រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះចាត់វិធានការចំពោះអាជីវករលក់ដូរលើចិញ្ចើមផ្លូវ យ៉ាងអនាធិបតេយ្យ ដែលធ្វើអោយសណ្តាប់ធ្នាប់សារធារណៈបាត់បង់ ។
ការចុះចាត់វិធានការអាជីវករនេះដែរ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌបានឱ្យដឹងថាកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌបានចុះណែនាំនិងចែកលិខិតជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងអាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ ។
លោក អភិបាលរងបានបន្តទៀតថា អាជីវករភាគច្រើនគោរព និងអនុវត្តតាមការណែនាំ ជាមួយគ្នានេះក៏នៅមានអាជីវករមួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពានដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាពនិងបង្កការកកស្ទះចរាចរណ៍ ។
ជាចុងក្រោយលោកអភិបាលរងខណ្ឌបានបន្ត សំណូមពរដល់អាជីករទាំងអស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ សូមកុំដាក់តាំងលក់ទំនិញ ឬសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីអោយយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ និងមានការងាយស្រួល សម្រាប់ផ្លូវថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋ ៕




ចែករំលែកព័តមាននេះ