ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីកិត្តិយសជាតិ! សៀមរាបត្រៀមកម្លាំងជិត ៣ពាន់នាក់ ការពារសន្តិសុខថ្វាយព្រះមហាក្សត្រ និងទទួលប្រធានាធិបតីបារាំង ព្រមទាំងប្រតិភូហ្វ្រង់កូហ្វូនី

9 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​ក្រោម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ខេត្តសៀមរាប ស្នង​ការដ្ឋាន​នគរបាល​ខេត្ត សៀមរាប ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​រៀបចំ និង​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​នូវ​កម្លាំង​សរុបមធ្យោបាយ និង​សម្ភារ​បច្ចេក ទេស​ប្រមាណ​ជិត​៣​ពាន់​នាក់ ដើម្បី​ធានា​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ បានឱ្យ​ដឹង​ថា ការ​ត្រៀមកម្លាំង​ការពារ​នេះ ធ្វើ​ឡើង​ដើម្បី​ស្វាគមន៍ និង​ថែរក្សា​សន្តិសុខ​ថ្វាយ​ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ទទួល​ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង (Emmanuel Macron) ប្រ​ធានា​ធិ​បតី​នៃ​សាធារណរដ្ឋ​បារាំង រួម​ទាំង​គណៈ​ប្រ​តិ​ភូ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប ដែល​នឹង​យាង និង​អញ្ជើញ​មក​បំពេញ​ព្រះរាជ​បេស​ក​កម្ម និង​ទស្សនកិច្ច​ផ្លូវការ ក្នុង​ឱកាស​ពិធី​បិទ​បញ្ចប់​ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច និង​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ហ្វ្រ​ង់​កូ​ហ្វូ​នី ទៅ​តាម​តំបន់​ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប​។

លោក​ឧត្ដមសេនីយ៍ទោ បាន​ណែនាំ​ដល់​គ្រប់​អង្គភាព និង​កងកម្លាំង​ពាក់​ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ផែនការ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ត្រូវ​រៀបចំ​កម្លាំង មធ្យោបាយ និង​សម្ភារ​បច្ចេក​ទេស​ឱ្យ​បាន​គ្រប់គ្រាន់ ព្រមទាំង​បែងចែក​ភារកិច្ច និង​កំណត់​គោលដៅ​ការពារ​ឱ្យ​បាន​ច្បាស់លាស់ ស្រប​តាម​តួនាទី និង​ភារកិច្ច​របស់​អង្គភាព​នីមួយ​ៗ​។​

​ជា​ពិសេស​ត្រូវ​ពង្រឹង​ការ​យាម​ល្បាត ការ​ត្រួតពិនិត្យ និង​ការ​គ្រប់គ្រង​ស្ថានភាព​សន្តិសុខ​តាម​គោលដៅ​សំខាន់​ៗ ទីតាំង​ប្រារព្ធ​ពិធី តំបន់​ទេសចរណ៍ និង​តាម​ដងផ្លូវ​ដែល​គណៈប្រតិភូ​ធ្វើ​ដំណើរ​ឆ្លងកាត់ ព្រមទាំង​ត្រៀមកម្លាំង​អន្តរាគមន៍​ឱ្យ​បាន​រួច​ជា​ស្រេច ដើម្បី​ដោះស្រាយ​រាល់​សភាពការណ៍​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​។

​លោកស្នងការ​បាន​សង្កត់ធ្ងន់​ឱ្យ​កងកម្លាំង​ទាំងអស់ ត្រូវ​មាន​ស្មារតី​ទទួល ខុស​ត្រូវ​ខ្ពស់ គោរព​វិន័យ និង​បទបញ្ជា​របស់​អង្គភាព ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​នគរបាល​ជាតិ មាន​ឥរិយាបថ​សុភាព​រាបសា និង​រួសរាយ​រាក់ទាក់​ក្នុង​ការ​បំពេញ​តួនាទី ព្រមទាំង​សហការ​ឱ្យ​បាន​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​។​លោក​ក៏​បាន​ជំរុញ​ឱ្យ​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ រួម​សាមគ្គីភាព និង​សហការ​គ្នា​អនុវត្ត​ផែនការ​ឱ្យ​បាន​ជោគជ័យ ដើម្បី​ធានា​ថា ពិធី​ដ៏​មាន​សារៈសំខាន់​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន សុវត្ថិភាព និង​មាន​កិត្តិយស​សម្រាប់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រមទាំង​រួមចំណែក​លើក កម្ពស់​កិត្យានុភាព និង មុខមាត់​របស់ ខេត្ត សៀមរាប​លើ​ឆាក​អន្តរជាតិ​។​

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​សំណូមពរ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប ក៏​ដូច​ជា​ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​អញ្ជើញ​មក​ទស្សនា ក៏​ដូច​ជា​ទស្សនកិច្ច​នៅ​ក្នុង​ខេត្ត​សៀម​រាប យោគយល់​និង​ចូលរួម ជាមួយ​កងកម្លាំង​ពាក់ព័ន្ធ​តម្រាយ​ផ្លូវ នឹង​ការងារ​សណ្ដាប់ធ្នាប់ ជា​ពិសេស​អ្នក​សៀមរាប​ជា​ពិសេស​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​សូម​រក្សា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ ចូលរួម​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​រៀបចំ​ទទួល​ស្វាគមន៍ ដើម្បី​កិត្តិយស​ប្រទេស និង​ខេត្ត​របស់​យើង​៕