ប្រទេសថៃ ៖ ធនាគារកណ្តាលថៃជឿថា ការរញ្ជួយដីកាលពីថ្មីៗនេះ នឹងធ្វើឱ្យកាន់តែយឺតយ៉ាវដល់ការស្ទុះងើបឡើងវិញនៃវិស័យអចលនទ្រព្យ ដែលកំពុងតែមានភាពយឺតយ៉ាវស្រាប់បន្ថែមទៀត ក៏ដូចជាប៉ះពាល់ដល់ការមកដល់របស់ភ្ញៀវទេសចរបរទេស។
បើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយតម្លៃដំបូងរបស់ធនាគារកណ្តាលបានរកឃើញថា សោកនាដកម្មគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នឹងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចក្នុងវិស័យសំខាន់ៗចំនួន ៣ ដូចជា អចលនទ្រព្យ ទេសចរណ៍ និងការប្រើប្រាស់នៅក្នុងស្រុក។ ជំនួយការទេសាភិបាលសម្រាប់គោលនយោបាយរូបិយវត្ថុធនាគារកណ្តាលថៃ លោក Sakkapop Panyanukul ថ្លែងថា ដោយសារតែគ្រោះមហន្តរាយនេះ ធនាគារកណ្តាលថៃរំពឹងថា ការជួល និងការទិញគម្រោងខុនដូខ្ពស់ៗនឹងធ្លាក់ចុះ ចំពេលដែលការស្ទុះងើបឡើងវិញនៃវិស័យអចលនទ្រព្យកំពុងយឺតយ៉ាវស្រាប់។
ទាក់ទងនឹងវិស័យទេសចរណ៍ លោកថា ការផ្សាយរបស់បណ្តាប្រព័ន្ធផ្សព្វផ្សាយអំពីការរញ្ជួយដីអាចប៉ះពាល់ដល់ទំនុកចិត្តអ្នកទេសចរបរទេសក្នុងការធ្វើដំណើរមកប្រទេសថៃ។ ធនាគារកណ្តាលរំពឹងថា អ្នកដំណើរអន្តរជាតិមួយចំនួននឹងពន្យារពេល ឬលុបចោលការធ្វើដំណើររបស់ពួកគេតែម្តង។
ទោះជាយ៉ាងណាក៏ដោយ អត្រានៃការលុបចោល និងការពន្យារពេល ត្រូវបានរំពឹងថានឹងមានតិចតួច ព្រោះការតក់ស្លុតត្រឹមរយៈពេលខ្លី ដោយលោកបានកត់សម្គាល់ថា ផ្អែកលើគ្រោះមហន្តរាយកន្លងមកនៅប្រទេសថៃ ជាទូទៅអ្នកដំណើរបរទេសបានត្រលប់មកវិញក្នុងរយៈពេលដ៏ខ្លី។ ទោះជាយ៉ាងណា ល្បឿននៃការងើបឡើងវិញនឹងអាស្រ័យលើថា តើភាគីពាក់ព័ន្ធទាំងអស់ធ្វើការបានល្អប៉ុនណា ដើម្បីស្ដារទំនុកចិត្តភ្ញៀវទេសចរបរទេស។
លើសពីនេះ គ្រោះមហន្តរាយត្រូវបានរំពឹងថានឹងប៉ះពាល់ដល់ការប្រើប្រាស់ក្នុងស្រុក ដោយសារអ្នកស្រុកដែលរងផលប៉ះពាល់ អាចផ្តល់អាទិភាពលើការចំណាយជាចម្បងលើការជួសជុលផ្ទះសម្បែងរបស់ពួកគេ ដែលអាចឈានដល់ការកាត់បន្ថយការចំណាយសរុប។ ទោះជាយ៉ាងណាក៏ដោយ ការទាមទារធានារ៉ាប់រង ជំនួយរបស់រដ្ឋាភិបាល និងជំនួយពីស្ថាប័នហិរញ្ញវត្ថុត្រូវបានរំពឹងថានឹងជួយសម្រាលបន្ទុកនេះ។
ទន្ទឹមជាមួយគ្នានោះ ធនាគារកណ្តាលថៃបានស្នើសុំទិន្នន័យ រួមទាំងផលប៉ះពាល់សេដ្ឋកិច្ចដោយផ្ទាល់ ព្រមទាំងការឆ្លើយតបពីបណ្តាអាជីវកម្ម និងគ្រួសារនៅក្នុងប្រទេសថៃ ដើម្បីវាយតម្លៃផលប៉ះពាល់ជារួម៕ ប្រភព ៖ Bangkok Post

ចែករំលែកព័តមាននេះ