រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឃាត់ខ្លួនក្រុមក្មេងទំនើងលេងគប់ទឹកក្នុងមូលដ្ឋាន ដើម្បីធ្វើការណែនាំ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅស្តុបនាគបាញ់ទឹក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការរៀបរាប់របស់គណៈបញ្ជាការឯកភាពខណ្ឌចំការមន ជុំវិញការឃាត់ខ្លួនធ្វើការអប់រំនេះ បានឲ្យដឹងថា ដំបូងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះធ្វើការល្បាតជុំវិញមូលដ្ឋានរបស់ខ្លួន ក៏ស្រាប់តែប្រទះឃើញក្រុមក្មេងស្ទាវជិះម៉ូតូប្រដេញគ្នា រួចទាញថង់ច្រកទឹកដេញគប់គ្នាប្រសេចប្រសាចពេញផ្លូវ ។ ភ្លាមៗនោះកម្លាំងមានសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនក្រុមក្មេងស្ទាវទាំងនោះបានចំនួន៤នាក់ និងម៉ូតូចំនួន២គ្រឿង ខណៈក្រុមក្មេងទំនើងដទៃទៀតនាំគ្នារត់គេចខ្លួនអស់ ។
សមត្ថកិច្ចបានធ្វើការណែនាំ និងអប់រំយុវជនទាំង៤នាក់ កុំអោយប្រពឹត្តិទង្វើរទាំងនេះទៀត ដោយការគប់ទឹកនេះ ងាយនឹងបង្កផលប៉ះពាល់ដល់អ្នកដទៃ ដែលធ្វើដំណើរឆ្លងកាត់ទីតាំងដែលពួកគេកំពុងលេង ។
ចំណែកទីតាំងផ្លូវលេខ១៣៦វិញ គេឃើញមានក្រុមក្មេងស្ទាវ ក្មេងទំនើងនាំគ្នាដេញគប់ទឹកលេងប៉ាតម្សៅយ៉ាងប្រសេចប្រសាច នៅលើកំណាត់ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយពុំឃើញមានការចុះអន្តរាគមន៍ណែនាំពីអជ្ញាធរឬមន្ត្រីមានសម្ថកិច្ចនោះទេ ។
ជាក់ស្តែង នៅទីតាំងផ្លូវលេខ១៣៦ខាងលើ គេឃើញមានការលេងគប់ទឹកយ៉ាងអនាធិបតេយ្យ ព្រមទាំងមានថង់ប្លាស្ទីកជ្រុះពេញផ្លូវ រួមទាំងអ្នកខ្លះដួលម៉ូតូហើយនៅនាំគ្នាគប់ទឹកថែមទៀត។
ពលរដ្ឋក្នុងមូលដ្ឋានខាងលើបានសំណូមពរអោយអាជ្ញាធរខណ្ឌ មេត្តាត្រួតពិនិត្យ ឬណែនាំ មន្ត្រីក្នុងមូលដ្ឋាន ដើម្បីឲ្យចុះណែនាំពលរដ្ឋ ឬក្រុមយុវជនដែលនាំគ្នាលេងមិនចំថ្ងៃ ហើយលេងខុសក្បួនខ្នាត ដែលងាយបង្ករបួសស្នាមដល់អ្នកដំណើរ ឬជនបរទេស ដែលមកកម្សាន្តនៅក្នុងរាជធានីភ្នំពេញ ៕





ចែករំលែកព័តមាននេះ