រាជធានីភ្នំពេញ ៖ទិដ្ឋភាពអ៊ូអរកុះករ នៅថ្ងៃទីពីរវារៈវ័នបត នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន៨០ម៉ឺន នាំគ្នាមកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ ។

នេះជាការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាយប់ថ្ងៃទី១៥ មេសា ២០២៥ ។
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដែលអញ្ជើញប្រកាសបើកជាផ្លូវការ ដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវព្រមជាមួយថ្នាក់ដឹកនាំនៃសាលារាជធានីភ្នំពេញជាច្រើនរូបទៀតនៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ប្រកបដោយភាពសប្បាយរីករាយ ។

«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអបអរសាទរទទួលអំណរសាទរឆ្នាំថ្មី ។
លោកស្រីដោ សម្ផស្ស បានបន្តថា ៖ ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន៨០ម៉ឺនមកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រាន្តវត្តភ្នំ២០២៥ មានការកើនឡើងរាល់ថ្ងៃ ដោយកាលពីថ្ងៃទី១ តែចំនួន៤៨ម៉ឺននាក់ទេ ហើយថ្ងៃទី២ កើនដល់ចំនួន៨០ម៉ឺននាក់ ហើយនេះមិនបានរាប់បញ្ជូនសង្ក្រាន្តតាមសាលាខណ្ឌទាំង១៤ និងនៅតាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ ។

នៅថ្ងៃទីពីរ វារៈវ័នបតនេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវក៏បានចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិលេងនៅសង្ក្រាន្តវត្តភ្នំដូចកាលពីថ្ងៃទី១ផងដែរ ។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសាដោយឡែកតំបន់ Walk Street មាត់ទន្លេមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃសៅរ៌ទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។
«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីសប្បាយៗជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មីផងដែរ ៕











ចែករំលែកព័តមាននេះ