ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ៖ សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញនាំឱ្យមានការពង្រឹងសន្តិភាព ការបង្រួបបង្រួមជាតិ និងនាំយកស្នាមញញឹមខ្មែរទៅកាន់ពិភពលោក

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វព្រះរាជហឫទ័យ​ក្រើនរម្លឹក​ដល់​អង្គប្រជុំ​អំពី​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នៃ​សន្តិភាព ការ​អភិវឌ្ឍ​ដោយ​ផ្អែក​លើ​ការ​បង្រួបបង្រួម​ជាតិ និង​ស្មារតី​អហិង្សា ដោយ​យកឈ្នះ​សេចក្តី​ស្អប់​ដោយ​សេចក្តី​ស្រឡាញ់ ។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង បាន​មាន​ព្រះរាជ​បន្ទូល​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដោយ​ព្រះ​អង្គ​បាន​ទត​ឃើញ​ថា «​ប្រវត្តិសាស្ត្រ​របស់​យើង​បាន​បង្រៀន​យើង​ថា វិបុលភាព​មិន​អាច​ស្ថិតស្ថេរ​បាន​ឡើយ ប្រសិនបើ​គ្មាន​សន្តិភាព ។ សម្រាប់​យើង ការ​រួម​គ្នា​បន្ត​កសាង​សន្តិភាព មាន​ន័យ​ថា ការ​ផ្តល់​ជូន​មនុស្ស​ជំនាន់​ក្រោយ​នូវ​អ្វី​ដែល​ប្រជាជន​របស់​យើង​បច្ចុប្បន្ន​ពុំ​មាន​យូរ​មក​ហើយ ។ ដែល​នោះ គឺជា​អត្ថន័យ​នៃ​ការ​រស់​ឡើង​វិញ​របស់​ជាតិ​យើង​» ។ ព្រះ​អង្គ​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​សេច ក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ សេចក្តីសម្រេច និង​សេចក្តី​អំពាវនាវ​ដែល​នឹង​ដាក់​ឈ្មោះ​តាម​រាជធានី​នៃ​ប្រទេស​កម្ពុជា​នេះ នឹង​ត្រូវ​យក​ទៅ​ប្រែ​ក្លាយជា​ការ​ប្តេជ្ញា​ចិត្ត​ជាក់ស្តែង និង​សកម្មភាព​ដែល​មាន​និរន្តរភាព ដោយ​ត្រូវ​ផ្តល់​តួនាទី​ពេញលេញ​ដល់​ស្ត្រី និង​យុវជន​ក្នុង​ការ​សម្រេចចិត្ត និង​កសាង​សន្តិភាព ដែល​ជា​លក្ខខណ្ឌ​ដ៏​សំខាន់​ដើម្បី​ធានា​ឱ្យ​សន្តិភាព​មាន​ភាពរឹងមាំ និង​យូរអង្វែង ។

ទាក់ទង​នឹង​អត្តសញ្ញាណ និង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​កម្ពុជា ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​រៀបរាប់​អំពី «​ស្នាមញញឹម​ខ្មែរ​» ដែល​ឆ្លុះ​បញ្ចាំង​ទាំង​នៅ​លើ​ព្រះ​ភក្ត្រ​ថ្ម​នៃ​ប្រាសាទបាយ័ន និង​តាម​បណ្តា​ទីផ្សារ វត្ត​អារាម និង​សាលារៀន ដែល​ធ្លាប់​បាន​បាត់បង់​ក្នុង​សម័យ​សោកនាដកម្ម មុន​នឹង​វិល​ត្រឡប់​មក​វិញ​តាម​រយៈ​ការ​ជ្រើសរើស​យក​ផ្លូវ​នៃ​ការ​បង្រួបបង្រួម​ជាតិ ។

ជាមួយ​គ្នា​នោះ​ដែរ ព្រះ​អង្គ​បាន​សង្កត់ធ្ងន់​លើ​ស្មារតី​អភ័យទោស និង​ពុទ្ធឱវាទ​ដ៏​មាន​តម្លៃ​ថា «​ប្រជាជន​របស់​យើងខ្ញុំ​យល់​ច្បាស់​ណាស់​ថា ការ​កសាង​ប្រទេស​ឡើង​វិញ មិន​អាច​ផ្អែក​លើ​ការ​សងសឹក​នោះ​ទេ ហើយ​ពុទ្ធឱវាទ​ដែល​ដិត​ជាប់​ប្រជាជន​ទាំងអស់ គឺ​តែងតែ​ក្រើនរម្លឹក​អំពី​បញ្ហា​នេះ​ជា​និច្ច​ដោយ​សេចក្តី​ស្អប់​មិន​អាច​រំលាយ​ដោយ​សេចក្តី​ស្អប់​បាន​ឡើយ គឺ​មាន​តែ​សេចក្តី​ស្រឡាញ់​តែ​ប៉ុណ្ណោះ ទើប​អាច​រំលាយ​សេចក្តី​ស្អប់​បាន​» ។ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី បាន​មាន​ព្រះរាជ​បន្ទូល​អញ្ជើញ​គណៈប្រតិភូ​អន្តរជាតិ​ទាំងអស់​នាំ​យក​រសជាតិ​នៃ​សន្តិភាព និង​មិត្តភាព​នេះ​ត្រឡប់​ទៅ​កាន់​ប្រ​ទេ​សៀង​ៗ​ខ្លួន​វិញ​ថា «​ខ្ញុំ​សូម​ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី នាំ​យក​ទៅ​ជាមួយ​នូវ​ស្នាមញញឹម​នេះ​ពី​ទីក្រុង​ភ្នំពេញ ។ នៅ​កម្ពុជា រៀង​រាល់ពេល​ព្រឹក សន្តិភាព​ចាប់ផ្តើម​ពី​ស្នាមញញឹម​ដែល​មនុស្ស​ម្នាក់​ផ្ដល់​ទៅ​មនុស្ស​ម្នាក់ និង​ការ​លើកដៃ​សំពះ​គ្នា ។ ហើយ​ព្រឹក​មិ​ញ​នេះ យើងខ្ញុំ​ក៏​បាន​លើកដៃ​សំពះ​ទៅ​កាន់​ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី​ផង​ដែរ​»​។

ព្រះមហាក្សត្រ​ក៏​បាន​សម្តែង​នូវ​ព្រះរាជ​សព្ទសាធុការពរ​ជ័យ​ឱ្យ​កិច្ច​ពិភាក្សា និង​ការ​បំពេញការងារ​របស់​គណៈប្រតិភូ​ទាំងអស់ ទទួល​បាន​ជោគជ័យ​ពេញលេញ ដោយ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​កំពូល​នៅ​រាជធានី​ភ្នំពេញ​នេះ នឹង​បន្សល់​ទុក​នូវ​ស្នាម​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​នៅ​ក្នុង​គ្រួសារ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ទាំងមូល ៕