ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ដែល​ភ្ញៀវ​ទេសចរ​បរទេស​មួយ​ចំនួន​កំពុង​តែ​ខ្លាចរអា​នឹង​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី នៅ​ទីក្រុង​បាងកក ភ្ញៀវ​ទេសចរ​ខ្លះ​អាច​នឹង​បង្វិល​គោលដៅ​មក​កម្ពុជា ។ តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន ឌឹ​ណេ​សិន (The Nation) ភ្ញៀវ​ទេសចរ​បរទេស​ខ្លះ ដែល​បាន​កក់​ដំណើរ​ទស្សនៈកិច្ច​ថៃ…

ខណៈ​ដែល​ភ្ញៀវ​ទេសចរ​បរទេស​មួយ​ចំនួន​កំពុង​តែ​ខ្លាចរអា​នឹង​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី នៅ​ទីក្រុង​បាងកក ភ្ញៀវ​ទេសចរ​ខ្លះ​អាច​នឹង​បង្វិល​គោលដៅ​មក​កម្ពុជា ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន ឌឹ​ណេ​សិន (The Nation) ភ្ញៀវ​ទេសចរ​បរទេស​ខ្លះ ដែល​បាន​កក់​ដំណើរ​ទស្សនៈកិច្ច​ថៃ នៅ​ក្នុង​អំឡុង​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៥ ភ្ញៀវ​ទេសចរ​បរទេស​មួយ​ចំនួន បាន​ចាប់ផ្តើម​លុប​ចោល​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​ហើយ ក្រោយ​ពេល​ដែល​ទីក្រុង​បាងកក​រង​រលក​ញ័រ​រញ្ជួយ​ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧,៧ រ៉ិ​ច​ទ័​រ ដែល​កើត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកវិភាគ​ម្នាក់​បាន​លើក​ឡើង​ថា គ្រោះ​ធម្មជាតិ គឺជា​រឿង​ដែល​ពិបាក​នៅ​ក្នុង​ការ​ព្យាករណ៍ ប៉ុន្តែ​វា​បាន​កើតឡើង​រួច​ទៅ​ហើយ សម្រាប់​ថៃ និង​មី​យ៉ា​ន់​ម៉ា ប៉ុន្តែ​សម្រាប់​កម្ពុជា​ដែល​មិន​មាន​បញ្ហា គួរតែ​គិតគូរ និង​ពង្រឹង​ការ​ធ្វើ​ទីផ្សារ ដើម្បី​កម្ពុជា ។

លោក​បាន​លើក​ឡើង​ថា កម្មវិធី​ដែល​កម្ពុជា​បាន​គ្រោង​រៀបចំ​កន្លង​មក វា គឺជា​ធនធាន និង ជា​ផលិតផល​ដែល​អាច​ទាក់ទាញ​សម្រាប់​អ្នកទេសចរ​បរទេស​បាន ហើយ​កម្ពុជា​ក៏​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ដែរ សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​បរទេស ដូច្នេះ​គួរតែ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ផុលផុស ។

លោក​បាន​បន្ត​ថា «​អ្វី​ដែល​កម្ពុជា​បាន​ត្រៀម ជា​ពិសេស គឺ​កម្មវិធី​អង្គរ​សង្ក្រាន្ត មិនមែន​ចំណាយ​តិចតួច​ទេ ហើយ​បើ​អាច​បង្កើន​ការ​ចំណាយ​លើ​ការ​ធ្វើ​ទីផ្សារ​បន្ថែម​បន្តិច វា​អាច​ជា​ឱកាស​មួយ​ដែរ »​។

លោក​បាន​បន្ត​ថា ភ្ញៀវ​ទេសចរ​បរទេស គឺ​ពួក​គេ​ស្គាល់​សៀមរាប ស្គាល់​អង្គរ រួច​ហើយ តែ​កម្មវិធី​សង្ក្រាន្ត​នៅ​សៀមរាប ពួក​គេ​អាច​ចន្លោះ​ប្រហោង ដូច្នេះ​បើ​យើង​ឃោសនា​បន្ថែម វា​អាច​ជា​ផលិតផល​មួយ​ថ្មី​ដែល​គេ​ដឹង​ថា យើង​ក៏​មាន​ដែរ ។

មក​ដល់​ពេល​នេះ គ្រាន់តែ​ប្រាសាទបុរាណ ជា​ពិសេស គឺ​ប្រាសាទ​អង្គរ ប្រាសាទបាយ័ន អង្គរធំ​ជាដើម គឺ​កម្ពុជា​អាច​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​បរទេស សរុប​ជិត ៤​សែន​នាក់ ជាមួយនឹង​កំណើន​កើនឡើង​១៤,៦​ភាគរយ ជាមួយនឹង​ចំណូល​ទិញ​សំបុត្រ​ទៅ​កាន់​ប្រាសាទ​ទាំងនោះ​បាន​ជិត ១៩​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជា​១៣,២​ភាគរយ ដូច្នេះ​ប្រសិនបើ​ពួក​គេ​មក​ពេល​ចូល​ឆ្នាំ ក្រៅពី​បាន​លេង​នៅ​ប្រាសាទបុរាណ​ហើយ និង​ភ្ញៀវ​ទេសចរ​បាន​សប្បាយ​នឹង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​មួយ​បន្ថែម​ទៀត ពួក​គេ​អាច​ចាប់អារម្មណ៍​ច្រើន​ពី​កម្ពុជា ។

តាម​សេចក្តីរាយការណ៍​របស់​សា​ព័ត៌មាន​ថៃ​ខាងលើ​បាន​ឲ្យ​ដឹង​បន្ត​ថា វិស័យ​ទេសចរណ៍​របស់​ថៃ កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​សក្តានុពល​នៃ​ភ្ញៀវ​ទេសចរ​ចិន ជា​ពិសេស​ក្នុងអំឡុងពេល​ពិធីបុណ្យ សង្ក្រាន្ត​ខាង​មុខ​នេះ ក្រោយ​ការ​រញ្ជួយ​ដី​ដែល​ធ្វើ​ឲ្យ​អគារ​មួយ​កន្លែង​កំពុង​សាងសង់​បាក់​រលំ ហើយ​អគារ​ជា​ច្រើន​ញ័រ​រញ្ជួយ​ប្រេះស្រាំ ខូចខាត​នូវ​រចនាសម្ព័ន្ធ​សំណង់ ។
ក្រុម​មន្ត្រី​បាន​រាយការណ៍​ពី​ការ​កើនឡើង​នៃ​ការ​លុប​ចោលការ​កក់​សណ្ឋាគារ និង​ការ​ផ្លាស់​ប្តូរ​គោលដៅ​នៃ​ការ​ធ្វើ​ដំណើរ ដោយ​អ្នកទេសចរ​មួយ​ចំនួន​បាន​ភៀសខ្លួន​ចេញពី​ទីក្រុង​បាងកក​ទៅ​កាន់​គោលដៅ​ឆ្នេរ​ដូច​ជា​ប៉ា​តា​យ៉ា ។

លោក ស៊ូ​សា​វង្ស ធៀន​ថុ​ង (Sorawong Thienthong )​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​បាន​កោះ​ប្រជុំ​បន្ទាន់​មួយ កាលពី​ថ្ងៃ​ច័ន្ទ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​សំខាន់​ៗ រួម​ទាំង​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ និង​សមាគម​ភ្នាក់ងារទេសចរណ៍​ថៃ ដើម្បី​ដោះស្រាយ​កង្វល់​ដែល​កំពុង​កើនឡើង​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ត្រឹម​រយៈពេល​២​ថ្ងៃក្រោយ​រង​គ្រោះ​រញ្ជួយ​ដី​កក្រើក​ទីក្រុង​បាងកក ការ​លុប​ចោលការ​កក់​បន្ទប់​សណ្ឋាគារ​នៅ​បាងកក​កើតឡើង​ដល់​ជាង​១០០០​ករណី ហើយ​អ្វី​ដែល​រឹតតែ​ព្រួយបារម្ភ​ទៀត​នោះ គឺ​សញ្ញា​នៃ​ការ​លុប​ចោល​ជើងហោះហើរ ។

លោក អា​ឌិ​ត ឆៃ​រ៉ា​តា​ណា​នុ​ន (Adith Chairattananon) អគ្គលេខាធិការ​ទីភ្នាក់ងារ​ធ្វើ​ដំណើរ​ថៃ បាន​លើក​ឡើង​ថា ការ​ទប់ស្កាត់​ការ​ភ័យ​ស្លន់ស្លោ​ជា​សាធារណៈ​បង្ហាញ​ពី​ផល​ប៉ះពាល់​ដ៏​អាក្រក់​នៃ​ការ​ជម្លៀស​ដោយ​ចលាចល​មក​លើ​មុខមាត់​អន្តរជាតិ​របស់​ប្រទេស​ថៃ​។
លោក​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​៣០​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​តាម​ប្រតិបត្តិ​ករ​ទេសចរណ៍​ពី​៨.០០០​នាក់​មក​៦.០០០​នាក់​ជា​រៀងរាល់ថ្ងៃ​។

ការ​ព្រួយបារម្ភ​ដ៏​សំខាន់​មួយ គឺ​សក្តានុពល​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ចិន​ធ្លាក់​ចុះ ២០% ក្នុងអំឡុងពេល​កម្មវិធី​សង្ក្រាន្ត បើ​ធៀប​នឹង​ឆ្នាំ​មុន ។

លោក​បាន​បន្ត​ថា តាម​ការ​ស្ទង់​មតិ​របស់​សមាគម​បាន​បង្ហាញ​ថា ៣០​ភាគរយ​នៃ​អ្នកឆ្លើយ​តប​បាន​បង្ហាញ​ពី​អារម្មណ៍​អវិជ្ជមាន​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ដោយ​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​កន្លែង​ស្នាក់ ហើយ​៦៥,៨%​ថា ពួក​គេ​រង់ចាំ ស្រប​ពេល​ដែល​អាជ្ញាធរ​ទេសចរណ៍​ចិនតៃវ៉ាន់​បាន​អនុញ្ញាត​ឱ្យ​អ្នកទេសចរ​លុប​ចោលការ​កក់​សំបុត្រ​ដោយ​គ្មាន​ការ​ពិន័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ