វាមើលទៅប្រៀបដូចជា ឈុតឆាកវីដេអូមួយ នៅពេលដែកចោរដកកាំភ្លើ.ងភ្ជង់ម្ចាស់ឡានកំពុងបើកបរលើផ្លូវល្បឿលឿនដោយធ្វើអោយផ្អើលមនុស្សមើលវីដេអូនេះ តាមបណ្តាញសង្គម ។ ករណីនេះនឹងក្លាយជាឧទាហរណ៍មួយ ដើម្បីពង្រឹងបន្ថែមប្រព័ន្ធសុវត្ថិភាពនៅលើផ្លូវល្បឿនលឿនដែលមានប្រវែងប្រមាណជា១៨៧គីឡូម៉ែត្រ ដើម្បីលើកកម្ពស់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ផ្សេងៗ ជាពិសេស…
វាមើលទៅប្រៀបដូចជា ឈុតឆាកវីដេអូមួយ នៅពេលដែកចោរដកកាំភ្លើ.ងភ្ជង់ម្ចាស់ឡានកំពុងបើកបរលើផ្លូវល្បឿលឿនដោយធ្វើអោយផ្អើលមនុស្សមើលវីដេអូនេះ តាមបណ្តាញសង្គម ។
ករណីនេះនឹងក្លាយជាឧទាហរណ៍មួយ ដើម្បីពង្រឹងបន្ថែមប្រព័ន្ធសុវត្ថិភាពនៅលើផ្លូវល្បឿនលឿនដែលមានប្រវែងប្រមាណជា១៨៧គីឡូម៉ែត្រ ដើម្បីលើកកម្ពស់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គឺករណីឧក្រិ.ដ្ឋកម្ម និងករណីបើកបរលើសល្បឿនកំណត់ដែលជាគ្រោះថ្នាក់ដ៏ចម្បងនៅលើកំណាត់ផ្លូវនោះ ។

ករណីដែលបានកើតមានឡើងថ្មីៗ នៅចុងខែមីនា ឆ្នាំ២០២៥ នៅលើផ្លូវនេះហើយត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម គឺជាឧទាហរណ៍មួយ ។ ក្រៅពីនោះក៏នៅមានករណីបើកបរហួសល្បឿនកំណត់បង្កគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់នាពេលកន្លងមក ។
តាមរយៈបណ្តាញសង្គមមនុស្សម្នា ដែលបានឃើញហេតុការណ៍ដែលបុរសម្នាក់ប្រដាប់ដោយអាវុធខ្លីឡើងតោងរថយន្តហើយធ្វើសកម្មភាពបង្ខំឲ្យអ្នកបើកបរចុះចេញពីរថយន្ត គឺត្រូវបានថតស្តែងៗនៅតែបន្តបន្លាចអារម្មណ៍របស់ពលរដ្ឋ ទោះបីជាមកដល់ពេលនេះសមត្ថកិច្ចជំនាញបានកំពុងតែធ្វើសកម្មភាពតាមប្រមាញ់ជនសង្ស័យក៏ដោយចុះ ។

សំណាងណាស់ ដែលករណីនេះមិនមាននរណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិត ក្រៅពីការភ័យរន្ធត់នៅពេលដែលក្រុមគ្រួសារជួបជុំគ្នាប្រុងទៅគោលដៅមួយ ដើម្បីការសប្បាយរីករាយនៅក្នុងគ្រួសារបែរជាមកជួបហេតុការណ៍ដ៏អាក្រក់ហួសពីការរំពឹងទុកបែបនេះ ។
ទាក់ទងនឹងហេតុការណ៍នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះបានចេញសេចក្ដីបំភ្លឺបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មានភ្លាមៗរួចហើយ ។

ប្រភពដដែលបានបញ្ជាក់ថា ករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជ.ង់រថយន្តអ្នកធ្វើដំណើរនៅចំណុចផ្លូវល្បឿនលឿន គឺជាករណីឆ.ក់ទេ មិនមែនប្លន់រថយន្ដឡើយ ។ សមត្ថកិច្ចឱ្យដឹងថា មុខសញ្ញាសង្ស័យមានចំនួន២នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូនៅចំណុចផ្លូវជាតិលេខ៤ឯណោះទេ ។
ប្រភពដដែលបានបន្តថា ក្រោយពេលដែលធ្វើសកម្មភាព សមត្ថកិច្ចបានប្រតិកម្មបញ្ហានេះភ្លាម ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនបានជនសង្ស័យ១នាក់ ប៉ុន្ដែក្នុងកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជង់រថយន្តជនរងគ្រោះក្នុងបំណងយករថយន្ដជិះគេចខ្លួនដែលនេះមិនមែនជាករណីប្លន់ទេ ។

ក្រោយភ្ជង់យករថយន្ដនៅលើផ្លូវល្បឿនលឿនបានហើយ ជនសង្ស័យបន្ដបើកគេចខ្លួន ហើយសមត្ថកិច្ច បានដេញតាម និងចេញពួនស្ទាក់ ដើម្បីតាមចាប់ជនសង្ស័យដែលភ្ជង់យករថយន្តរូបនេះ ។ ក្រោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងដេញតាមជនសង្ស័យក៏បានបើករថយន្តយកទៅប្លុងចោលនៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជង់អ្នកបើករថយន្តលុចស៊ីស ពណ៌ខ្មៅមួយគ្រឿងទៀត ដោយបង្ខំឱ្យជនរងគ្រោះបើកជូន ដើម្បីគេចខ្លួនពីសមត្ថកិច្ចបន្ដរហូតបើកចូលទឹកដីខណ្ឌកំបូល ក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ ហើយជនល្មើសចុះពីរថយន្តរត់គេចខ្លួនតែម្តង ។ ពេលនេះ កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចនោះ ។
តាមការដាមដានសាច់រឿងករណីនេះ គឺសាហាវ ហើយមានរូបភាពដូចជា នៅក្នុងវីដេអូដែរ ។ ចុះពីមួយទៅមួយ ដូច្នេះសង្ឃឹមថា សមត្ថកិច្ចអាចនឹងតាមប្រមាញ់ជនសង្ស័យករណីនេះបានសម្រេច ដើម្បីបញ្ចប់អ្នកដែលហ៊ានបង្កបាតុភាពអសកម្មបែបនេះ មកលើសង្គម តែបែរមកបញ្ហាសុវត្ថិភាពនៅលើផ្លូវល្បឿនលឿនវិញ ស្ថាប័នពាក់ព័ន្ធគួរតែពង្រឹងនេះបន្ថែម ។

យើងទទួលស្គាល់ថា ប្រព័ន្ធឆ្លើយតបនៅលើផ្លូវល្បឿនលឿន នៅពេលបច្ចុប្បន្ននេះ គឺមានហើយ ប៉ុន្តែគួរតែលៃលកបន្ថែម ដើម្បីឆ្លើយតប និងជាការបង្ការករណីបែបនេះកើតឡើងជាថ្មី ហើយនៅក្នុងគោលបំណង កសាងនូវភាពកក់ក្តៅជូនពលរដ្ឋ ។ ចំណុចមួយទៀតក្រៅពីបញ្ហាសន្តិសុខហើយនោះបញ្ហាមួយទៀត ដែលគួរតែយកចិត្តទុកដាក់ដែរនោះ គឺប្រព័ន្ធកំណត់ល្បឿន ។
នៅលើកំណាត់ផ្លូវល្បឿនលឿននេះ ល្បឿនដែលអាចអនុញ្ញាតឲ្យបើកបរដូចជា ត្រឹមតែ ១២០គីឡូម៉ែត្រ នៅក្នុងមួយម៉ោងទេ ប៉ុន្តែនៅពេលនេះ មានរថយន្តជាច្រើនដែលបើកបរលើសល្បឿនកំណត់នេះ ហើយមានអ្នកបើករខ្លះទៀតហ៊ានបើករហូតដល់ល្បឿន១៥០ទៅ ១៨០ គីឡូម៉ែត្រ នៅក្នុងមួយម៉ោង ដែលជាល្បឿនអតិប្បរមាលឿនបំផុត ។
ដោយសារតែបច្ច័យនេះហើយ ទើបនៅលើកផ្លូវនេះឧស្សាហ៍កើតមានករណីគ្រោះថ្នាក់ចរាចរណ៍បំផុតមួយដែលជាបញ្ហាគួរតែយកចិត្តទុកដាក់ ។ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធគួររឹតបន្តឹងឡើងវិញលើករណីនេះ បើមិនដូច្នេះទេកំណើននៃគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវនេះពិតជាគួរឲ្យបារម្ភ ។

ជាទូទៅ ល្បឿនត្រឹម១២០ គីឡូម៉ែត្រ នៅលើផ្លូវនេះ គឺសក្តិសម និងធានារសុវត្ថិភាពបំផុត ពីព្រោះវាមិនលឿនពេកហើយក៏មិនយឺតពេក ។ សម្រាប់អ្នកបើកបរនៅក្នុងល្បឿននេះ ប្រសិនបើគោរពបានហើយរក្សាគម្លាតរថយន្តពីមួយទៅមួយបាន គឺអាចរក្សាលំនឹងរថយន្តបាននៅពេលដែលមានឧបសគ្គនៅខាងមុខ ប៉ុន្តែប្រសិនបើលើសនេះឲ្យតែជួបឧបសគ្គ វាមានតែគ្រោះថ្នាក់ ។
សរុបទៅ ដើម្បីរក្សាសក្តានុពលនៃកំណាត់ផ្លូវល្បឿនលឿន កាត់បន្ថយគ្រោះថ្នាក់ និងបញ្ហាសន្តិសុខ និងអសុវត្ថិភាពផ្សេងៗប្រព័ន្ធសន្តិសុខគួរតែពង្រឹងបន្ថែមទៀត ។ ការពង្រឹងសន្តិសុខ និងសុវត្ថិភាពនឹងផ្តល់ទំនុកចិត្តជូនពលរដ្ឋ ហើយក៏ជាហេតុផលកាត់បន្ថយអត្រាគ្រោះថ្នាក់នៅលើកំណាត់ផ្លូវ នេះផងដែរ ៕
ចែករំលែកព័តមាននេះ