ខឹ.ងមិនបង់ប្រាក់ថ្លៃតូប ថៅកែផ្សារលេងធម៌ក្តៅ
- ព្រៃវែង
ខេត្តព្រៃវែង ៖ លោកយាយ ក្រឹម ទៀប អាយុ 69 ឆ្នាំ រស់នៅឃុំសំរោង ស្រុកស្វាយអន្ទរ កំពុងស្រែកយំរកយុត្តិធម៌ ខណៈតូបកាត់ដេររបស់គាត់ ត្រូវបានថៅកែផ្សារគាស់ទម្លោះទម្លាយអស់ គឺលេងធម៌ក្តៅ ដោយសារតែគាត់គ្មានលុយបង់ថ្លៃឈ្នួលតូប។
លោកយាយ ក្រឹម ទៀប បានឱ្យដឹងថា គាត់នឹងកូនស្រីបានជួលតូបនៅក្នុងផ្សារថ្នល់កែងសំរោងប្រកបរបរកាត់សំលៀកបំពាក់ចិញ្ចឹមជីវិត៧ឆ្នាំមកហើយ ដោយជួលតូបដំបូងកុងត្រា ៧ ឆ្នាំ ក្នុងតម្លៃ ១៣០០ ដុល្លារ គិតចាប់ពីឆ្នាំ ២០១៧ រហូតដល់ ២០២៤។ លុះដាច់កុងត្រា ថៅកែផ្សារបានតម្រូវឲ្យគាត់បង់លុយបន្តកុងត្រាថ្មី ក្នុងតម្លៃ ១២០០ ដុល្លាររយៈពេល ៧ ឆ្នាំដដែល តែរូបគាត់និងកូនស្រីគ្មានលុយបង់ ក៏សុំគេបង់ជាដំណាក់កាលម្ដង១លានរៀល តែថៅកែផ្សារមិនព្រម ចំណែករូបគាត់គ្មានលុយបង់មិនដឹងធ្វើម៉េច ក៏ចេះតែពន្យារពេល រហូតដល់ថ្ងៃទី ១០ វិច្ឆិកា ២០២៦ ស្រាប់តែថៅកែផ្សារលេងធម៌ក្តៅព្រៃផ្សៃប្រើកូនចៅមកគាស់ទម្លោះទំលាយតូបរបស់គាត់ទាំងយប់បណ្ដាលអោយខូចខាតអស់គ្មានសល់។
លោកយាយបញ្ជាក់ថា គាត់ជាស្ត្រីមេម៉ាយប្ដីទើបស្លាប់ចោល ជីវភាពខ្វះខាតណាស់ ពេលនេះតូបត្រូវគេគាស់ទម្លោះទម្លាយអស់ទៀត គាត់គ្មានលទ្ធភាពជួសជុលតូបវិញទេ គាត់បានប្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរឃុំឲ្យជួយដោះស្រាយដែរ ប៉ុន្តែពុំទទួលបានលទ្ធផល ដូច្នេះមានតែប្ដឹងឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ ដើម្បីឱ្យគេដឹងឮជួយរកយុត្តិធម៌អោយគាត់ផង។
ជុំវិញបញ្ហានេះ លោក នី ប៊ុនធឿន ថៅកែផ្សារថ្នល់កែងសំរោង បានឲ្យដឹងថា រូបលោកពិតជាបានឲ្យកូនចៅទៅកាត់រុះរើតូបលោកយាយ ក្រឹម ទៀប ពិតមែន គឺដោយសារតែលោកយាយមិនព្រមបង់លុយជួលតូបបន្តកុងត្រាថ្មី។ ដោយកុងត្រាចាស់ត្រូវផុតកំណត់នៅចុងឆ្នាំ ២០២៤ តែលោកយាយគ្មានលុយបង់បន្តកុងត្រា រូបលោកក៏អនុគ្រោះពន្យារពេលឱ្យ ពីមួយខែទៅមួយខែរហូតមកដល់ពេលនេះ ២ឆ្នាំហើយ លោកយាយនៅតែគ្មានលុយបង់ ហើយបានជំពាក់ថ្លៃទឹកភ្លើងជិត 40 ម៉ឺនរៀលទៀត។
លោក នី ប៊ុនធឿន ថៅកែផ្សារថ្នល់កែងសំរោង បានបញ្ជាក់ថា អាជីវករផ្សេងទៀតនៅក្នុងផ្សារជិត ២០ តូបគេបានបង់លុយបន្តកុងត្រាអស់ហើយ នៅសល់តែលោកយាយហួស២ឆ្នាំហើយមិនព្រមបង់លុយសោះ ទើបលោកបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំឲ្យជួយដោះស្រាយជាច្រើនលើក តែក្នុងពេលដោះស្រាយលោកយាយតែងតែសន្យាថា បង់នៅខែនេះខែនោះ ហើយលទ្ធផលបំពានកិច្ចសន្យារហូត គឺអត់ព្រមបង់លុយសោះ ទើបត្រូវបង្ខំចិត្តប្រើកម្លាំងរុះរើតូបនោះចេញ ដើម្បីយកទីតាំងជួលឱ្យអាជីវករថ្មី។
ដោយឡែកខាងអាជ្ញាធរវិញលោក កែវ កុសលមេឃុំសំរោង មិនអាចសុំការបកស្រាយបានទេដោយសារទូរសព្ទរបស់លោកចំនួន ២ ខ្សែ ខលចូលគ្មានអ្នកទទួល។ ចំណែកលោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ បានឲ្យដឹងថា បញ្ហានេះរូបលោកមិនទាន់ទទួលបានព័ត៌មានទេ ប៉ុន្តែលោកសុំពេលសាកសួរទៅអាជ្ញាធរឃុំសិន ដើម្បីអោយដឹងថា រឿងនេះវាយ៉ាងណា? និងបានដោះស្រាយហើយឬនៅ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ