ខេត្តកំពត ៖ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីការប្រទះឃើញសត្វផ្សោតនៅឆ្នេរសមុទ្រ ក្រុងបូកគោ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពតសហការជាមួយក្រុមការងារអង្គការអភិរក្សសមុទ្រកម្ពុជា បានចុះសង្គ្រោះបន្ទាន់ ដើម្បីបញ្ចៀសពីការបាត់បង់ជីវិតដោយប្រការណាមួយ ។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់ឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ពលរដ្ឋបានប្រទះឃើញសត្វផ្សោតចំនួន៥ក្បាល មកហែលក្បែរឆ្នេរ ដែលមើលទៅហាក់បីដូចជា ត្រូវការជំនួយពីអ្នកជំនាញ ។

ក្រោយទទួលដំណឹងនេះភ្លាម ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានចុះទៅពិនិត្យដល់ទីតាំង ហើយក៏ឃើញសត្វផ្សោតចំនួន៣ក្បាល ដោយ២ក្បាលទៀតបានហែលចូលទៅទឹកជ្រៅវិញ ។
លោកនាយខណ្ឌបានបញ្ជាក់ថា នេះជាផ្សោតប្រភេទថ្មី ដែលពុំធ្លាប់មាននៅក្នុងដែនសមុទ្រកម្ពុជា ដោយភាគច្រើនពួកវាមាននៅសមុទ្រនៃប្រទេសម៉ាឡេស៊ី ។ នេះជាប្រភឹទផ្សោតក្បាលតាសក់(Melon-Headed Whale)។

ក្រោយពីបានពិនិត្យលើសត្វផ្សោតទាំង៣ក្បាលមានភាពខ្សត់ខ្សោយកម្លាំង ក្រុមអ្នកជំនាញបានចុះទៅសង្គ្រោះភ្លាមៗដោយក្រុមអ្នកជំនាញបានធ្វើការទ្រសត្វផ្សោតទាំងនោះ ឱ្យច្រមុះរបស់វាផុតពីទឹកដើម្បីងាយស្រួលដកដង្ហើម ព្រោះច្រមុះពួកវាស្ថិតនៅលើខ្នង ។
សត្វផ្សោតទាំងនេះបានហែលមកពីតំបន់ឆ្ងាយ ហើយអស់កម្លាំងទើបមកកៀនច្រាំងស្ថិតក្នុងភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោនេះ ៕

ចែករំលែកព័តមាននេះ