ទីក្រុងម៉ូស្គូ៖ លោកពូទីននៅតែគាំទ្របទឈប់បាញ់ជានិច្ច។ គ្រាន់តែថាលោកមិនទាន់បានផ្ដល់ចម្លើយដ៏ប្រាកដប្រជានៅឡើយទេចំពោះសំណើឈប់បាញ់ដែលស្នើឡើងដោយរដ្ឋាភិបាលរបស់លោកត្រាំ។ ខាងលើនេះជាការបញ្ជាក់របស់វិមានក្រឹមឡាំង។ ការថ្លែងដូច្នេះស្របពេលដែលលោកហ្សេឡិនស្គីចោទប្រកាន់ថារុស្ស៊ីមិនទាន់មានចិត្តចង់បញ្ចប់សង្គ្រាមទេ។ ហេតុនេះហើយពួកគេបន្តវាយប្រហារអ៊ុយក្រែនឥតឈប់ឈរ។
កាលពីយប់ថ្ងៃសុក្រ រុស្ស៊ីវាយប្រហារស្រុកកំណើតរបស់លោកហ្សេឡិនស្គីដោយប្រើប្រាស់យន្តហោះដ្រូនផង និងគ្រាប់មីស៊ីលផង បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច១៨នាក់ (ប្រភពខ្លះថា១៩នាក់) ក្រៅពីនេះមនុស្ស៥០នាក់រងរបួស។ កន្លងផុតទៅបានតែមួយថ្ងៃប៉ុណ្ណោះ កាលពីយប់មិញ រុស្ស៊ីងាកមកវាយប្រហារទីក្រុងកៀវវិញម្ដង បណ្ដាលឱ្យរបួសមនុស្ស៣នាក់។
ត្រាំចង់ឱ្យពិភពលោកចងចាំទុកក្នុងចិត្តថាលោកជាអ្នកកសាងសន្តិភាព។ លោកចង់បញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកព្រមានថាជម្លោះនេះស្រួលមិនស្រួលអាចនឹងអូសទាញអាមេរិក និងរុស្ស៊ីឱ្យធ្លាក់ទៅក្នុងសង្គ្រាមលោកលើកទី៣។ លោកពូទីនកាលពីខែមីនាធ្លាប់ប្រកាសគាំទ្រស្មារតីជាគោលនៃបទឈប់បាញ់ដែលស្នើឡើងដោយលោកត្រាំ។ ប៉ុន្តែលោកថ្លែងថានឹងបន្តវាយប្រហារទៀតរហូតដល់គេធ្វើតាមលក្ខខណ្ឌរបស់លោកជាមុនសិន។
ហេតុនេះហើយវិមានក្រឹមឡាំងចេញមកបញ្ជាក់ថាមូលហេតុដែលរុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែនមិនចាំបាច់ឆ្ងល់ទេដោយសារគេមិនទាន់ឆ្លើយតបលក្ខខណ្ឌទាំងនោះ។ លោកប៉េស្កូសថ្លែងបន្តទៀតថាលោកពូទីនគាំទ្រគំនិតជាគោលនៃបទឈប់បាញ់នោះមែន។ ប៉ុន្តែមុននឹងលោកយល់ព្រម (ឯកភាព និងចុះហត្ថលេខា) លុះត្រាតែគេបំពេញតាមលក្ខខណ្ឌរបស់លោកជាមុនសិន។ អ្នកនាំពាក្យរូបនេះថ្លែងថារហូតមកដល់ពេលនេះមិនទាន់បានបំពេញតាមលក្ខខណ្ឌណាមួយនៅឡើយទេ។
លោកពូទីនធ្លាប់និយាយថាបើចង់ឱ្យលោកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពលុះត្រាតែដោះស្រាយអ្វីដែលជាឫសគល់ ឬជាប្រភពនៃបញ្ហា (ដើមហេតុដែលនាំឱ្យផ្ទុះសង្គ្រាមអ៊ុយក្រែន)។ ជាពិសេស ការប្រទាញប្រទង់គ្នារវាងអឺរ៉ុប និងរុស្ស៊ីដើម្បីដណ្ដើមទីតាំងភូមិសាស្ត្រនៅអ៊ុយក្រែន និងការពង្រីកសមាជិកភាពរបស់អង្គការណាតូចូលដល់របងផ្ទះរបស់រុស្ស៊ី។
ម៉្យាងទៀត កុំថាឡើយដល់ទៅកិច្ចព្រមព្រៀងសន្តិភាព សូម្បីតែបទឈប់បាញ់រយៈពេល១ខែក៏លោកពូទីនត្រូវការពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននេះឯកភាព។ លោកថាបទឈប់បាញ់ត្រូវតែធានាឱ្យបានថាអ៊ុយក្រែនមិនត្រូវឆ្លៀតឱកាសដើម្បីចល័តកងទ័ព និងអាវុធយុទ្ធភ័ណ្ឌរបស់ខ្លួនទេដើម្បីត្រៀមផ្ទុះអាវុធជាថ្មីនៅពេលបទឈប់បាញ់អស់សុពលភាពនោះទេ។
វិមានក្រឹមឡាំងហាក់ដូចជាដាក់ការស្ដីបន្ទោសទៅលើអ៊ុយក្រែន។ ក្រឹមឡាំងថាអ៊ុយក្រែនមិនទាន់មានសមត្ថភាពគ្រប់គ្រងក្រុមជ្រុលនិយម និងក្រុមជាតិនិយមជ្រុលនៅឡើយទេ។ មានន័យថាជួនកាលទីក្រុងកៀវប្រកាសគាំទ្របទឈប់បាញ់ និងប្រាប់ឱ្យកូនចៅរបស់ខ្លួនទម្លាក់អាវុធចុះ។ ប៉ុន្តែក្រុមខ្លះនិយាយស្ដាប់គ្នាមិនបាន ហើយគិតតែពីបន្តសង្គ្រាម។ ឆ្លើយតបទៅនឹងការកំណត់លក្ខខណ្ឌរបស់លោកពូទីន លោកហ្សេឡិនស្គីថ្លែងថាលោកពូទីនធ្វើជាគាំទ្រសំណើឈប់បាញ់តែប៉ុណ្ណោះ។ ប៉ុន្តែធាតុពិត គាត់មិនចង់បញ្ចប់សង្គ្រាមនេះទេ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ