ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រើនរំលឹកពលរដ្ឋ​​ឱ្យ​ប្រុង​ប្រយ័ត្ន​​ទៀន​ធូប​​និង​ភ្លើង​តុបតែង​ បញ្ចៀស​អគ្គិភ័យ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

1 អាទិត្យ មុន
  • ភ្នំពេញ

​​រាជធានី​ភ្នំពេញ​ ៖​ លោក​ឧត្ដមសេនីយ៍ឯក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ បានរំលឹក​​ដល់​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ទាំង​ទៀន​​ធូប ​និង​ភ្លើង​តុបតែង ​ដើម្បី​បញ្ចៀស​អគ្គិភ័យ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​…

​​រាជធានី​ភ្នំពេញ​ ៖​ លោក​ឧត្ដមសេនីយ៍ឯក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ បានរំលឹក​​ដល់​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ទាំង​ទៀន​​ធូប ​និង​ភ្លើង​តុបតែង ​ដើម្បី​បញ្ចៀស​អគ្គិភ័យ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ ។

លោក​ឧត្ដមសេនីយ៍ឯក​បានឱ្យ​ដឹង​ថា ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​២០២៣ មាន​ករណី​អគ្គិភ័យ​កើតឡើង​១៥​ករណី បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​១៣​ខ្នង បន្ទប់​ស្នាក់​នៅ​៦​បន្ទប់ ឃ្លាំង​១​ខ្នង និង​រថយន្ត​៤​គ្រឿង​។ ពុំ​មាន​អ្នក​ស្លាប់ និង​បួស គ្រោះ​អគ្គិភ័យ​កាល​ណោះ មាន​មូលហេតុ​ចម្បង ដូច​ជា​ការ​ឆ្លង​ចរន្តអគ្គិសនី​៨​ករណី ភ្លើងទៀន​និង​ធូប​៥​ករណី​។ 

ចំណែក​នៅ​ឆ្នាំ​២០២៤ នៃ​ពិធី​បុណ្យចូលឆ្នាំ​ដូច​គ្នា​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​២០​ករណី កើន​៥​ករណី ធៀប​នឹង​ឆ្នាំ​ចាស់ ប៉ុន្តែ​មិន​បង្ក​ឱ្យ​មាន​អ្នក​រង​របួស និង​ស្លាប់​នោះ​ទេ​។ កាល​ណោះ គ្រោះ​អកុសល​នេះ បាន​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​១៥​ខ្នង ហ្គា​ស​ជួសជុល​រថយន្ត​១​ខ្នង រថយន្ត​៩​គ្រឿង ម៉ូតូ​៦​គ្រឿង និង​ព្រៃ​ដីចម្ការ​កសិកម្ម​ចំនួន​២១​ហិច​តា ខណៈ​មូលហេតុ គឺ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​៦​ករណី ផ្ទុះ​កំប៉ុង​ហ្គា​ស​១​ករណី ប្រើប្រាស់​ភ្លើងទៀន​និង​ធូប​៦​ករណី និង​ករណី​ផ្សេង​ៗ​ទៀត​៧​ករណី​។

បើ​តាម​ឧត្ដមសេនីយ៍ឯក នេ​ត វ​ន្ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ដឹកនាំ​តម្រង់​ទិស​ជា​ប្រចាំ​ពី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រាប់​ពី​ធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​២០២៥​នេះ នាយកដ្ឋាន បាន​រៀបចំ​កម្លាំង​ជំនាញ​ទូ​ទាំង​រាជធានី ខេត្ត ឱ្យ​ផ្សព្វផ្សាយ ណែនាំ​ប្រជាពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះ និង​នៅ​តំបន់​ងាយ​រង​គ្រោះ ឬ​គោលដៅ​មាន​ហា​នី​ភ័យ និង​ប្រឈម​ករណី​អគ្គិភ័យ​។

លោក​​បន្ថែម​ថា ​«​ទន្ទឹម​នោះ យើង​ក៏​មានការ​ចុះ​បង្រៀន​ដល់​ពលរដ្ឋ​តាម​តំបន់​គោលដៅ និង​ណែនាំ​ឱ្យ​ពួក​គាត់​ចេះ​ប្រើប្រាស់​ឧបករណ៍​ពន្លត់​អគ្គិភ័យ ទាំង​បុរាណ និង​សម័យ ដូច​ជា​បំពង់​ពន្លត់​អគ្គិភ័យ​គ្រប់​ប្រភេទ ត្រូវធ្វើ​ដូច​ម្ដេច និង​បែប​បុរាណ​មាន​ធុង​ទឹក បាវ​ខ្សាច់ ប៉ែល ត្រសេះ ឬ​កំណត់​ចាស់​ៗ​ដើម្បី​ត្រៀម​ពេល​ដែល​មាន​អគ្គិភ័យ​កើត​មាន​ឡើង​ជា​វិធី​បឋម​តើ​ពលរដ្ឋ​អាច​មាន​លទ្ធភាព​ពន្លត់​ដោយ​ខ្លួនឯង​បាន​របៀប​ម៉េច​ជាដើម​»​។

លោក​ឧត្តមសេនីយ៍បានឱ្យ​ដឹង​ថា អគ្គស្នងការ​នគរបាល​ជាតិក៏​បាន​រៀបចំ​ផែនការ ត្រៀមកម្លាំង​ជំនាញ​ពង្រាយ​កម្លាំង​ការពារ​តំបន់​សំខាន់​ៗ​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី ខេត្ត ដោយ​ម្យ៉ាង​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ម្យ៉ាង​ចូលរួម​ដឹក​ទឹក​បាញ់​ជូន​ពលរដ្ឋ​លេង​កម្សាន្ត​តាម​គោលដៅ​រៀបចំ​សង្ក្រាន្ត​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​។  

ជា​ថ្មី​ម្តងទៀត លោក​បាន​សំណូមពរ​ប្រជាពលរដ្ឋ​ទាំងអស់ គឺ មុន​និង​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នូវ​ការ​ប្រើប្រាស់​ប្រភព​ភ្លើង ពោល​គឺ​មុន​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ត្រូវ​ពន្លត់ភ្លើង ទៀន ធូប ឬ​បិទ​កុងតាក់​ភ្លើង ចង្ក្រានហ្គាស​ឱ្យ​បាន​រួចរាល់ និង​មាន​សុវត្ថិភាព​។  

លោក​ក៏​ស្នើ​សុំ​កម្លាំង​អាជ្ញា​មូលដ្ឋាន ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ចូលរួម​សហការ​គ្នា ឃ្លាំង​មើល ប្រសិនបើ​មាន​ករណី​ផ្សែងហុយ ឬ​បញ្ហា​អ្វីមួយ សូម​រាយការណ៍​ទៅ​សមត្ថកិច្ច អង្គភាព​ពន្លត់​អគ្​គិភ័យ​ឱ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​ងាយស្រួល​ក្នុង​ការ​ចេញ​អន្តរាគមន៍​។

លោក​ឧត្ដមសេនីយ៍ឯក នេ​ត វ​ន្ថា​«​ខ្ញុំ​ក៏​ស្នើ​សុំ​គ្រប់​ក្រសួង មន្ទីរ ស្ថាប័ន វត្ត​អារាម ខ្នង​ផ្ទះ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​កា​រត​បណ្ដាញ​អគ្គិសនី ក្នុង​ការ​រៀបចំ​សង្ក្រាន្ត ដោយ​តុ​ប​តែ​លម្អ​គ្រឿង​ផ្កា​ភ្ញី សូម​ឱ្យ​មានការ​គិតគូ​ត្រឹមត្រូវ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស សុវត្ថិភាព  និង​ជា​ពិសេស​ប្រសិនបើ​មាន​ករណី​អគ្គិភ័យ​កើតឡើង សូម​ឱ្យ​តាម​បណ្ដា​មន្ទីរ ស្ថាប័ន វិស័យ​ឯកជន និង​បងប្អូន ប្រជា​ពលរដ្ឋ ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ( Online) លេខ​១១៨ និង​ឆា​នែ​លអន​ឡាញ តេ​ឡេ​ក្រាម ១១៨ ដើម្បី​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​ជំនាញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ