រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពគា.ស់បន្ទប់ជាងថតរូប នាយប់ថ្ងៃចូលឆ្នាំទី៣ ហើយលួចបានសម្ភារៈមួយចំនួនបម្រុងយកចេញគេចខ្លួនក៏ត្រូវអស់លក្ខណ៍ ដោយកម្លាំងនគរបាលប៉ុស្តិ៍ពងទឹកនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោល្បាតឃើញទាន់ ក៏បានធ្វើការឃាត់ខ្លួនបានទាំង២នាក់ រួចនាំយកទៅធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួលស្ថិតនៅតាមផ្លូវបេតុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១/ឈ្មោះ មាន សុខា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២/ឈ្មោះ សន ចាន់ហ្វីលីប ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទាំង២នាក់នេះស្នាក់នៅក្នុងរោងក្នុងដីឡូតិ៍គ្មានលេខមួយកន្លែង ស្ថិតនៅតាមផ្លូវឌួងងៀប សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានផ្ទុកសារធាតុញៀ.នក្នុងខ្លួន) ។

កម្លាំងនគរបាលប៉ុស្តិ៍ពងទឹកដកហូតបានវត្ថុតាងមួយចំនួនរួមមាន កុំព្យូទ័រ ឡេបថបម៉ាកAcer ១គ្រឿង ,កាបូបដាក់កុំព្យូទ័រ១, ខ្សែសាកថ្មកុំព្យូទ័រ១, មេសោចាក់បន្ទប់ចំនួន០១ ដែលជនសង្ស័យលួចបាន ហើយជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ យ័ន យុទ្ធ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
ដោយឡែក វត្ថុតាងមួយចំនួនទៀតមានដូចជា កាបូបស្ពាយ១, ទួនណាវីសចំនួន០២ដើម, កូនសោ០១ចង្កោម, ម៉ូតូម៉ាកធូដេ ពណ៌ក្រហម គ្មានស្លាកលេខ១គ្រឿង ,និងកាបូបលុយ១ គឺជារបស់ជនសង្ស័យ ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ពងទឹកបានជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋានសង្កាត់របស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខណៈដែលបងប្អូនប្រជាពលរដ្ឋមិននៅផ្ទះជាប់រវល់ទៅលេងស្រុកកំណើតអស់ ។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានឃើញជនសង្ស័យ២នាក់ខាងលើកំពុងធ្វើសកម្មភាពគា.ស់បន្ទប់ជាងថត លួចយកវត្ថុតាងខាងលើបម្រុងនាំគ្នាគេចខ្លួន ឃើញដូចនេះនគរបាលប៉ុស្តិ៍ខាងលើក៏បានឃាត់ខ្លួនតែម្ដង ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកបាននាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។ ខណៈនោះ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគា.ស់បន្ទប់ជួលជាងថតរូបចូលលួចយកទ្រព្យសម្បត្តិប្រាកដមែន៕
ចែករំលែកព័តមាននេះ