សម្ដេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូន ប្រធានាធិបតីបារាំង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងលោកជំទាវប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ព្រះរាជពិធីនៅព្រះបរមរាជវាំង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងកិច្ចសហប្រតិបត្តិការជាច្រើនទសវត្សរ៍មកហើយ ។ តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីបារាំងលើកនេះ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ហើយអ្វីដែលកម្ពុជារំពឹងទុកពីដំណើរទស្សនកិច្ចនេះ គឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន ។

លើសពីនេះ ការចូលរួមរបស់ប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសនិយាយភាសាបារាំងនៅលើពិភពលោក ។
ដំណើរទស្សនកិច្ចនេះ មិនមែនគ្រាន់តែជាការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរនោះទេ ប៉ុន្តែជាការបន្តពង្រឹងចំណងមិត្តភាព និងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្ដែង ដែលអាចផ្ដល់ផលប្រយោជន៍យូរអង្វែងដល់ប្រទេស និងប្រជាជនកម្ពុជា និងបារាំងទាំងសងខាងផងដែរ ៕

ចែករំលែកព័តមាននេះ