ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាលេចធ្លោលើឆាកឌីជីថលអន្តរជាតិ ខណៈប្រទេសដទៃយកដំណោះស្រាយបច្ចេកវិទ្យារបស់កម្ពុជាទៅប្រើប្រាស់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងពង្រីកសមត្ថភាពលើឆាកឌីជីថលអន្តរជាតិ ដោយដំណោះស្រាយបច្ចេកវិទ្យាជាតិបានចាប់ផ្តើមត្រូវបានប្រទេសដទៃយកទៅប្រើប្រាស់ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ក្នុងវេទិការដ្ឋមន្ត្រីស្តីពីរដ្ឋាភិបាលឌីជីថល នៃព្រឹត្តិការណ៍ហ្វ្រង់កូតិច ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ។

សមិទ្ធផលលេចធ្លោគឺប្រព័ន្ធ Verify.gov.kh ដែលជាវេទិកាជាតិផ្ទៀងផ្ទាត់ឯកសារឌីជីថល និងបានទទួលពានរង្វាន់សេវាសាធារណៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ ២០២៦ ។ គិតត្រឹមខែតុលា ប្រព័ន្ធនេះត្រូវបានប្រើប្រាស់ដោយក្រសួង និងស្ថាប័នសាធារណៈចំនួន ៣៨ និងគ្រឹះស្ថានអប់រំចំនួន ៧៧ ដោយគាំទ្រការផ្ទៀងផ្ទាត់ឯកសារប្រមាណ ១២លាន ។ ជាពិសេស ទីម័រខាងកើតបានយកបច្ចេកវិទ្យានេះទៅប្រើក្នុងប្រព័ន្ធផ្តល់បណ្ណបើកបរ ខណៈហ្វីលីពីនបានប្រើប្រាស់រចនាសម្ព័ន្ធប្រព័ន្ធដែលផ្អែកលើបច្ចេកវិទ្យានេះ សម្រាប់អត្តសញ្ញាណឌីជីថលជាតិរបស់ខ្លួន ។

ជាមួយគ្នានេះ កម្ពុជាកំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយបណ្តាញទូរស័ព្ទចល័តជំនាន់ទី ៤ គ្របដណ្តប់ប្រជាជន ៩៥,១ភាគរយ និងជំនាន់ទី ៥ សម្រេចបាន ៣៤,៥ភាគរយ ។ ខ្សែកាបអុបទិកក្រោមបាតសមុទ្រថ្មី ត្រូវបានរំពឹងថានឹងដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៧ ។ កម្ពុជាក៏បានដាក់ឱ្យប្រើប្រាស់កម្មវិធី DG SuperApp សម្រាប់សេវារដ្ឋាភិបាលឌីជីថល និងមានគោលដៅបណ្តុះបណ្តាលអ្នកជំនាញឌីជីថលយ៉ាងតិច ១០ម៉ឺននាក់ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ។ លើសពីនេះ កម្ពុជាកំពុងជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ និងការគ្រប់គ្រងទិន្នន័យ ព្រមទាំងអភិវឌ្ឍសួនឌីជីថលទំហំ ១០០ហិកតា និងមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យា ជំរុញនវានុវត្តន៍ និងទាក់ទាញការវិនិយោគ ។

ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថលត្រូវការភាពជាអ្នកដឹកនាំ ការអភិវឌ្ឍមូលធនមនុស្ស ជំនឿទុកចិត្តពីសាធារណជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ឯកឧត្តមបានជំរុញឱ្យប្រទេសនានាចែករំលែកបទពិសោធ និងដំណោះស្រាយឌីជីថល ដើម្បីកាត់បន្ថយការចំណាយ និងពន្លឿនការអភិវឌ្ឍ ដោយសង្កត់ធ្ងន់ថា «បច្ចេកវិទ្យាត្រូវតែបម្រើមនុស្ស មិនមែនមនុស្សត្រូវបម្រើបច្ចេកវិទ្យានោះទេ» ៕