អភិបាលខេត្តកំពង់ស្ពឺ បានជំរុញដល់មន្ទីរជំនាញ និងរដ្ឋបាលក្រុង-ស្រុក ឱ្យបង្កើនសហការដោះស្រាយបញ្ហាប្រឈម ដើម្បីពន្លឿនចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋដែលនៅសេសសល់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញ និងណែនាំដល់មន្ទីរជំនាញ សុរិយោដី សាខាពន្ធដារខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ឱ្យបង្កើនកិច្ចសហការគ្នាឱ្យកាន់តែស្អិតរមួត យកចិត្តទុកដាក់ពិនិត្យ សម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម ឬភាពកកស្ទះនានាដែលនៅសេសសល់ ដើម្បីពន្លឿននីតិវិធីនៃការចេញប័ណ្ណ និងឈានទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
ការជំរុញ និងណែនាំរបស់លោកអភិបាលខេត្តកំពង់ស្ពឺ ដល់មន្ទីរជំនាញនិងរដ្ឋបាលក្រុង-ស្រុក កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំជំរុញ និងដោះស្រាយបណ្ណកកស្ទះ ក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្តកំពង់ស្ពឺ។
មានប្រសាសន៍បើកកិច្ចប្រជុំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងពីសារៈសំខាន់នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាគោលនយោបាយអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់កម្មសិទ្ធិស្របច្បាប់ ធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយទំនាស់ដីធ្លីជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញ និងណែនាំដល់មន្ទីរជំនាញ សាខាពន្ធដារខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ឱ្យបង្កើនកិច្ចសហការគ្នាឱ្យកាន់តែស្អិតរមួត យកចិត្តទុកដាក់ពិនិត្យ សម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម ឬភាពកកស្ទះនានាដែលនៅសេសសល់ ដើម្បីពន្លឿននីតិវិធីនៃការចេញប័ណ្ណ និងឈានទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សា និងដាក់ចេញនូវវិធានការជាក់ស្តែងមួយចំនួន ព្រមទាំងជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តចុះផ្សព្វផ្សាយ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋនៅតាមតំបន់គោលដៅ ឱ្យចូលរួមសហការផ្តល់ឯកសារពាក់ព័ន្ធជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីឱ្យដំណើរការងារនេះសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ៕



ចែករំលែកព័តមាននេះ