ខេត្តស្ទឹងត្រែង៖ សង្ក្រាន្តឆ្នាំថ្មី២០២៥នៅខេត្តស្ទឹងត្រែងនឹងបើកទំព័រព្រឹត្តិការណ៍កម្សាន្តសប្បាយដែលពុំធ្លាប់មានកន្លងមក ដើម្បីទទួលអបអរសាទក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤.១៥.និងថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។
តាមការសង្កេតបន្ទាប់ពីមានការដឹកនាំអភិវឌ្ឍដោយអភិបាលខេត្តស្ទឹងត្រែងហេដ្ឋារចនសម្ព័ន្ធថ្មីជាច្រើន ត្រូវបានកែលម្អនិងកសាងបន្ថែមបានធ្វើឲ្យខេត្តស្ទឹងត្រែងកែប្រែនៅសោភ័ណភាព
ជាច្រើន ពីទីក្រុងដែលធ្លាប់តែងងឹតប្រែក្លាយជាភ្លើងចម្រុះពណ៌ភ្លឺចែងចាំងនាពេលរាត្រី ដែលមានរបៀបរៀបរយយ៉ាងប្រសើរទីក្រុងក៏បានប្រែក្លាយជាទីអនាម័យដែលគ្មានសំរាម សួនច្បារនានាក៏ត្រូវបានអភិវឌ្ឍន៍កែលម្អបែបថ្មី អមដោយដើមឈើបៃតងផងដែរ។
នាយករងរដ្ឋបាលសាលាខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់ អោយដឹងថា សម្រាប់ទីតាំងកម្សាន្តក្នុងឱកាសនៃសង្ក្រាន្តឆ្នាំថ្មីប្រពីណៃជាតិខ្មែរ រដ្ឋបាលខេត្តបានរៀបចំមានទីតាំងនៅទីលានតេជោសន្តិភាពខេត្ត និងបរិវេណផ្លូវជុំហៀង និងខាងមុខសាលាខេត្ត រហូតដល់រង្វង់មូលព្រះពិរុណមាត់ទន្លេ ក្នុងនោះមានទីតាំងតំបន់ត្រជាក់ចិត្ត ភូមិសំនៀងឯក ភូមិប្រដាល់ធ្លាក់ទឹកនិងកូនក្រមុំធ្លាក់ទឹក ភូមិល្បែងប្រជាប្រិយខ្មែរ ពិធីបណ្ដែតប្រទីប-បាញ់កាំជ្រួចនៅកំពង់សាឡាងសេកុង ពិធីពូនភ្នំខ្សាច់នៅក្នុងទីតាំងវត្តស្រះកែវមុនីវណ្ណ (វត្តលើ)។
លោកបន្តថាចំពោះល្បែងប្រជាប្រិយខ្មែររួមមាន បោះអង្គុញចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងល្បែងប្រជាប្រិយតូចៗជាច្រើនទៀតដែលបានរៀបចំឡើងដោយអនុកម្មការល្បែងប្រជាប្រិយខ្មែរ របស់យើងក្នុងកម្មវិធីចូលឆ្នាំប្រពៃណីខ្មែរ ហើយមកដល់ពេលនេះក្រុមការងារកំពុងសម្រឹតសម្រាំងដើម្បីបញ្ចប់ចំពោះប្រភេទនៃល្បែងប្រជាប្រិយ ជារួមបន្តិចជាង ១០ ល្បែងប្រជាប្រិយទេដែលក្រុមការងារបានរៀបចំ។
បើតាមការដឹងខ្លះៗនាឱកាសសង្ក្រាន្តឆ្នាំថ្មី២០២៥នេះក្រោមការដឹកនាំរៀបចំដោយលោកអភិបាលខេត្តបានបែងចែកផែនទីតាំងកំសាន្តសប្បាយផ្សេងៗពីគ្នាយ៉ាងមានរបៀបរៀបរយ។
អ្វីដែលជាការរំភើបនិងរីករាយនោះ គឺឱកាសនោះ អ្នកមកចូលរួមកំសាន្ត អាចចូលរួម ទាញព្រ័ត្រមហិមាដែលមានភាគីម្ខាងៗរាប់សិបនាក់ ។មានការរៀបចំប្រព័ន្ធទឹកស្អាតបាញ់ស្រោចស្របលើអ្នកមកកំសាន្ត បាញ់ពពុះសាប៊ូប្រៀបដូចជាការធ្លាក់ព្រិល អមដោយឆាកតន្ត្រីសម័យខ្នាតធំចំនួនពីរទីតាំងផងដែរ។
ជាមួយនឹងការរៀបចំពិធីកំសាន្តសប្បាយកំឡុងសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះរដ្ឋបាលខេត្តស្ទឹងត្រែងក៏បានរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់អ្នកមកកំសាន្តឱ្យមានភាពកក់ក្តៅដោយទំនុកចិត្ត។ ហើយរដ្ឋបាលខេត្តក៏បានចេញសេចក្តីណែនាទៅដល់ម្ចាស់សណ្ឋាគារផ្ទះសំណាក់និងភោជនីយដ្ឋាននានាឱ្យរក្សាតម្លៃនិងគុណភាពជូនភ្ញៀវដែលមកកំសាន្ត ដោយមិនត្រូវមានការដំឡើងថ្លៃបន្ទប់ស្នាក់នៅនិងម្ហូបអាហារនោះឡើង៕









ចែករំលែកព័តមាននេះ