រាជធានីភ្នំពេញ ៖ ម្ចាស់រថយន្តឈ្មោះ សុន វិសាល ដែលបានធ្វើសកម្មភាពស្រែកឡូឡា អុកឡុករំខានសមត្ថកិច្ចបំពេញភារកិច្ច និងបានថតផ្សាយសកម្មភាពរបស់សមត្ថកិច្ចបំពេញភារកិច្ច នៅខណ្ឌដង្កោ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានចូលខ្លួនមកដោះស្រាយ និងទទួលស្គាល់កំហុសខុសឆ្គង ដែលខ្លួនបានប្រព្រឹត្ត និងយល់ព្រមធ្វើការសុំទោសជាសាធារណៈ ។
បន្ទាប់មកក្រុមគ្រួសាររបស់ម្ចាស់រថយន្តខាងលើនេះ បានបង់ផាកពិន័យតាមច្បាប់ ហើយសមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងបានប្រគល់រថយន្តជូនគាត់វិញ ។
យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអោយដឹងថា កាលពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅមុខសាលាខណ្ឌដង្កោ ស្ថិតនៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
លុះដល់វេលាម៉ោង២៣និង៤៣នាទី មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2CC-8365 បើកបរដោយឈ្មោះ សុន វិសាល ភេទប្រុស ជិះឆ្លងកាត់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទើបសមត្ថកិច្ចនៅគោលដៅមានការសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង ក៏បានឃាត់រថយន្ដឱ្យឈប់ ដើម្បីឱ្យអ្នកបើកបរសហការត្រួតពិនិត្យជាតិស្រវឹង បន្ទាប់ពីធ្វើការផ្លុំរកជាតិស្រវឹងរួច ជាលទ្ធផលរកឃើញមានជាតិអាល់កុល ០,៤៧mg/L សមត្ថកិច្ចចេញវិក័យបត្រផាកពិន័យតាមច្បាប់ចំនួន ២លានរៀល ។
ប៉ុន្តែអ្នកបើកបរ មិនបានបង់ថវិកាផាកពិន័យនោះទេ ដោយបានធ្វើសកម្មភាពស្រែកឡូឡា អុកឡុករំខានសមត្ថកិច្ចបំពេញភារកិច្ច និងបានថតផ្សាយសកម្មភាពរបស់សមត្ថកិច្ចបំពេញភារកិច្ច ហើយនិយាយអធិប្បាយចោទប្រកាន់មកលើសមត្ថកិច្ចគ្មានមូលដ្ឋានច្បាស់លាស់ថា សមត្ថកិច្ចធ្វើស៊ីចំពោះបុរសម្នាក់ជិះម៉ូតូ០១គ្រឿង (ជាអនីតិជន) ឱ្យចូលផ្លុំរកជាតិអាល់កុល ដើម្បីផាកពិន័យ ។
ការពិតបុរសនោះឈ្មោះ ជា ឌីម ភេទប្រុស កើតនៅឆ្នាំ២០០០ គឺគាត់មិនមែនជាអនីតិជននោះទេ ខណៈដែលសមត្ថកិច្ចឱ្យគាត់ឈ្មោះ ជា ធីម ផ្លុំរកជាតិអាល់កុលតែផ្លុំ មិនត្រឹមត្រូវតាមបច្ចេកទេស ទើបសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការផ្លុំឱ្យបានត្រឹមត្រូវតាមបច្ចេកទេស បន្ទាប់មកដោយឃើញបុគ្គលឈ្មោះ សុន វិសាល ឡាយវីដេអូ (live) ក៏ឈ្មោះ ជា ឌីម ក៏ឈប់សហការផ្លុំតែម្តង ។
ក្រោយមកសមត្ថកិច្ចក៏បាននាំយករថយន្ត និងម៉ូតូរបស់អ្នកទាំង០២នាក់ មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយរងចាំពួកគេចូលមកដោះស្រាយ ៕




ចែករំលែកព័តមាននេះ