ម្នាក់ៗសុទ្ធតែស្រងាកចិត្ត ហើយបារម្ភអំពីជោគវាសនានៃការនាំចេញរបស់កម្ពុជា ជាពិសេស គឺឧស្សាហកម្មកាត់ដេរ ក្រោយការកំណត់ពន្ធចេញឈុតថ្មីរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ត្រាំ ៤៩ ភាគរយមកលើកម្ពុជា ។…
ម្នាក់ៗសុទ្ធតែស្រងាកចិត្ត ហើយបារម្ភអំពីជោគវាសនានៃការនាំចេញរបស់កម្ពុជា ជាពិសេស គឺឧស្សាហកម្មកាត់ដេរ ក្រោយការកំណត់ពន្ធចេញឈុតថ្មីរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ត្រាំ ៤៩ ភាគរយមកលើកម្ពុជា ។ ប៉ុន្តែតើការដំឡើងពន្ធនេះ អាចធ្វើអោយសេដ្ឋកិច្ច ឬពាណិជ្ជកម្ម របស់កម្ពុជាជាប់គាំងឬទេ? ហើយតើកម្ពុជាត្រូវឆ្លើយតបដោយរបៀបណា?

មកដល់ពេលនេះ មូលដ្ឋាននៃការកំណត់ពន្ធរបស់សហរដ្ឋអាមេរិកដាក់មកលើកម្ពុជា និងប្រទេស១៨០ ផ្សេងទៀត គឺឈរនៅលើអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មប្រទេសនីមួយៗជាមួយនឹងសហរដ្ឋអាមេរិកផ្ទាល់ ។ សម្រាប់កម្ពុជា បើតាមស្ថិតិនៃការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកកត់ត្រា គឺទំហំពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិក មានតម្លៃសរុបប្រមាណជា១៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤ ដោយកម្ពុជានាំចេញទៅអាមេរិក១២,៧ពាន់លានដុល្លារ ហើយកម្ពុជានាំចូលពីអាមេរិកមកវិញ គឺត្រឹម៣២១,៦ លានដុល្លារ ។
ជាការពិតការកំណត់ពន្ធរបស់សហរដ្ឋអាមេរិក វាពិតជាបង្កផលប៉ះពាល់ដល់កម្ពុជា ប៉ុន្តែវាប្រហែលជាមិនអាចធ្វើឲ្យសេដ្ឋកិច្ច ជាពិសេស គឺការនាំចេញដួលរលំបានឡើយ ។ ផ្អែកតាមស្ថិតិដែលកត់ត្រាដោយកម្ពុជាការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺធំមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអាមេរិកមិនមែនជាទីផ្សារតែមួយរបស់ទំនិញកម្ពុជាឡើយ ។
ក្រៅពីអាមេរិកកម្ពុជា នៅមានទីផ្សារធំៗផ្សេងទៀត ដែលរួមមានដូចជា ក្រុមប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ដែលហៅថា RCEP នៅមានអាស៊ាន ចិន និងសហគមន៍អឺរ៉ុប ។
ស្ថិតិខាងកម្ពុជាបានបង្ហាញថា កាលពីឆ្នាំ២០២៤ កម្ពុជាមានការនាំចេញសរុប២៦,៦ពាន់លានដុល្លារ នៅក្នុងនោះអាមេរិកមានទំហំ៣៧,១៩ភាគរយ តែ RCEP ក៏ធំដែរ គឺប្រមាណជាជិត៣៤ភាគរយដែរ ក្រៅពីនោះនៅមានអាស៊ាន១៩ភាគរយ សហគមន៍អឺរ៉ុប១៦,៥៥ ភាគរយ និងចិន ៦,៥៦ភាគរយថែមទៀត ។ ផ្អែកតាមមូលដ្ឋាននៃស្ថិតិនេះបង្ហាញថា ការកំណត់ពន្ធថ្មីរបស់សហរដ្ឋអាមេរិកមកលើកម្ពុជា ដែលនឹងចូលជាធរមាននៅរង្វង់ថ្ងៃទី៩ ខែមេសា ខាងមុខនេះ គឺជាង៣៧ភាគរយប៉ុណ្ណោះ ។
នៅក្នុងស្ថានភាពនេះ រោងចក្រណាដែលបានទទួលការបញ្ជាទិញ ឫមានគោលដៅនាំចេញទៅអាមេរិកវាពិតជានឹងប្រឈមមុខខ្លាំង ខណៈដែលរោងចក្រនាំចេញទៅប្រទេសផ្សេងៗ គឺនៅតែដំណើរការជាធម្មតា ប៉ុន្តែយើងជឿជាក់ថា រដ្ឋាភិបាលនឹងមិនបណ្តោយឲ្យទីផ្សារនៅអាមេរិកបិទទាំងស្រុងឡើយ ។ បើមានឱកាសសម្រាប់ការចរចា យើងត្រូវតែចរចា ។
មកដល់ពេលនេះ ពន្ធដែលអាមេរិកដាក់មិនមែនតែកម្ពុជាទេ ហើយនេះមិនមែនជាជាទណ្ឌកម្មរបស់អាមេរិកឡើយ ។ ប្រទេសនានាសុទ្ធតែប៉ះដោយឡែកនៅអាស៊ានក៏ប៉ះទាំងអស់ គ្រាន់តែកម្ពុជារាងប៉ះធ្ងន់ធ្ងរជាងគេ ។ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលអាចដាក់ចេញនូវយុទ្ធសាស្ត្រអនុគ្រោះខ្លះៗ ហើយព្យាយាមធ្វើឲ្យរោងចក្រអាចផលិតនូវផលិតផលដែលមានថ្លៃដើមមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសដៃគូប្រកួតប្រជែងផ្សេងៗទៀតបាននោះរោងចក្រទាំងនោះនឹងបន្តតស៊ូបន្តវត្តមាននៅកម្ពុជាបន្តទៀត ។
ដូច្នេះ វេលានេះ គឺជាពេលវេលាសមស្របណាស់សម្រាប់រដ្ឋាភិបាល និងវិស័យឯកជនក្នុងការធ្វើបំលែងយុទ្ធសាស្ត្រពាណិជ្ជកម្ម ដោយបើកការស្វែងរកទីផ្សារថ្មីៗ និងបង្កើនកិច្ចសហការជាមួយដៃគូថ្មីៗ ។
សហភាពអឺរ៉ុប គឺជាទីផ្សារដែលអាចជជែកពិភាក្សាបន្ថែម ព្រោះប្រទេសជាច្រើននៅក្នុងសហភាពនេះ មានអំណាចទិញខ្ពស់ និងស្តង់ដារការងារដែលប្រហាក់ប្រហែលនឹងអាមេរិក ។ ជាមួយគ្នានេះ ប្រទេសដូចជា ចិន និងជប៉ុន ក៏ជាទីផ្សារដែលមានសក្តានុពល ដោយសារតែភាពជិតស្និទ្ធ ភាពធ្វើជាដៃគូសេដ្ឋកិច្ចអស់រយៈពេលយូរ និងទំនាក់ទំនងការទូតល្អ ។ ការបង្កើតសហការណ៍ជាមួយអាស៊ាន និងទីផ្សារថ្មីៗដទៃទៀតនៅអាហ្វ្រិក ឬអាមេរិកឡាទីន ក៏គួរត្រូវបានពិចារណាដែរ ។
ចំណែកប្រជាពលរដ្ឋគ្រប់រូប គួរពង្រឹងខ្លួនក្នុងការធ្វើជាប្រជាជនរឹងមាំ មិនភ័យខ្លាចនឹងបញ្ហា ប៉ុន្តែតស៊ូ ដើម្បីអភិវឌ្ឍប្រទេសជាតិ ។ ប្រជាជនកម្ពុជា ត្រូវតែជាប្រជាជនឧស្សាហ៍ព្យាយាមការងារ មានស្មារតីជាតិនិយម មានចំណេះដឹង និងការទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនផលិតភាពការងារ ហើយត្រូវរួមគ្នាជាកម្លាំងដ៏ខ្លាំងមួយក្នុងការបង្កើតសេដ្ឋកិច្ចសម្រាប់កម្ពុជា ដែលពឹងផ្អែកលើខ្លួនឯង និងមានភាពស្ថេរភាពក្នុងរយៈពេលវែង ។
ដូច្នេះ បើសិនជាយើងអាចប្រែក្លាយការគាបសង្កត់ពន្ធដោយអាមេរិក អោយទៅជាការតស៊ូរួមគ្នារបស់ប្រទេសជាតិទាំងមូលនោះ វានឹងក្លាយជាឱកាសសម្រាប់កម្ពុជា ក្លាយទៅជាប្រទេសមាន មានសេដ្ឋកិច្ចរឹងមាំដែលមិនខ្លាចកម្លាំងខ្យល់ព្យុះពីខាងក្រៅ ៕
ចែករំលែកព័តមាននេះ