រាជធានីភ្នំពេញ ៖ ព័ត៌មានក្លែងក្លាយបានបង្កហានិភ័យធ្ងន់ធ្ងរដល់សង្គមជាតិ បង្កជាជម្លោះ អំពើហិ.ង្សា ការរើសអើង ការស្អប់ខ្ពើមជាតិសាសន៍ ហើយព័ត៌មានក្លែងក្លាយធ្វើឱ្យមានការប្រកាន់បក្ខពួក ភាពភ័យខ្លាច អសណ្តាប់ធ្នាប់សង្គម និងនយោបាយ បំផ្លាញសន្តិភាព ដែលបន្ទុចបង្អាក់ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងប៉ះពាល់ ដល់ទំនាក់ទំនងការទូតផងដែរ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាននៅ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ដថា ការផលិត ឬចែកចាយព័ត៌មានក្លែងក្លាយ គឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយយើងរួមគ្នា ដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ថា ៖ “ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បានតាមដានជាប្រចាំទៅលើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយនៅឆ្នាំ២០២៣ បានកត់សម្គាល់ឃើញថា មានព័ត៌មានក្លែងក្លាយ មានចំនួន ៣,២០៨ ហើយនៅឆ្នាំ២០២៤ កន្លងទៅនេះ មានព័ត៌មានក្លែងក្លាយចំនួន ៣,៦៥១ គឺមានកំណើនកើនឡើង ១៤% នៃព័ត៌មានក្លែងក្លាយ” ។
ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ ដែលក្រុមការងារបានកត់សម្គាល់នៅក្នុងរបាយការណ៍ប្រចាំថ្ងៃ គឺមិនបានធ្វើទូទៅគ្រប់វិស័យទាំងអស់នោះទេ តែផ្តោតលើវិស័យសំខាន់ៗ ទាក់ទងជាមួយសន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធការដឹកនាំរបស់រាជរដ្ឋាភិបាល និងទាក់ទងបញ្ហាសំខាន់ជាច្រើនទៀត ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនផងដែរថា ប្រភេទព័ត៌មានក្លែងក្លាយមានបីប្រភេទ ៖
១. ព័ត៌មានក្លែងបន្លំ (Disinformation) ប្រភេទព័ត៌មានមិនពិតដែលបានបង្កើតឡើង ហើយយកទៅធ្វើការផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ ។
២. ព័ត៌មានបំភ្លៃ (Malinformation) ប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ ។
៣.ព័ត៌មានភាន់ច្រឡំ (Misinformation)ប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានបញ្ជាក់ឱ្យដឹងដែរថា ចំណុចសំខាន់ៗត្រូវធ្វើក្នុងករណីសង្ស័យថាជា ព័ត៌មានក្លែងក្លាយ គឺត្រូវពិនិត្យមើលប្រភពព័ត៌មាន មើលកាលបរិច្ឆេទ មើលអត្តសញ្ញាណ ស្ថាប័ន ឬគណនីដែលផ្សព្វផ្សាយព័ត៌មាននោះ ហើយក៏ត្រូវពិនិត្យមើលថា តើមានសារព័ត៌មានវិជ្ជាជីវៈដទៃ ទៀតចុះផ្សាយដែរឬទេ។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ការណ៍ដែលក្រសួងព័ត៌មាន បើកយុទ្ធនាការរ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នេះឡើងនៅក្នុងគោលបំណងដើម្បីកាត់បន្ថយឱ្យនៅកម្រិតតិចបំផុត ហើយឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហរព័ត៌មាននៅក្នុងសង្គមកម្ពុជា សំដៅធានាឱ្យបាននូវសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មាន ផ្តោតទៅលើគោលសំខាន់បី ទី១.ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ ទី៣ គឺសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដែលកិច្ចការងារនេះគឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថេរភាពសង្គម ៕

ចែករំលែកព័តមាននេះ