោ ។
ទី ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មាន រវាង ក.អ.ក. តំណាងដោយលោក ជា វុទ្ធី និងសភាពាណិជ្ជកម្មម៉ូណាកូ តំណាងដោយលោក Guillaume Rose នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មម៉ូណាកូ ។

ទី ៣. លិខិតសម្តែងបំណងស្តីពីកិច្ចសហការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មាន រវាង ក.អ.ក. តំណាងដោយលោក ជា វុទ្ធី និងទីភ្នាក់ងារជាតិសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋហ្គាបុង តំណាងដោយលោក Ghislain MOANDZA MBOMA អគ្គនាយកទីភ្នាក់ងារជាតិសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋហ្គាបុង ។
ការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការទាំង៣នេះ គឺជាការបោះជំហានមួយក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងដៃគូប្រទេសសមាជិកហ្វ្រង់កូហ្វូនី លើវិស័យវិនិយោគ ព្រមទាំងការផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្កើនឱកាសសហការធុរកិច្ច និងវិនិយោគរវាងភាគីទាំងពីរ ៕





ចែករំលែកព័តមាននេះ