អភិបាលស្រុកបាទី ចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ ដល់កងកម្លាំងចម្រុះកំពុងបំពេញភារកិច្ចការពារសន្តិសុខ
- តាកែវ
ខេត្តតាកែវ ៖ ដើម្បីចូលរួមចំណែកគាំទ្រ និងលើកទឹក ចិត្តដល់ស្មារតីលះបង់របស់កងកម្លាំងមានសមត្ថកិច្ច នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងបាននាំយកគ្រឿងឧបភោគ បរិភោ គមួយចំនួន ទៅឧបត្ថម្ភជូនដល់កងកម្លាំងដែលកំពុងឈរជើងប្រចាំការនៅតាមគោលដៅនានា ។
លោកអភិបាលស្រុក បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមមាន សាច់គោ មី និងទឹកបរិសុទ្ធ ប្រគល់ជូនដល់កងកម្លាំងចម្រុះទាំង ៣ ប្រភេទ រួមមាន កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ កងរាជអាវុធហត្ថខេត្តតាកែវ និងកងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ដែលកំពុងបំពេញបេសកកម្មឈរជើងប្រចាំការចំនួន ៥គោលដៅ ក្នុងភូមិសាស្ត្រខាងលើ ។
លោក សាយ វណ្ណៈ ក៏បានបន្តដំណើរចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទាំងនេះ ទៅឧបត្ថម្ភជូនដល់កងកម្លាំងនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងប្រចាំការអនុវត្តវិធានការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមបណ្តោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកបាទីផងដែរ ។
លោកអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់កងកម្លាំងគ្រប់អង្គភាព ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាប្រកបដោយវិន័យ និងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងធានាបាននូវភាពស្ងប់ស្ងាត់ និងសុវត្ថិភាពល្អប្រសើរនៅតាមគោលដៅយុទ្ធសាស្ត្រក្នុងមូលដ្ឋាន ៕





ចែករំលែកព័តមាននេះ