រាជធានីភ្នំពេញ ៖ ឃ្លាំងសិប្បកម្មកែច្នៃឈើមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលទាំងយប់រំលងអធ្រាត្រ ហើយភ្លាមៗនោះ មានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងបានចេញអន្តរាគមន៍ពន្លត់ និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះសម្បែងអ្នកភូមិ ដែលស្ថិតនៅក្បែរខាងនោះឡើយ ។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបាននិយាយថា នៅវេលាកើតហេតុខាងលើ ខណៈដែលពួកគាត់កំពុងលង់លក់នៅក្នុងដំណេក ស្រាប់តែមានផ្សែងហុយចូលទៅក្នុងផ្ទះ និងមានពន្លឺភ្លើងក្រហមឆ្អៅជះចូលតាមទ្វារបង្អួចកញ្ចក់ផ្ទះពួកគាត់ ។

ភ្លាមៗនោះ ពួកគាត់បានស្ទុះក្រោកមើលបានឃើញឃ្លាំងនោះគ្របដណ្ដប់ដោយអណ្ដាតភ្លើងបាត់ទៅហើយ ពេលនោះពួកគាត់បានចេញទៅជួយពន្លត់ដែរ ។ ប៉ុន្តែមិនអាចពន្លត់ឈ្នះទេ ព្រោះភ្លើងបានឆេះពេញបន្ទុកហើយក្ដៅខ្លាំងពេក មិនអាចចូលទៅជិតបានទេ ទើបពួកគាត់រាយការណ៍ជូនអាជ្ញាធរជួយអន្តរាគមន៍ និងសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យតែម្ដង ។

នគរបាលបាននិយាយថា ឃ្លាំងសិប្បកម្មកែច្នៃឈើខាងលើនោះជាប្រភេទសំណង់ថ្មប្រក់ស័ង្កសី មានទំហំ២០ម៉ែត្រ x ២០ម៉ែត្រ ហើយឃ្លាំងនេះរួមទាំងឈើ និងគ្រឿងសង្ហារឹមដែលកែច្នៃរួចមួយចំនួនបានក្លាយទៅជាចំណីព្រះអគ្គិអស់ទាំងស្រុង ។
ក្រោយធ្វើការស្រាវជ្រាវនគរបាលបានរកមូលហេតុនៃការឆាបឆេះនេះឃើញហើយ គឺបណ្តាលមកពីហេតុការឆ្លងចរន្តអគ្គិសនី និងមិនបានបណ្តាលឲ្យមានអ្នករងរបួស ឬស្លា.ប់នោះទេ ហើយក៏ពុំបានបណ្តាលឲ្យឆេះរាលដាលដល់លំនៅដ្ឋានអ្នកក្បែរខាងនោះដែរ ។

នគរបាលបាននិយាយថា នៅក្នុងប្រតិបត្តិការពន្លត់ភ្លើងនោះកម្លាំងសមត្ថកិច្ចជំនាញ និងក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿងរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៦រថយន្តស្មើនឹង៧២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា០១គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្តស្មើនឹង១២ម៉ែត្រគូប ហើយពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង៤និង០៥នាទីទៀបភ្លឺថ្ងៃ ខែឆ្នាំដដែលនោះ ៕







ចែករំលែកព័តមាននេះ