ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​នឹង​មក​ដល់​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ការ​ជួបជុំ​ហូប​ចុក​ហើយ​ផឹកស៊ី​សប្បាយ គឺជា​រឿង​ពិបាក​ហាមឃាត់ ។ ចូល​ឆ្នាំ គឺជា​ពេល​វាល​ជួបជុំ​បងប្អូន​ឪពុក​ម្តាយ ដើម្បី​រីករាយ​ចូល​ឆ្នាំ​ថ្មី ដូច្នេះ​ការ​កម្សាន្ត​សប្បាយ និង​ពិធីជប់លៀង​ក្នុង​គ្រួសារ​ជា​រឿង​ធម្មតា ។…

នៅ​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​នឹង​មក​ដល់​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ការ​ជួបជុំ​ហូប​ចុក​ហើយ​ផឹកស៊ី​សប្បាយ គឺជា​រឿង​ពិបាក​ហាមឃាត់ ។ ចូល​ឆ្នាំ គឺជា​ពេល​វាល​ជួបជុំ​បងប្អូន​ឪពុក​ម្តាយ ដើម្បី​រីករាយ​ចូល​ឆ្នាំ​ថ្មី ដូច្នេះ​ការ​កម្សាន្ត​សប្បាយ និង​ពិធីជប់លៀង​ក្នុង​គ្រួសារ​ជា​រឿង​ធម្មតា ។

ច្បាប់​ក៏​មិន​ហាម​ហើយ​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង​ក៏​កំពុង​តែ​ធ្វើ​ទីផ្សារ​យ៉ាង​ផុលផុស ប៉ុន្តែ​សូម​ចេះ​លៃលក និង​ទប់​អារម្មណ៍​ខ្លួនឯង​ខ្លះ​ហើយ​សំខាន់​កុំ​ឲ្យ​គ្រួសារ​ជាប់បំណុល អស់​មាន់ អស់​ទា ដោយសារ​តែ​ការ​ផឹកស៊ី​នេះ​ច្រើន​ពេក ។

នៅ​ក្នុង​ករណី​យើង​មាន​លុយ​មាន​កាក់​ហើយ​ត្រៀម​បម្រុង​សម្រាប់​កម្មវិធី​ជួបជុំ​នេះ គឺ​នាំ​គ្នា​ជួបជុំ​សប្បាយ​ចុះ ប៉ុន្តែ​ក៏​កុំអោយ​ជ្រុល​រហូត​ស្រវឹង​គ្រប់គ្រង​ខ្លួនឯង​មិន​បាន​នាំ​កើត​មាន​ករណី​ហិ​.​ង្សា​ឈ្លោះប្រកែក​គ្នា កា​.​ប់​ចា​.​ក់ ឬ​គ្រោះថ្នាក់​ចរាចរណ៍​អី ។

ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ស្រវឹង​នេះ តាម​សៀវភៅ​គោលនយោបាយ​មួយ​ដែល មាន​ចំណងជើង​ថា «​ការ​ពង្រឹង​ទិដ្ឋភាព​ទូទៅ​នៃ​គោលនយោបាយ​នៅ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​» ដែល​ចងក្រង​ឡើង​ដោយ វិទ្យាស្ថាន​គោលនយោបាយ​សាធារណៈ​អាស៊ី​អាគ្នេយ៍ (SEAPPI) និង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​ចំណោម​យុវជន នៅ​តែ​ជា​ក្តី​កង្វល់​ក្នុង​ប្រទេស ។

រូបតំណាង

របាយការណ៍​ដែល​ទើបតែ​បាន​ចេញផ្សាយ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា ស្ទើរតែ​មួយ​ភាគ​បី​នៃ​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥ ទៅ​១៩​ឆ្នាំ ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​នា​ពេល​បច្ចុប្បន្ន ។

នៅ​ក្នុង​ករណី​ដែល​មនុស្ស​វ័យ​កណ្តាល​ប្រើប្រាស់​គ្រឿង​ស្រវឹង មិនសូវ​ជា​អី​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​របាយការណ៍​ស្រាវជ្រាវ​រក​ឃើញ​យុវជន​វ័យក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ​ដល់​១៩​ឆ្នាំ ពួក​គេ​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​បែប​នេះ គឺជា​អ្វី​ដែល​យើង​គួរតែ​គិត ។

ក្រៅពី​នោះ​អ្វី​ដែល​ឯកសារ​នេះ​បាន​បង្ហាញ​នោះ ក៏​បាន​បង្ហើប​ផង​ដែរ​ថា នៅ​ក្នុង​ចំណោម​អ្នក​ដែល​ទទួលទាន ឬ​ប្រើប្រាស់​គ្រឿង​ស្រវឹង គឺ​មាន​អត្រា​រហូត​ដល់​២៦​ភាគរយ​ត្រូវ​បាន​គេ​ពិពណ៌នា​ថា គឺជា​អ្នក​ដែល​ទទួលទាន ឬ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ជោគ​ជាំ ហើយ​ជាង​២៨​ភាគរយ​នៅ​ក្នុង​កម្រិត​ដែល​មាន​ហានិភ័យ​មធ្យម​ដោយ​៥​ភាគរយ​ចាត់​ទុក​ថា មាន​ហានិភ័យ​ខ្ពស់ និង​៤​ភាគរយ​ទំនងជា​ញៀ​.​ន​គ្រឿង​ស្រវឹង​តែ​ម្តង ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីផ្សារ​គ្រឿង​ស្រវឹង​ដែល​បាន​កត់ត្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន និង​កំពុង​កើនឡើង ហើយ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​បន្ត​កើនឡើង​ជំរុញ​ដោយ​ការ​កើនឡើង​នៃ​វណ្ណៈ​កណ្តាល​កំណើន​ទេសចរណ៍​អន្តរជាតិ និង​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស ។

ឯកសារ​ដដែល​នេះ​បាន​បន្ត​ទៀត​ថា កំណើន​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​ទីផ្សារ​ស្រា​គ្រឿង​ស្រវឹង​ដែល​មាន​តម្លៃ​១,១ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើនឡើង​ពីរ​ដង​នៅ​ឆ្នាំ​២០៣២ ។

សរុប​ទៅ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ប្រសិនបើ​មិន​អាច​ទប់​អារម្មណ៍​នៃ​ការ​ចង់​ទទួលទាន​ទេ​នោះ គឺ​ហូប​ចុះ ឬ​ទទួលទាន​ចុះ ប៉ុន្តែ​ធ្វើ​យ៉ាងណា​ក៏​ដោយ​កុំ​ជ្រុល ហើយ​គួរតែ​ចេះ​គិត​ចេះ​គូរ ។ និយាយ​ឲ្យ​ចំ​ហូប​ចុក​គួរតែ​ទទួល​ដោយ​ការ​ទទួលខុសត្រូវ កុំ​ចេះ​តែ​ទទួលទាន​មិន​ប្រមាណ ពី​ធនធាន ហូប​តាម​ការ​ឃ្លាន ឬ​តាម​ការ​បញ្ជោ​ពី​អ្នក​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ